ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមានកណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រើប្រតិបត្តិការ បោសសំអាតមីន

38

 

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ បានថ្លែងថា កម្ពុជាមានកណ្តុរ ចំនួន៥៧ក្បាល សម្រាប់បម្រើប្រតិបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

លោក Michael Heimanប្រធានអង្គការ APOPO ប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការ វាងកម្លាំងសុីម៉ាក់និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេស បោសសំអាតមីន ដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ ដោយបញ្ហាអាយុនិងសុខភាព ហេីយMagawa រក្សាទុកឱ្យសម្រាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់និងAPOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រេីប្រតិបត្តិការបោសសំអាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ ទៅបម្រេីការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគីនោះបាន បំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ ហេីយខាងអង្គការAPOPO បានស្នេីសុំជាវសុនខមួយចំនួនបន្ថែមទៀត ពីសុីម៉ាក់ដេីម្បីយក ទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។

ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុង ការទទួលជំនួយ ពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតិបតិ្តការ របស់អង្គភាពសុីម៉ាក់ ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហេីយគោលដៅសំខាន់ របស់គម្រោងត្រូវបន្តអនុវត្ត នៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង