ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងនគរបាលជាតិ បានបំពេញតួនាទី ជាស្នូលយ៉ាងរឹងមាំក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

546

ភ្នំពេញ ៖ ក្នុង​ឱកាសទិវា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧៦​ ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា កងកម្លាំងនគរបាលជាតិ បានបំពេញតួនាទីជាស្នូលយ៉ាងរឹងមាំក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបានចូលរួមគ្រប់សកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ និងមហន្តរាយនានាប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ជាពិសេសការចូលរួមចំណែក យ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយភាពអង់អាចក្លាហាន។

ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឫក្ស ដែលកងកម្លាំងនគរបាលជាតិចូលរួមអបអរសាទរយ៉ាងក្លៀវក្លាប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ និងជាថ្ងៃនៃការឧទ្ទិសដល់គុណូបការៈដ៏ឧត្ដុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបង្កើតអង្គប្រតិបត្តិច្បាប់ ដើម្បីរក្សាស្ថិរភាព សន្តិសុខ សុវត្ថិភាពសង្គម និងអាយុជីវិតប្រជាពលរដ្ឋ។

ទិវាប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រនេះ ក៏ជាឱកាសនៃការរំឭកនូវការចងចាំអំពីប្រវត្តិ សកម្មភាពពីអតីតកាលនៃបុព្វបុរស និងរៀមច្បង រួមទាំងនិវត្តន៍ជននគរបាលជាតិគ្រប់ជំនាន់ ដែលបាន លះបង់នូវពេលវេលា ធ្វើពលិកម្មសព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិត ដោយមិនគិតអំពី សេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន តស៊ូពុះពារឧបសគ្គជាច្រើនរាប់មិនអស់ ឆ្លងកាត់និន្នាការប្រែប្រួល គ្រប់សម័យកាល ដោយបានកសាងសមិទ្ធផលស្នាដៃ និងបន្សល់ទុកនូវបទពិសោធន៍ល្អៗជាច្រើន សម្រាប់ នគរបាលជំនាន់ក្រោយបន្តអនុវត្ត និងរៀនសូត្រយកជាគំរូ ដើម្បីពង្រឹង និងអភិវឌ្ឍន៍អង្គប្រតិបត្តិច្បាប់ដ៏ សំខាន់នេះ។ យើងខ្ញុំសូមសម្ដែងនូវវន្ទនកិច្ចចំពោះពលិកម្ម និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរស រៀមច្បង នគរបាលជាតិគ្រប់រូប និងចងចាំទុកក្នុងក្រអៅបេះដូងជាប់ជានិច្ច។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយសេចក្ដីនឹករឭក ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះកងកម្លាំង នគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុសន្តិសុខជាតិ និងសូម ផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌល សុខភាព ឬតាមគេហដ្ឋាន សូមបានជាសះស្បើយពីជំងឺគ្រប់ប្រភេទនាពេលឆាប់ៗខាងមុខនេះ។ ចំណែក បងប្អូនដែលកំពុងតែព្យាបាលជំងឺកូវីដ-១៩ ឬកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ មណ្ឌលព្យាបាល ឬនៅគេហដ្ឋាន នាយឧត្តមសេនីយ៍សូមបន់ស្រន់ឲ្យបងប្អូនឆាប់ជាសះស្បើយ ឆ្លងផុតពីគ្រោះភ័យនៃជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។ ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដោយក្តីគោរពចំពោះគ្រួសារ ញាតិសន្ដានរបស់មន្ត្រីនគរបាលដែលបានពលី ឬទទួលមរណភាពក្នុងបេសកកម្ម និងដោយប្រការផ្សេងៗ រួមទាំងដោយសារជំងឺកូវីដ-១៩ ផងដែរ។

រយៈពេលពេញ ០១ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិគ្រប់ជំនាញ បានតស៊ូពុះពារសម្រេចនូវស្នាដៃធំៗជាច្រើន ក្នុងកិច្ចសហការថែរក្សា ការពារសុខសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយបានធ្វើពលិកម្មសព្វបែបយ៉ាង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយបានចាត់វិធានការបន្សាបឥទ្ធិពលនៃឧបាយកលទុច្ចរិតរបស់ពួកឧទ្ទាមឲ្យបរាជ័យជាបន្តបន្ទាប់។ កងកម្លាំងនគរបាលជាតិ បានបំពេញតួនាទីជាស្នូលយ៉ាងរឹងមាំក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបានចូលរួមគ្រប់សកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ និងមហន្តរាយនានាប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ជាពិសេសការចូលរួមចំណែក យ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយភាពអង់អាចក្លាហានគួរឲ្យគោរពកោត សរសើរ។ ស្នាដៃលេចធ្លោដែលបានឆ្លុះបញ្ចាំងអំពីសមត្ថភាព កិត្តិយស និងកិត្យានុភាពជាតិនោះ គឺការធានា សុវត្ថិភាពទាំងស្រុងនូវព្រឹត្តិការណ៍ជាតិ-អន្តរជាតិ គោលដៅនយោបាយ ការទូត វប្បធម៌ វិនិយោគ ទេសចរណ៍ ព្រមទាំងបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ ស្របពេលដែលប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ទទួលបានលទ្ធផលខ្ពស់រហូត ដល់ ៩០% ធៀបទៅនឹងបទល្មើសដែលបានកើតឡើង។ ក្រៅពីនេះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ យុទ្ធនាការការពារធនធានធម្មជាតិ ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ និងល្បែងស៊ីសង គ្រប់ប្រភេទត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្ម ព្រមទាំងទទួលបានការសាទរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ និងប្រជាជនកម្ពុជា។ កងកម្លាំងនគរបាលជាតិ ក៏បានបំពេញមុខងារយ៉ាងសំខាន់ក្នុងនាមជាសេវាករ និងជា ចលករក្នុងការអនុវត្តគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” ដោយបានកែប្រែអាកប្បកិរិយា ឥរិយាបថធ្វើការងារជាមួយប្រជាពលរដ្ឋ ប្រកបដោយវិន័យ សីលធម៌ គុណធម៌ មនសិការវិជ្ជាជីវៈ និងភាព ស្និទ្ធស្នាល។

ថ្វីត្បិតតែមាតុភូមិរបស់យើងបានទទួលនូវសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅក្នុងភាព កក់ក្ដៅ សុខសាន្ត សម្បូរសប្បាយយ៉ាងណាក្តី ប៉ុន្តែការធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន ដើម្បីឲ្យការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តភាព មានសេដ្ឋកិច្ចខ្លាំងក្លា កាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋកាន់តែមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។

អគ្គស្នងការនគរបាលជាតិ សូមគាំទ្រលើកទឹកចិត្ត និងសំណូមពរដល់កងកម្លាំង នគរបាលជាតិគ្រប់ផែនជំនាញ បន្តនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ ប្ដេជ្ញារក្សាសុខ សន្តិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលស្របច្បាប់ ពិសេសសូមបងប្អូនជាកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ រក្សាឲ្យបាននូវ សីលធម៌ វិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅឲ្យស្របតាមគន្លងថ្មី ព្រមទាំងអប់រំណែនាំដល់ក្រុមគ្រួសារអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ “ ៣ ការពារ ៣កុំ ” របស់រាជរដ្ឋាភិបាល ដើម្បីធ្វើជាគំរូដល់ ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ អាយុជីវិត មនុស្ស និងសង្គមជាតិ។ ទន្ទឹមនេះក៏សូមបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រប់លំដាប់ថ្នាក់ អនុវត្តបទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាលឲ្យ មានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបតាមគោលបំណង និងសំណូមពរនៃប្រតិបត្តិការទប់ស្កាត់ការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង