ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម

99

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន បង្ក្រាបករណី ជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក (ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនមេក្លោង ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល ផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

បានបន្តការស៊ើបអង្កេតតាមជំនាញ លើករណី ជួញដូរគ្រឿងញៀន ឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការ បង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង០៥នាទី កម្លាំងជំនាញរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ចូលរួមសហការ ពីកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំ សម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋាន ជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០២នាក់: ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។ ២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន ដោយចាប់ យកវត្ថុតាង 1. សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 52 kg 768.50g ។ 2. ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g ។ 3. មេតំហ្វេតាមីន(ICE) 11.79 g ចាប់យកវត្ថុតាង គ្រឿងញៀន សរុប 70 kg 072.88 g។

សូមបញ្ជាក់ថា ជនល្មើសទាំង២នាក់ បានឆ្លងកាត់ការ យកសំណាកធ្វើRapid Test រកជម្ងឺកូវីដមាន លទ្ធផល” អវិជ្ជមាន” ។ សមត្ថកិច្ចបានបន្តសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន និងបើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង