ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាសែត ជា សាម៉ុន ដែលប្រពន្ធគាំងបេះដូងស្លាប់ ត្រូវចៅក្រមស៊ើបសួរ បានដោះលែង

44

ខេត្តព្រះវិហារ ៖ ឯកឧត្តម យុត ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ និង លោក ទីវ គឹមពិសាល ចៅក្រមស៊ើបសួរ ដែលមានចិត្តធម៌ សម្រេចដោះលែងអ្នកកាសែតម្នាក់ ក្នុងចំណោមអ្នកកាសែត ៨នាក់ កំពុងជាប់ឃុំ ដើម្បីធ្វើបុណ្យសពប្រពន្ធ និងមើលថែរកូនៗ។

សូមបញ្ជាក់ថា អ្នកកាសែត ០៨នាក់ មានស្ត្រី២រូបផងដែរ រួមជាមួយ លោក ជា សាម៉ុន ត្រូវបានចាប់ដាក់គុក ពីបទ «កំហែងយកប្រាក់ និង ថតរូបគ្មានការអនុញ្ញាត» តាមបណ្តឹងផ្ទាល់មាត់របស់ ថៅកែដេប៉ូឈើម្នាក់ក្នុងខេត្តព្រះវិហារ។

បើតាមសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា, ក្រុមគ្រួសារអ្នកសារព័ត៌មាន និង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា និង ឯកឧត្តម ម៉ុង មុន្នីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បួងឃ្មុំ ព្រមទាំង ឯកឧត្តមក្រុមសភាស៊ើបសួរសាលាឧទ្ធរណ៍ត្បូងឃ្មុំ មេត្តាជួយសម្រេចក្តី អនុគ្រោះដល់បងប្អូនអ្នកសារព័ត៌មានទាំង ០៧រូប ដែលនៅបន្តជាប់ឃុំ ឲ្យមានសេរីភាពឆាប់ៗ ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មាន អភិវឌ្ឈន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនឡើង។

ប្រធានពន្ធនាគារខេត្តខេត្តព្រះវិហារ  ឧត្តមអគ្គានុរក្ស២ យន់ ម៉ានី នៅថ្ងៃទី១៧ខែ មិថុនា ឆ្នាំ២០២១ បានសម្រេចចេញលិខិតដោះលងអ្នកកាសែត ជា សាម៉ុន។

អនុវត្តតាមដីកាបង្គាប់ឲ្យដោះលែង លោកស្រី ផេង កុសល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះវិហារ ចេញលិខិតដោះលែងជនជាប់ឃុំឈ្មោះ ជា សាម៉ុន ស្រុកកំណើត ភូមិក្រូច ឃុំជ្រងពពេល ស្រុករំដួល ខេត្តស្វាយរៀង ទីលំនៅមុនចាប់ខ្លួនភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ពីបទថតរូបភាពដោយគ្មានការអនុញ្ញាត និងបទកំហែងយកប្រាក់ ត្រូវចាប់ខ្លួនថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២១ ត្រូវកាត់ទោសកំណត់ ដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ ត្រូវបានបន្ធូរបន្ថយទោស ឬលើកលែងទោសឲ្យទៅរស់នៅមូលដ្ឋានភូមិ។

លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតមួយ សូមគោរពជូន ឯកឧត្តម ប្រធានសាលាដំបូងខេត្តព្រះវិហារ សំណើសុំធានា បងប្អូនអ្នកសារព័ត៌មាន០៨រូប នៅក្រៅឃុំបណ្តោះអាសន្ន។ ដោយយោង៖ ពាក្យស្នើសុំពឹងពាក់របស់ លោក ចេង តារ៉វុធ ចាងហ្វាងសារព័ត៌មានប្រជាជនយើង។ ពាក្យស្នើសុំពឹងពាក់របស់ឈ្មោះ អ៊ូន ពៅ ចាងហ្វាង WWW.SMD.NEWS.COM និង ឈ្មោះឆែម ភារុន ជាក្រុមគ្រួសារ លោក រឿង ឆុន និង សឿង សុភី។

លោកទេស វិបុល សូមជម្រាបជូន ឯកឧត្តម ប្រធាន មេត្តាជ្រាបថា សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា មានអង្គភាពសារព័ត៌មានចំនួនជាង ៣០ជាសមាជិក ហើយបានធ្វើសកម្មភាពជួយឧបត្ថម្ភគាំទ្រ ការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ អ្នកសារព័ត៌មាន ជាបន្តបន្ទាប់ច្រើនវគ្គមកហើយ។

ក្នុងនាមសមាគមសារព័ត៌មាន លោកបានទទួលដំណឹងថា អ្នកសារព័ត៌មាន០៨រូប ត្រូវបានចាប់ឃុំខ្លួនពីបទ កំហែងយក គឺ ទី១.អ្នកស្រី សឿង សុភី, ទី២.អ្នកស្រី ឆាយ លាវ, ទី៣.លោក រឿន ឆុន, ទី៤.លោក សំ សារឿន, ទី៥.លោក គឹម ហ៊ាន, ទី៦. លោក វង និមល់, ទី៧. លោក ជា សាម៉ុន, និងទី៨. លោក គឹម ហុង។

បន្ទាប់ពីការស្រាវជ្រាវបឋមបង្ហាញថា ការចាប់ឃាត់ខ្លួននេះផ្តើមចេញពីទំនាស់រឿងសុំ ប្រាក់ឧបត្ថម្ភប្រេងសាំង ធ្វើដំណើរយកព័ត៌មានពីម្ចាស់ដេប៉ូឈើ នៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំ ព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកបន្តថា ករណីនេះកើតឡើងដោយសារតែពួកគាត់ ខ្វះចំណេះដឹងផ្នែកច្បាប់ ថែមទាំងមិនបាន គោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ទោះជាយ៉ាងណាពួកគាត់ក៏ បានចូលរួមចំណែកនាំដំណឹងពីរាជរដ្ឋាភិបាល ជូនសាធារណៈជន និងពីប្រជាពលរដ្ឋជូនមន្ត្រីរដ្ឋផងដែរ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ត្រឹម ត្រូវនិងឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ក្នុងនាមសមាគម ប្តេជ្ញានឹងខិតខំបន្តការអប់រំឲ្យពួកគាត់យល់ដឹងអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់នានាបន្ថែមទៀត ជៀសវាងការប្រព្រឹត្តកំហុសឆ្គងផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម។

ដោយមិនអាចទំនាក់ទំនងស្វាមីបាន អ្នកស្រី ឃុន ឡុង ជាភរិយាលោក ជា សាម៉ុន អ្នកកាសែតម្នាក់ ក្នុងចំណោម៨នាក់ ដែលកំពុងជាប់ឃុំខ្លួននោះ កើតការលំបាកចិត្តគិតខ្វល់ខ្វាយច្រើនបណ្តាលឲ្យ គាំងបេះដូងស្លាប់ កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២១ នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

អាស្រ័យហេតុនេះ សូមឯកឧត្តមប្រធាន មេត្តាយោគយល់ ជួយសម្របសម្រួលឲ្យមានការ ជួយដោះលែងពួកគាត់ទាំងអស់ នៅក្រៅឃុំបណ្តោះអាសន្ន ជាពិសេស លោក ជា សាម៉ុន ដើម្បីបាន ធ្វើបុណ្យសពជូនប្រពន្ធគាត់ និងមើលថែកូនតូចៗដែលគ្មានម្ដាយ ដោយក្តីអនុគ្រោះ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មានម្ចាស់ដេប៉ូឈើម្នាក់បានប្តឹងដោយផ្ទាល់មាត់មក អយ្យការអមសាលាដំបូងខេត្តព្រះវិហារថា មានអ្នកការសែត និយាយគំរាមជំរិតទារប្រាក់ពីខ្លួនចំនួន ០២ ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី០២ និងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានទទួលបណ្តឹងបរិហារដោយផ្ទាល់មាត់ពីម្ចាស់ ដេប៉ូឈើនោះហើយ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញាបានចាត់ឱ្យលោក គឹម សំលេង ជាព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចុះទៅអង្គេតបឋម មើលករណីជំរិតទារប្រាក់ ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយពិនិត្យឃើញថា មានតម្រុយបទល្មើសស្ថិតនៅក្នុងករណីជាក់ស្តែង ទើបលោកព្រះរាជអាជ្ញារង គឹម សំលេង បានបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតចំនួន ០៨ នាក់ ដែលមាន ឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ គឹម ហ៊ាន ភេទ ប្រុស ជាអ្នកសារពត៌មានគេហទំព័រដំណឹងរាស្ត្រ ។ ២.ឈ្មោះ គឹម ហុង ភេទ ប្រុស ជាអ្នកសារព័ត៌មានប្រជាជនយើង ។ ៣.ឈ្មោះ វង និមល ភេទ ប្រុស ជាចាងហ្វាងគេហទំព័រ DNR ។ ៤.ឈ្មោះ សឿង សុភី ភេទ ស្រី ជាអ្នកសារព័ត៌មានសុវណ្ណសិលា ។ ៥ ឈ្មោះ ឆាយ លាវ ភេទ ស្រី ជាអ្នកសារព័ត៌មាន SNTV ។ ៦.ឈ្មោះ រឿង ឆុង ភេទ ប្រុស ជាអ្នកសារព័ត៌មានសុវណ្ណសិលា ។ ៧.ឈ្មោះ ជា សាម៉ុន ភេទ ប្រុស ជាអ្នកសារព័ត៌មាន MSN ។ ៨.ឈ្មោះ សំ សារឿន ភេទ ប្រុស ជាអ្នកសារព័ត៌មានស្ថាបនាថ្មី ។

ក្រោយពីបានស្តាប់ចម្លើយរបស់ជនសង្ស័យទាំង ០៨នាក់ ខាងលើរួចហើយ ដោយមានភស្តុតាង ស៊ីសង្វាក់គ្រប់គ្រាន់ ទើបតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបើកការស៊ើបសួរលើជនទាំង ០៨ នាក់ ខាងលើតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ៨៣៩ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ពីបទៈ ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងកំហែងយក (ប្រាក់) បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣០២, និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ ។

អយ្យការអមសាលាដំបូងខេត្តព្រះវិហារ សូមច្រានចោលនូវព័ត៌មាន ដែលអ្នកសារព័ត៌មានមួយចំនួន បាននិយាយថា ឯកឧត្តមព្រះរាជអាជ្ញា មិនបានដឹង និងមិនទទួលខុសត្រូវចំពោះការអនុវត្តច្បាប់របស់ លោកព្រះរាជអាជ្ញារង ដែលបានបញ្ជាសមត្ថកិច្ច ឱ្យឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើ និងមានការសោកស្តាយ ចំពោះអ្នកសារព័ត៌មានទាំងនោះ ដែលបាននិយាយរិះគន់ ទៅលើចំណាត់ការតាមផ្លូវច្បាប់ របស់តំណាងអយ្យការ ដោយពួកគេមិនបានដឹងអំពីសកម្មភាពបទល្មើស ដែលអ្នកសារព័ត៌មានទាំង ០៨ នាក់ ខាងលើប្រព្រឹត្តឡើយ ។

គួររំលឹកផងដែរថា តាមការអះអាងរបស់ជនរងគ្រោះ ដែលជាម្ចាស់ដេប៉ូឈើបានរៀបរាប់ថា មានអ្នកយក ព័ត៌មានបានទៅ គំរាមជំរិតទារយកប្រាក់ពីខ្លួន ជាច្រើនដងរួចមកហើយ ដោយពួកគេមកពីអង្គភាពសារព័ត៌មានផ្សេងៗគ្នា ហើយក្នុងនោះ ក៏មានជនទាំង ០៨ នាក់ ខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង