ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការWCS បានអង្កេត មួយរយៈចុងក្រោយ នៅកម្ពុជា ចំនួនសត្វខ្សឹប បានថយចុះយ៉ាងគំហុក ដោយសារអន្ទាក់ព្រាន

330

 

ភ្នំពេញ៖ អង្គការ WCS បានអង្កេត និងចេញ របាយការណ៏ផ្សាយជាសាធារណៈថា៖ ចំនួនសត្វខ្សឹបនៅកម្ពុជា បានថយចុះយ៉ាងគំហុកក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ បច្ចុប្បន្នសត្វខ្សឹបមានវត្តមានភាគច្រើន នៅក្នុងខេត្តកំពង់ធំ មានតិចតួចនៅក្នុងខេត្តសៀមរាប និងមានតិចតួចបំផុតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិ ដែលមានលាយឡំជាមួយហ្នឹងគុម្ពោតព្រៃដុះរាយប៉ាយ។ ប្រទេសកម្ពុជាបានក្លាយជាទីជម្រកសម្រាប់វត្តមាន នៃអនុប្រភេទ Houbaropsis bengalensis blandini ដែលនៅសេសសល់ នៅលើពិភព លោក។ ការចេញរបាយការណ៏របស់អង្គការ នេះ នៅរសៀលថ្ងៃ៨រោច ជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃព្រហ ស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ។
តាមរយៈរបាយការណ៏នេះដ៏ដែលថា ៖កត្តាគំរាមកំហែងធំៗ ដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន៖ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវបែបយថាផល ទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់ និងការហើរបុកទង្គិចជាមួយខ្សែបណ្តាញអគ្គិសនី។ នៅក្នុងឆ្នាំ២០០៩ អង្គការ WCS និងដៃគូ បានបោះ ពុម្ពផ្សាយលទ្ធផលនៃការស្រាវជ្រាវរយៈ ពេលជាង១០ឆ្នាំ។ លទ្ធផលនៃការស្រាវជ្រាវនោះបានបង្ហាញថា ចំនួនសត្វខ្សឹបឈ្មោលដែល លោតបង្អួតខ្លួននៅរដូវបន្តពូជ តាមរយៈទិន្នន័យជំរឿនឆ្នាំ ២០១៨ មានតែ ១០៤ ក្បាល ប៉ុណ្ណោះនៅកម្ពុជា។
ដើម្បីការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹង ទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបានកំណត់ឈ្មោះ ថា«តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប»គ្រប់ដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ ធំ និងខេត្តសៀមរាប។
អង្គការ WCS ធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងបរិស្ថានដើម្បីអភិរក្សតំបន់នេះ និងការពារសត្វខ្សឹប ព្រមទាំងប្រភេទសត្វស្លាបកម្រៗដទៃទៀតដូចជា ចាបព្រៃវែង ជាដើម។ សកម្មភាពអភិរក្សសំខាន់ៗរួមមាន៖ ការគាំទ្រដល់ការអនុវត្តច្បាប់ ការគ្រប់គ្រងតំបន់វាលស្មៅដោយមានការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយបង្កើនការយល់ដឹងដល់សហគមន៍ ការការពារសម្បុកសត្វខ្សឹប ការលើកកម្ពស់គម្រោងស្រូវបែបនិរន្តរភាព ដែលជាយន្តការមួយគាំទ្រ ដល់និរន្តរភាពកសិកម្ម សម្រាប់ការអភិរក្សសត្វខ្សឹប និងការបង្កើតតំបន់ការពារធម្មជាតិថ្មីមួយនៅក្នុងខេត្តពោធិ៍សាត់។
សត្វខ្សឹបជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅប្រទេសវៀត ណាម ផងដែរ។ វាត្រូវបានចុះក្នុងបញ្ជីជាប្រភេទបក្សីជិត ផុតពូជបំផុតនៅលើពិភព លោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភព លោក។
យោងតាមប្រកាសលេខ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វខ្សឹបត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វ«ក្រម »។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំង ឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥លានរៀល ដល់ ១៥០លានរៀល។
ការងារអភិរក្សសត្វខ្សឹបរបស់អង្គការ WCS នឹងមិនអាចសម្រេចបានជោគជ័យទេ ប្រសិនបើគ្មានការគាំទ្រពីម្ចាស់ជំនួយនានាដូចជា សហភាពអឺរ៉ុបតាមរយៈគម្រោង«ទន្លេសាបយើង» គម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិម៉ាហ្គារេត អេ ខាហ្គីល (Margaret A Cargill Found ation) ទីភ្នាក់ងារអភិ វឌ្ឍន៍ នៃប្រទេសបារាំង (AFD) មូលនិធិភាពជាដៃគូសម្រាប់ស្ថានប្រព័ន្ធផុយស្រួយ (CEPF) Rainforest Trust និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងដៃគូពីរទៀតគឺ អង្គការសន្សំម្លប់ព្រៃ និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវ:ចម្រុះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង