ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសៀមរាប និងសហគមន៍ ជីក ប្រឡាយជួយសង្គ្រោះត្រីមេពូជ ក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុង ខ្វះទឹក និងបានងាប់អស់មួយចំនួននោះ

132

 

សៀមរាប៖ អាជ្ញាធរនិងសហគន៍បឹងពារាំង បានជីកប្រឡាយ និងបូមទឹកជួយសង្គ្រោះបឋម ដល់ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានងាប់ជាបណ្តើរៗ ដោយសាតែទឹក ក្នុងបឹងរីងស្ងួតលឿន។
លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹង កាលរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំងចាប់ បានផ្តើមងាប់ចំនួន ពីរយប់មកហើយ គឺនៅយប់ថ្ងៃទី០៣ ខែមិថុនា មានងាប់តិចតួច តែយប់ថ្ងៃទី០៤ ខែមិថុនា ងាប់រហូតជិត ១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។ លោកបន្តថា កត្តាដែលធ្វើឱ្យត្រីមេពូជចម្រុះ ងាប់លឿនបែបនេះ ដោយសាកត្តាអាកាសធាតុក្តៅខ្លាំងធ្វើឱ្យទឹករីងហួតលឿន និងមួយផ្នែកទៀតសត្វភេរ ដែលមាននៅក្នុងតំបន់នេះ ប្រមាណជា១០០ក្បាល បានចូលខាំត្រីនៅតំបន់ទឹករាក់ ធ្វើឱ្យត្រីវាឡើងមកលើគោក ហើយមិនអាចចូលទៅក្នុងទឹកវិញបាន។
លោកបានបន្តទៀតថា ដើម្បីសង្គ្រោះបឋមដល់ ត្រីមេពូជចម្រុះក្នុងតំបន់ អភិរក្សបឹងពារាំងឥឡូវនេះ ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផល ជាអ្នកចុះមកផ្ទាល់ បាននាំគ្រឿងចក្រមួយគ្រឿង រួមជាមួយសហគន៍ បានជីកប្រឡាយ និងបូមទឹកចេញស្រះតូចៗ បញ្ជូលមកសង្គ្រោះត្រីមេពូជសិន ហើយនៅថ្ងៃទី០៦ខែមិថុនានេះ ត្រីពុំឃើញងាប់ទៀតទេ។
លោកប្រធានសហគន៍បានបញ្ជាក់ថា ប្រសិនគ្មានភ្លៀងធ្លាក់ នៅរយៈពេល១៥ថ្ងៃទៀតទឹកនៅ ក្នុងបឹងនេះ នឹងរីងស្ងួតអស់ហើយ វិធានការបន្ទាប់ គឺមានតែស្នើទៅអភិបាលខេត្តសៀមរាប សុំរថយន្តទឹកដឹកមកបញ្ជូល នៅក្នុងបឹងនេះដើម្បីសង្គ្រោះត្រីមេពូជទាំងនេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង