ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុល បណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

143

 

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ នូវគម្រោងជួសជុលបណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន សម្រាប់បំរើឱ្យវិស័យទេសចរណ៍ ដែលរំពឹងថា និងចប់ជំងឺកូវីដ១៩ កំណើនភ្ញៀវទេសចរណ៍នឹងរើបឡើងវិញ។

ការបញ្ចប់ដោយជោគជ័យនៃការជួយលោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានឲ្យដឹងថា បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ននេះ មានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូលរហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។
លោកបន្តថា ដោយមើលឃើញពីភាពចាំបាច់នៅក្នុងការថែរក្សានូវមរតកមួយនេះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការជួសជុលបណ្ណាល័យនេះ កាលពីខែសីហា ឆ្នាំ២០២០ ហើយបានបញ្ចប់ការងារដោយេជោគជ័យនាខែឧសភា ឆ្នាំ២០២១នេះ។
អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក លើគម្រោងធ្វើផែនទីហានិភ័យ ដើម្បីកំណត់ទីតាំង ដែលប្រឈមនឹងគ្រោះថ្នាក់ និងកំណត់គោលដៅជួសជុលនៅកន្លែងអាទិភាព។

ការជួសជុលប្រាសាទនេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់និងសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ គម្រោង នេះប្រើរយៈពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។

គួរបញ្ជាក់ថា នៅក្រោយពេលបញ្ចប់ ការជួសជុលបណ្ណាល័យខាងត្បូង នៃប្រាសាទព្រះខ័ននេះរួចរាល់ អាជ្ញាធរ ជាតិអប្សរា មានផែនការជួសជុលខ្លោងទ្វារខាងកើត នៃអាគារព្រះឥសូរ និងជួសជុលកំពង់ទឹក នៅខាងកើតនៃប្រាសាទព្រះខ័នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង