ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលក្រាបថ្វាយបង្គំគាល់

120

 

ភ្នំពេញ ៖ ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ មុននឹងប្រោស ព្រះរាជទាននូវព្រះរាជសវនាការដ៏វិសេសវិសាលនេះ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងគណៈប្រតិភូ ចូលក្រាប ថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គង់នៅខាងមុខឈាងឥសាន្ត នៃព្រះរាជដំណាក់គន់ធបុប្ផា ក្នុងព្រះបរមរាជវាំង។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ការថ្វាយគ្រឿងសក្ការៈបូជា គោរពចំពោះព្រះបរមរូប ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនេះ គឺជាការសម្តែងនូវសេចក្តីចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ថ្វាយចំពោះ ព្រះមហាករុណាទិគុណដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានបំពេញព្រះរាជបេសសកកម្ម បំរើប្រទេសជាតិមាតុភូមិ និង ប្រជារាស្រ្តកម្ពុជា ទទួលបាននូវឯករាជ្យបូរណភាពទឹកដី ប្រកបដោយសេចក្តីសុខសន្តិភាព ឯកភាពជាតិ ត្រជាក់ត្រជុំ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ តាំងពីសម័យសង្គមរាស្រ្តនិយមរហូតដល់ពេលបច្ចុប្បន្ន។

ក្នុងកម្មវិធីបន្ត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរក្នុងព្រះបរមរាជវាំង ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១៕

អត្ថបទដែលជាប់ទាក់ទង