ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រើនរំលឹកប្រធានសាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវ ដោះស្រាយសំណុំរឿង ឱ្យបានឆាប់រហ័ស

54

 

ខេត្តកំពត ៖ ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានក្រើនរំលឹកដល់ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវបន្តខិតខំយកចិត្តទុកដាក់ ដោះស្រាយសំណុំរឿងនានា ឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងការកើតឡើងវិញ នូវការកកស្ទះសំណុំរឿងសារជាថ្មី។

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម លាង សំណាត់ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពត ជំនួស ឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរ ទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ យ៉ាងកក់ក្តៅដល់ ឯកឧត្តម លាង សំណាត់ ដែលត្រូវបានតែងតាំង ជាប្រធានថ្មីនៃសាលាដំបូងខេត្តកំពត និង ឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរទៅជាប្រធានថ្មី នៃសាលាដំបូងខេត្តកំពង់ស្ពឺ និងបានផ្តល់ការណែនាំដល់ពួកគាត់ ឱ្យខិតខំយកចិត្តទុកដាក់ ក្នុងការដឹកនាំស្ថាប័នតុលាការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណកោតសរសើរដល់ ឯកឧត្តម អភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងអាជ្ញាធរសមត្ថកិច្ចជំនាញ ទាំងអស់ក្នុងខេត្តទាំងពីរ គឺខេត្តកំពត និងខេត្តកែបតែងតែ បានសហការជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ ពិសេសក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់ សម្រេចលទ្ធផលជោគជ័យ។

តែទោះបីយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូងខេត្តទាំងពីរកំពត កែប ជាពិសេស ឯកឧត្តម លាង សំណាត់ ដែលទើបតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត

នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក្រៅពីជម្រាបជូន អំពីស្ថានភាពភូមិសាស្រ្ត សក្ដានុពល និងសមទ្ធិផល ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកំពត ដែល តែងតែបានយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យការផ្ដល់សេវាយុត្តិធម៌ បម្រើជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបានល្អប្រសើរ ៕

 

អត្ថបទដែលជាប់ទាក់ទង