ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វស្លាប៣ប្រភេទ ត្រៀមដោះលែងចូលក្នុងឧទ្យាអង្គរ ក្រោមកិច្ចសហការជាមួយអាជ្ញាធរអប្សរា

317

ភ្នំពេញ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា ក្រមអភិរក្សសត្វព្រៃ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វស្លាប ៣ប្រភេទផ្សេងទៀត សរុបចំនួន១១ក្បាល មកកាន់ព្រៃរមណីយដ្ឋានអង្គរ។ សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក (Peafowl) ចំនួន៥ក្បាល សត្វកេង កងធំ (Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង (Wreathed Hornbill) ចំនួន៣ក្បាល ដែលទទួល បានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ យកមកផ្សាំ នៅក្នុងព្រៃរមណីយ ដ្ឋានអង្គរ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែង សត្វស្លាបទាំងនេះ ចេញពីទ្រុងចូលទៅក្នុងព្រៃនាពេលខាងមុខ។
លោកបានបន្តថា កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃ ជាច្រើនប្រភេទចូល ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ (Pileated gibbon) ចំនួន១១ក្បាល (កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូស (Red mun tjac) ចំនួន៤ក្បាល សត្វស្វាព្រាម (Silvered langu rs) ចំនួន១២ក្បាល សត្វសំពោចក្រអូប (Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង (Smooth-coatedotter)ចំនួន៤ក្បាល (កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ (Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច (Oriental Pied Hornbill) ចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។ មកដល់សព្វថ្ងៃ សត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់ តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាន នៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង