ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបគម្រប់ ១ ឆ្នាំនៃការដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

117

 

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីខួបគម្រប់ ១ ឆ្នាំនៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

បើតាមក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការងារកែទម្រង់ស៊ីជម្រៅ សំដៅចូលរួមគាំទ្រដល់ការ សម្រេចបាននូវកំណើនប្រកបដោយចីរភាព, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលគិតមកទល់ថ្ងៃនេះ គឺមានរយៈ ពេល ១ ឆ្នាំគត់។ ការរៀបចំប្រព័ន្ធនេះ គឺជាវិធានការមួយក្នុងកញ្ចប់វិធានការកែទម្រង់ដ៏មុតស្រួច ដែលត្រូវបាន ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅលើកស្ទួយភាព ប្រកួតប្រជែងរបស់កម្ពុជា និង បង្កើតបរិយាកាសវិនិយោគដែលទាក់ទាញ តាមរយៈការកែសម្រួលដំណើរការ និង នីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាម ថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ មានលក្ខណៈពិសេស ៣ យ៉ាង ដូចតទៅនេះ៖ (១) កាត់បន្ថយនីតិវិធី តាមរយៈការ តភ្ជាប់គ្នាជាសង្វាក់នៃនីតិវិធីផ្សេងគ្នានៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, និងក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងបង្កើតជាការ ចុះបញ្ជីជាកញ្ចប់ ក្នុងពេលតែមួយ និងនៅលើថ្នាលតែមួយ (២) កាត់បន្ថយ ពេលវេលាមកត្រឹម៨ថ្ងៃនៃថ្ងៃធ្វើការ និង (៣) កាត់បន្ថយការចំណាយថវិកាប្រមាណ ៤០% បើធៀបនឹងនីតិវិធីចាស់។

ដើម្បីអាចធ្វើការ ចុះបញ្ជីអាជីវកម្មបាន, ធុរជនត្រូវចូលទៅកាន់គេហទំព័រ www.registration services gov.kh រួចចុចប៊ូតុង “ចុះបញ្ជីអាជីវកម្ម” ហើយត្រូវបង្កើតគណនី CamDigiKey មួយ, ប្រសិនបើមិនទាន់មានគណនី, ដើម្បីអាចសែន QR Code ចូលដល់ថ្នាលចុះបញ្ជី។ នៅលើថ្នាលនោះ, ធុរជនអាចបម្រុងទុកនាមករណ៍ និង/ឬចុះ បញ្ជីអាជីវកម្មបាន។ រាល់ការទូទាត់បង់ប្រាក់ធ្វើឡើងតាមរយៈកាតឥណទាន, កាតឥណពន្ធ ឬតាមគណនី ធនាគារ ដែលនីតិវិធីទាំងមូលនេះធ្វើឡើងតាមអនឡាញទាំងស្រុង។

ប្រព័ន្ធចុះបញ្ជីនេះអាចអនុវត្តទៅបានក្នុងក្របខ័ណ្ឌអន្តរក្រសួងដូចសព្វថ្ងៃ ដោយមានថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange ឬហៅកាត់ថា CamDX) ជាឆ្អឹងខ្នងក្នុងការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានជាសមាជិក ។ តាមរយៈថ្នាល CamDX, ទិន្នន័យដែលធុរជនបញ្ចូលលើថ្នាលចុះបញ្ជី នឹងត្រូវ បានបញ្ជួនចែករំលែកដោយស្វ័យប្រវត្តិ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងពេលតែមួយ ដោយឈរលើគោលការណ៍ធ្វើតែមួយលើកគត់ (The Once-Only Principle) ។

គួរបញ្ជាក់ផងដែរថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធចុះបញ្ជីថ្មី អាចធ្វើឡើងតាមអនឡាញទាំងស្រុង ពីទី កន្លែងណាក៏បាន ពេលណាក៏បាន, ដូច្នេះក្រសួង-ស្ថាប័នទាំង ៣ ដែលចូលរួមលើថ្នាលចុះបញ្ជី មិនទទួលពាក្យស្នើ សុំដែលជាឯកសាររូបិយក្នុងទម្រង់រឹងនោះទេ ហើយអាជ្ញាបណ្ណ វិញ្ញាបនបត្រដែលបានផ្ដល់ដោយក្រសួង-ស្ថាប័ន ទាំង ៣ ក៏ស្ថិតនៅក្នុងជាទម្រង់ឌីជីថល ដែលមានសុពលភាពផ្លូវច្បាប់ និងអាចយកទៅប្រើប្រាស់បានជាផ្លូវការ។ នេះជាកំណែទម្រង់ដ៏សំខាន់មួយក្នុងវិស័យរដ្ឋបាលសាធារណៈ សំដៅជំរុញឱ្យមានការធ្វើ បរិវត្តកម្មឌីជីថលខ្ពស់ លើសេវាសាធារណៈ ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលទើបតែទទួលបាន ការអនុម័តពីរាជរដ្ឋាភិបាលនាពេលកន្លងទៅថ្មីៗនេះ។ ជាមួយនឹងការកែទម្រង់លើនីតិវិធីចុះបញ្ជីនេះដែរ ធុរជន មានភាពងាយស្រួល ក្នុងការចុះបញ្ជី ដែលអនុញ្ញាតឱ្យធុរកិច្ចរបស់ខ្លួន មានអត្តសញ្ញាណត្រឹមត្រូវនិងស្របច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការស្នើសុំឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលជាវិធានការឆ្លើយតប ទៅនឹងវិបត្តិជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង