ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដំឡើងពន្ធថ្នាំជក់ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយ ចំនួនអ្នកស្លាប់ ពិការ និងឈឺ

466

 

ភ្នំពេញ ៖ ជាការឆ្លើយតបទៅនឹងការយាយីជាសកល នៃការផ្ទុះឡើងជំងឺកូវីដ១៩ និងក្រោមហេតុផលថា អ្នកជក់បារីរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាងអ្នកមិនជក់បារី ប្រសិនបើឆ្លងជំងឺកូវីដ១៩ អង្គការសុខភាពពិភពលោក បានកំណត់យក “ការផ្ដាច់បារី” ជាប្រធានបទសម្រាប់ ទិវាពិភពលោក គ្មានថ្នាំជក់ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបានចេញផ្សាយព័ត៌មាន នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា វិធានការដែលមានប្រសិទ្ធខ្ពស់ក្នុងការ ជួយគាំទ្រអោយប្រជាពលរដ្ឋអាចផ្ដាច់បារីបានជោគជ័យ គឺការដំឡើងពន្ធថ្នាំជក់។ នៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់តិចជាងមុន ឬ ផ្ដាច់បារីទាំងស្រុង ដែលនាំទៅរក ការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការដំឡើងពន្ធថ្នាំជក់ ធ្វើឲ្យរាជរដ្ឋាភិបាល ទទួលបានចំណូលពន្ធបន្ថែម សម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺ ជាពិសេស ការទប់ស្កាត់ និងការព្យាបាលជំងឺកូវីដ១៩។

មានមតិបំភ័ន្តមួយចំនួន បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់ឱកាសការងារ ប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឲ្យមានការគេចមិនបង់ពន្ធ។ ប៉ុន្តែប្រទេសជាច្រើន ដែលបានដំឡើងពន្ធថ្នាំជក់រួចហើយ ក្នុងនោះប្រទេសអាស៊ាន មានហ្វីលីពីន និងថៃ បានបង្ហាញថា បន្ទាប់ពីដំឡើងពន្ធប្រជាពលរដ្ឋជាច្រើន បានផ្ដាច់បារី ហើយរដ្ឋាភិបាល ទទួលបានពន្ធបន្ថែមពីថ្នាំជក់យ៉ាងច្រើន ដែលរដ្ឋាភិបាល អាចប្រើប្រាស់ថវិកាទាំងនោះ ដើម្បីទ្រទ្រង់សកម្មភាព លើកកម្ពស់សុខភាពសាធារណៈបានយ៉ាងច្រើន។

នៅកម្ពុជា ករណីសិក្សាមួយ របស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យ ផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់ រហូតដល់៧៥% នៃតម្លៃបារីលក់រាយ។

ទូទាំងពិភពលោក ថ្នាំជក់ធ្វើឲ្យមនុស្សស្លាប់ ប្រមាណ ៨លាន នាក់រៀងរាល់ឆ្នាំ ដោយសារជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺ ជាច្រើនមុខផ្សេងទៀត ដែលក្នុងនោះ ប្រជាពលរដ្ឋកម្ពុជា មានប្រមាណ ១៥០០០នាក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិកត្រូវបានខាតបង់៕

អត្ថបទដែលជាប់ទាក់ទង