ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងសាធារណការ ពិភាក្សាការងារ ជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី

124

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng ដែលទើបទទួល ការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវឯកអគ្គរដ្ឋ ដែលទើបទទួលបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណា ចក្រកម្ពុជា និងបានគូសបញ្ជាក់ថា៖ បេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតគឺពិតជាមានសារៈ សំខាន់ខ្លាំងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-សិង្ហបុរីឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា បាន បង្ហាញបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ រវាងប្រទេសទំាងពីរសិង្ហបុរី-កម្ពុជាឱ្យកាន់តែរឹងមាំ ឡើងថែមទៀត តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត និងប្រតិភូអំពី ការប្រើប្រាស់ដោយជោគជ័យនូវប្រព័ន្ធជាតិស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ជាដើម។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពជូនលោកជំទាវអំពីការសម្រេចជ្រើសរើសក្រុម ហ៊ុនYCH និងInfrastructure Asia (IA) របស់សាធារណរដ្ឋសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និង អភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងភារកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌនេះ (Framework Agreement – FA) ជាមួយក្រុមហ៊ុនYCH និងក្រុមហ៊ុន IA។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍នៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម ភ្នំពេញនេះថាជាគម្រោងយុទ្ធសាស្រ្តមួយ មានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពី បណ្តាញផ្លូវជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីក្នុងការចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស និងអាចបម្រើជាមណ្ឌល ដឹកជញ្ជូន និងភស្តុភារកម្មក្នុងតំបន់ផងដែរ ដោយហេតុថាកម្ពុជាមានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាល ប្រទេសមហាអនុតំបន់ទន្លេមេគង្គ៕

អត្ថបទដែលជាប់ទាក់ទង