ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករប្រមាណ៧០ភាគរយ នៅតាមផ្សាររដ្ឋទាំង២៥ បានចូលលក់ដូរឡើងវិញ ខណៈអាជីវករ លក់គ្រឿងហូបចុក បន្លែ ត្រីសាច់ បានមកលក់ពេញ១០០ភាគរយ នៅថ្ងៃទី១៥មិថុនានេះ

203

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៥ មិថុនានេះ ជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញសម្រេច អោយបើកដំណើរការ គ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែ មេសាឆ្នាំ២០២១ កន្លងមក និងបានបើកឡើងវិញ ក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤ ឧសភាកន្លងទៅ ។ ប៉ុន្តែចាប់ពីថ្ងៃ១៥ មិថុនានេះតទៅអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបើកឱ្យដំណើរការ គ្រប់អាជីវកម្ម-ការលក់ដូរជាធម្មតាឡើងវិញទាំងអស់។ ប៉ុន្តែភាពជាក់ស្តែងនៅព្រឹកនេះ មានជីវករប្រមាណ៧០ភាគរយប៉ុណ្ណោះ បានចូលមកលក់ដូរវិញ ដោយសារថា ៖សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀត មិនទាន់បានដឹងនូវឡើយ ។ប៉ុន្តែចំពោះអាជីវករ ដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
ការបើកឱ្យដំណើរការឡើងវិញ នៅព្រឹកថ្ងៃ១៥ មិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការជាធម្មតា ជាមួយនិងការអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Codeជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
លោក ចំរេីន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥មិថុនានេះថា ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ ចូលផ្សារចំនួន១០ ត្រូវបានបេីកទ្វារសំរាប់អាជីវករបានលក់ ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងឱ្យមានកម្លាំងសន្តិសុខ ជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុលនិងធ្វេីការស្កេនQRកូដផងដែរ មុននឹងអនុញ្ញាតិឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ ។ ចំណែកបងប្អូនអាជីវករ បានពាក់ម៉ាស់គ្រប់គ្នា ជាមួយនិងការដាក់ដបអាកុល សំរាប់ភ្ញៀវបានបាញ់សម្លាប់មេរោគនៅគ្រប់តូបផងដែរ។
លោកបន្តថា សម្រាប់ថ្ងៃទី១៥ មិថុនានេះ មានអាជីវករមកលក់ដូរបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹងនិងមួយចំនួនទៀតមិនទាន់បានដឹងនូវឡើយ ។ប៉ុន្តែចំពោះអាជីវករខាង លក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ មិថុនានេះដែរថា ចំពោះអាជីវករមកបើកតូបលក់ដូរនា ថ្ងៃបើកផ្សារទូលំទូលាយពេលនេះ បានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ។ លោក និមល បន្តថា ផ្សារបានបើកច្រកចេញចូល ៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កំដៅ និងស្កេន QR codeពិសេសស្លាក ៣កុំ ៣ការពារ របស់សម្តេចតេជោ ។ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំឥវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់ ។ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណ រាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលបានអនុញ្ញាតអោយបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ ។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រីប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥ នៅក្នុងរាជធានីត្រូវបានលោកឃួង ស្រេងចែកម៉ាស អាកុល ម៉ាស៊ីនវាស់កំដៅបាញ់កំដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជម្ងឺកូវីដ-១៩នេះអោយបាន។
លោកស្រីបន្តថា ៖ក្នុងផ្សារធំថ្មី អាជីវករបានពាក់ម៉ាស់គ្រប់ គ្នារួមទាំងការវ៉ាស់កំដៅ ពេលចេញចូល ផ្សារដែលមាន៩កន្លែង,ការដាក់QR Codeរួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់ និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូនិងជែល ផងដែរ។ លោកស្រីបញ្ជាក់ថា ៖ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ឱ្យដឹងដែរថា៖ ចំពោះនៅផ្សារច្បារអំពៅ បានបេីកតូបប្រហែល ៤០ភាគរយ និងមានអតិថិជន ប្រហែល ៣០ភាគរយ ។

បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើក ដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង