ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បកស្រាយ​បំភ្លឺ​ និង​បដិសេធចំពោះ​ព័ត៌មាន​ «​មាន​បញ្ហារ​ត់ទៅ​ឲ្យ​ប៉ូលិស​ជួយ​ បែរជា​ត្រូវ​ប៉ូ​លី​ស​ចង្អុលមុខ​ និង​ជេរ​ប្រមាថ​ទៅ​វិញ​ »

102

 

​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ របស់​គណនី​ហ្វេ​សបុ​កមួយ​ ដែល​បាន​សរសេរ​ថា​ «​មាន​បញ្ហារ​ត់ទៅ​ឲ្យ​ប៉ូលិស​ជួយ​ បែរជា​ត្រូវ​ប៉ូ​លី​ស​ចង្អុលមុខ​ និង​ជេរ​ប្រមាថ​ទៅ​វិញ​»​ ។​

​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​ គឺ​ក្នុង​គោលបំណង​អាក្រក់​ដើម្បី​បង្ខូច​កិត្តិយស​អង្គភាព​ ក៏​ដូច​ដូច​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មន្ត្រី​ ជា​អ្នក​អនុវត្ត​ច្បាប់​ ។​ តាម​ការ​ពិត​លោកនាយ​ប៉ុស្តិ៍​មិន​បាន​ចង្អុលមុខ​ ឬ​ជេរ​ប្រមាថ​ទៅ​លើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​ ។​

​ដំណើររឿង​ជាក់ស្តែង​ :​ កាលពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៩​និង​៣០​នាទី​ព្រឹក​ មាន​ករណី​ទំនាស់​ពាក្យ​សំដី​រវាង​មេការ​សំណង់​ ដែល​មិន​បើក​ប្រាក់ខែ​ឲ្យ​ទៅ​កម្មករ​ រយៈពេល​ ១៥​ថ្ងៃ​ ហើយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​អញ្ជើញ​ភាគី​ទាំង​សងខាង​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ ។​

​ភាគី​ទី​១-​ឈ្មោះ​ យ៉​ន់​ សឿង​ ភេទ​ប្រុស​ អាយុ​ ៥៧​ឆ្នាំ​ មុខរបរ​មេការ​សំណង់​ មាន​ទីលំនៅ​ភូមិ​សែន​សុខ​២​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ (​ មាន​គ្នា​ចំនួន​០៦​នាក់​ )

​ភាគី​ទី​២-​ឈ្មោះ​ អាន​ សុ​វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ភូមិ​សែន​សុខ​៦​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ (​មាន​គ្នា​ចំនួន​ ០៣​នាក់​ )​ ។​ លុះ​មក​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ ភាគី​ទាំង​សងខាង​ដែល​មាន​មនុស្ស​សរុប​ចំនួន​០៩​នាក់​ មានការ​ឈ្លោះប្រកែក​តឹងសរសៃក​ដាក់​គ្នា​ ។​ ដោយ​ឃើញ​មានការ​បង្ក​បញ្ហា​ ឡូឡា​ខ្លាំង​នៅ​ក្នុង​ប៉ុស្តិ៍​ ក៏​ដូច​ជា​មាន​មនុស្ស​ច្រើន​ពេក​ សមត្ថកិច្ច​បាន​ណែនាំ​ និង​ប្រាប់​ទៅ​ភាគី​ទាំង​សងខាង​ត្រូវ​រក្សា​ការ​ស្ងៀមស្ងាត់​ និង​ត្រូវ​រក្សា​គម្លាត​ដើម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-19​ ហើយ​បាន​ប្រាប់​ថា​ ចំពោះ​អ្នក​មិន​ពាក់ព័ន្ធ​ឲ្យ​ទៅ​រង​ចាំ​នៅ​ខាងក្រៅ​ ទុក​តែ​អ្នក​ពាក់ព័ន្ធ​មក​ធ្វើការ​ដោះស្រាយ​ ដោយ​មន្ត្រី​នគរបាល​មិន​បាន​ប្រើ​ពាក្យ​មើលងាយ​ទៅ​លើ​ភាគី​ណាមួយ​ឡើយ​ ។​

​ដោយ​មានការ​ពន្យល់​ណែនាំ​ និង​ជួយ​សម្របសម្រួល​ពី​មន្ត្រី​នគរបាល​ បច្ចុប្បន្ន​ករណី​ខាងលើ​ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​ចប់​ហើយ​ ដោយ​ភាគី​ទី​១(​មេការ​សំណង់​)​ យល់ព្រម​បើក​លុយ​ចំនួន​ ១៥​ថ្ងៃ​ គិត​ជា​ទឹកប្រាក់​ចំនួន​ ៥៥០,០០០(​ហាសិប​ប្រាំ​ម៉ឺន​)​រៀល​ ឲ្យ​ទៅ​ភាគី​ទី​២(​កម្មករ​សំណង់​)​ ៕

អត្ថបទដែលជាប់ទាក់ទង