ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្ម លើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ

178

 

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានបង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ បានប្រកាសពីភាពជោគជ័យ លើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាស ឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើ អាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សារលិខិតជូនជនរួមជាតិទាក់ទង ទៅនឹងការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មដំបូងរបស់កម្ពុជា។

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា “ ទឹកដីសុវណ្ណភូមិ – គឺជាទឹកដីដ៏វិសិដ្ឋព្រោះជាទឹកដីពោរពេញដោយកំណប់ ទ្រព្យជាច្រើនប្រភេទ។ ថ្ងៃនេះ សក្ខីភាពថ្មីបានលេច ចេញជារូបរាងឡើង ហើយ។ ខ្ញុំព្រះករុណាខ្ញុំមានមោទនភាព សូមជម្រាបជូនជនរួមជាតិនូវការប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈ ឧស្សាហកម្មលើកដំបូងរបស់ កម្ពុជានៅ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។

ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករក អស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះ ជាមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស៩០% (Gold Lord Burs)។ តាមរបាយការណ៍សមិទ្ធិលទ្ធភាព ដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធ បានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

ជាការពិត មុននឹងឈានដល់ការទទួល បាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារ ក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅ ដល់ការធ្វើអាជីវកម្ម បាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយ តម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេស អាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពី ជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនឹងផ្តល់ផលប្រយោជន៍ជា ចំណូលដុលជាមធ្យមប្រមាណ ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹង ត្រូវយកមកប្រើប្រាស់ ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានឹងសក្ដានុពលនេះ ខ្ញុំក៏សូមក្រើនរំលឹកផងដែរថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្ម ដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។ ដូចដែលបានរៀបរាប់ពីប្រវត្តិ នៃការវិនិយោគខាងលើ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការ ឧស្សហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាស លើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែល មានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណ៏ ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈ សមស្របសម្រាប់ការធ្វើ អាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្ដល់ផល ចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់ បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំសូម យកឱកាសនេះអំពាវនាវ សូមឱ្យបងប្អូនជនរួមជាតិយើង លះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។

ស្របជាមួយការចាប់ផ្តើមនៃ អាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្ម តាមស្តង់ដារអន្តរជាតិជាលើក ដំបូងនៅកម្ពុជា ប្រតិបត្តិការធនធានរ៉ែនៅ តំបន់អូរខ្វាវនឹងបង្កើតបានជា គំរូមួយសម្រាប់នាំមុខដល់ការ ធ្វើអាជីវកម្មធនធានរ៉ដទៃទៀត ស្របតាមគោលការណ៍ អភិវឌ្ឍប្រកបដោយចីរភាព។ ការចាប់ផ្ដើម នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់យើងនាពេលកន្លងមកនៅក្នុងវិស័យរ៉ែ ពិតជាអាច ទាញយកធនធានធម្មជាតិក្រោមដី មកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើង បានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើ ការការពារផលប្រយោជន៍បរិស្ថាននិងសង្គម។ បណ្តាក្រុមហ៊ុនៃរីទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃ ការអភិវឌ្ឍប្រកបដោយ ការទទួលខុសត្រូវបែបនេះ នៅគ្រប់ដំណាក់ កាលនៃប្រតិបត្តិការរបស់ខ្លួន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្នុងទឹកចិត្តរំភើបរីករាយ ឥតឧបមា ខ្ញុំព្រះករុណាខ្ញុំ សូមចែក រំលែកនូវសមិទ្ធផល ដ៏ធំធេងនិងមោទនភាពជាតិ នៃទឹកដីសុវណ្ណភូមិជាទីស្នេហា ជាមួយនឹងព្រះតេជ គុណ ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិកម្ពុជាគ្រប់រូប ព្រមទាំងសូមសម្ដែង នូវអំណរគុណដ៏ជ្រាល ជ្រៅដល់ក្រុមការងារ គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបងប្អូន ប្រជាពលរដ្ឋដែលបាន ផ្តល់យុត្តិធម៌ និងការគាំទ្រប្រកបដោយ ទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូន ដល់គណបក្សប្រជាជនកម្ពុជា និងដល់ខ្ញុំព្រះករុណាខ្ញុំ ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និង ការអភិវឌ្ឍដែលបាន នាំមកជូនប្រជាជនកម្ពុជា ទាំងមូលនូវសមិទ្ធផលដ៏ធំធេង មិនអាចកាត់ថ្លៃបានជា ច្រើនរាប់មិនអស់ រួមទាំងការប្រកាសអំពី “ការដាក់ឱ្យដំណើរ ការការដ្ឋានអាជីវកម្មនិងរោងចក ចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង