ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងរ៉ាវអ្នកស្រីទ្រី ដាណា ជាថៅកែឡេ ប្តឹងចាប់អ្នកលក់ឡេដាក់គុក សំណុំរឿងនេះ ចូលដល់ដៃលោក ដួង ដារា ជំនួយការផ្ទាល់ សម្តេចតេជោ

78

 

ភ្នំពេញ៖ ម្តាយរបស់ជនជាប់ចោទ ណើ ចាន់ត្រា ជាអ្នកលក់ឡេ បានខិតខំស្វះស្វែង និងដាក់ពាក្យគោរពសុំជំនួយពី សម្តេចតេជោ ហ៊ុន សែន ខណៈ ណើ ចាន់ត្រា កំពុងជាប់នៅក្នុងពន្ធធនាគារព្រៃសអស់រយៈពេលជាង៤ខែកន្លងមកហើយ ក្នុងទំនាស់ជាមួយអ្នកស្រីទ្រី ដាណា ជាថៅកែឡេ ប្តឹងចាប់អ្នកលក់ឡេដាក់គុក ។

លោក ដួង ដារា ជំនួយការផ្ទាល់ សម្តេចតេជោ បានបញ្ជាក់ប្រាប់ជុំវិញរឿងក្តីនេះ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៤មិថុនា២០២១ថា កាលពីពេលថ្មីៗនេះ លោកយាយ រីម វណ្ណារី អាយុ៦៧ឆ្នាំ បានដាក់ពាក្យគោរពសុំជំនួយអន្តរាគមន៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីផ្តល់យុត្តិធម៌ដល់កូនស្រីគាត់ឈ្មោះ ណើ ចាន់ត្រា ដែលកំពុងជាប់នៅក្នុងពន្ធធនាគារព្រៃសអស់រយៈពេលជាង៤ខែកន្លងមកហើយ។

លោកបន្តថា ថ្ងៃនេះខ្ញុំបានជួបប្អូនស្រី ទ្រី ដាណា និងស្វាមី ហើយស្តាប់រឿងរ៉ាវទាំងសង្ខាងបានយល់មួយចំនួនធំដែលពាក់ព័ន្ធនឹងករណីខាងលើ។ ខ្ញុំនឹងបន្តជួបពិភាក្សាជាមួយប្អូនស្រីថែមទៀត ដើម្បីស្វែងរកដំណោះស្រាយល្អសមរម្យជូនភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរវាងប្អូនស្រី ទ្រី ដាណា និង ប្អូនស្រី ណើ ចាន់ត្រា។

អរគុណបងប្អូនដែលឈឺឆ្អាលបានស្នើសុំខ្ញុំឲ្យជួយពិនិត្យដោះស្រាយរឿងវិវាទនេះ។ ខ្ញុំនឹងជួយពិនិត្យសំណុំរឿងមួយនេះអោយបានល្អិតល្អន់បំផុត។ ទន្ទឹមនឹងនេះ​ដែរ សូមបងប្អូនកុំចាក់សាំងបន្ថែម។

ពិតណាស់ ខ្ញុំស្វែងរកតែការពិតត្រឹមត្រូវដោយមិនលំអៀងឬកាន់ជើងទៅលើភាគីណាមួយឡើយ។ ដំណោះស្រាយដែលល្អបំផុតពេលនេះគឺឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

រឿងរ៉ាវ ទាក់ទងនឹងអតីតម្ចាស់ប្រេន CTM ដែលជាតំណាងរបស់ក្រុមហ៊ុន ដាណា ទ្រី មានឈ្មោះ ណើ ចាន់ត្រា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត ៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសម្អាងខ្យល់ ទៅឲ្យតំណាងចែកចាយចំនួន ១២ នាក់ទៀត។

ក្រោយរឿងក្តីនេះបានកើតឡើង គេក៏ស្រាប់តែបានឃើញប្តីរបស់ស្រ្តីខាងលើ ដែលមានឈ្មោះថា ម៉េត បានបានចេញមុខនិយាយថានេះជាល្បិចកលរៀបអន្ទាក់ធ្វើស៊ីដោយដាក់ចំៗថា អ្នកស្រី ទ្រី ដាណា គឺជាអ្នកដែលស្ថិតនៅពីក្រោយតំណាងទាំង១២នាក់ ដែលនាំឲ្យមានការចាប់ខ្លួនប្រពន្ធរបស់គាត់, ក្នុងនោះ លោក ម៉េត បាន បានបញ្ជាក់តាមរយៈវីដេអូជារឿយៗ និងក៏ដូចសារបង្ហោះនៅលើបណ្តាញសង្គម ដើម្បីឲ្យបងប្អូនមហាជន ជាពិសេសតំណាងៗចែកចាយដទៃទៀត បានដឹងថា «ខ្ញុំធ្វើឡើង ដើម្បីរកយុត្តិធម៌ឱ្យគ្រួសាររបស់ខ្ញុំ ជាពិសេសភារិយារបស់ខ្ញុំ (ណើ ចាន់ត្រា) ដែលត្រូវបានអ្នកស្រី ទ្រី ដាណា និងបក្សពួក ១២នាក់ ទម្លាក់កំហុសទាំងគ្មានភស្តុតាង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២០ បច្ចុប្បន្នភរិយារបស់ខ្ញុំកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគារព្រៃស៕

អត្ថបទដែលជាប់ទាក់ទង