ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ រំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២១

75

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ នៅ/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២១។

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ ,ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសលេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្ដីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង បាននូវការកកស្ទុះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្ម ដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញ

កាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹង ត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និង អញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន៕

អត្ថបទដែលជាប់ទាក់ទង