ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក និយាយអ្វីខ្លះពីស៊ីហ្គេម ?

258

ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែមគីរីបាននិយាយឲ្យដឹងថា នៅក្នុងចំណោមវិញ្ញាសាសរុបចំនួន
៤០ ដែលម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម កំណត់បង្ហាញនោះ សហព័ន្ធខ្មែរកីឡាហែលទឹក មិនទាន់កំណត់ចំនួនកីឡាករ កីឡាការិនី និងប្រភេទវិញ្ញាសា ដើម្បីចូលរួមនៅឡើយទេ ព្រោះសហព័ន្ធត្រូវស្នើសុំការ សម្រេចពីក្រសួងអប់រំយុវជន និងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។
លោកបានចាត់ទុកថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១នេះ គឺជាការ វាស់ស្ទង់កម្រិតសមត្ថភាព តម្រង់ទិសឆ្ពោះទៅ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជា។អ្វីដែលសំខាន់គឺកីឡាករកីឡាការិនី កំពុងបង្កើនការហ្វឹកហាត់ ក្នុងគោលដៅស្វែងរក នូវលទ្ធផលថ្មីៗ ដោយយើងចង់បានមេដាយ នៅក្នុងការប្រកួត ទោះបីជាមេដាយ នៅក្នុងកម្រិតណាក្តី។ មានវិញ្ញាសាមួយចំនួន គឺជាក្តីសង្ឃឹមរបស់យើងដែរ ដូចជាវិញ្ញាសា ហែលរបៀបកង្កែប ដែលកីឡាករ កីឡាការិនីហែលទឹកកម្ពុជា មានសិទ្ធផលប្រហាក់ប្រហែល នឹងសិទ្ធផលរបស់កីឡាករ កីឡាការិនីក្នុងតំបន់ អាស៊ីអាគ្នេយ៍នេះដែរ។
កីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជា បានបង្កើនការហ្វឹកហាត់ តាមផែនការរបស់ សហព័ន្ធដោយបន្ថែមម៉ោងហ្វឹក
ហាត់កាន់តែច្រើនម៉ោង ក្នុង១ថ្ងៃៗ ដើម្បីជាក្តីសង្ឃឹម ក្នុងការស្វែងរកមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡា ថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១នេះ ជាពិសេស គឺសម្រួចផែនការយុទ្ធសាស្ត្រឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ទោះបើបច្ចុប្បន្នស្ថិត នៅក្នុងស្ថានភាព វិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏យើងនៅតែប្រឹងប្រែង ទាំងក្នុងការប្រមូលផ្តុំ ការស្វែងរកទីតាំង និងផ្តោតសំខាន់ទៅ លើកម្មវិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនី ដោយបានផ្លាស់ប្តូរការ ហ្វឹកហាត់ក្នុង១ថ្ងៃ៤ម៉ោង មកហ្វឹកហាត់ពី៦ម៉ោង ទៅ៦ម៉ោងកន្លះ ដោយចែកចេញជាពីរពេល ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច៣ម៉ោងកន្លះ។
ការហ្វឹកហាត់ក៏មានភាព ប្រែប្រួលដែរដែលតាម រយៈការខិតខំនេះ នឹងផ្តល់នូវក្តីសង្ឃឹមឲ្យមាន ការប្រែប្រួលកាន់តែលឿន ហើយយើងចង់ឲ្យរីកចម្រើន របស់ក្រុមជម្រើសជាតិ ហែលទឹកកាន់តែល្អប្រសើរបន្ថែមទៀត។ តាមលក្ខណៈបច្ចេកទេស វិស័យកីឡាហែលទឹកនេះ ត្រូវការពេលវេលា ដើម្បីបន្តការអភិវឌ្ឍ ឲ្យកម្រិតបច្ចេកទេស ល្បឿនកាន់ឈានឆ្ពោះទៅមុខ ដែលអាចប្រកួតប្រជែងបាន។
សហព័ន្ធខ្មែរកីឡាហែលទឹក បានត្រៀមក្រុមជម្រើសជាតិ ចំនួន១០នាក់កីឡាករ៥នាក់ កីឡាការិនី៥នាក់ និងគ្រូបង្វឹកម្នាក់ទៅ បន្តការហ្វឹកហាត់នៅ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈផែនការ យុទ្ធសាស្ត្ររបស់ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលគោលដៅសំខាន់ គឺផ្តោតទៅលើការ ចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមតែម្តង។
ឆ្នាំ២០២១កីឡាហែលទឹកកម្ពុជា អាចដណ្តើមបានមេដាយ ឬមិនទាន់ដណ្តើមបាន សហព័ន្ធនឹងរៀបចំ ផែនការបន្ថែមយ៉ាងណា ដើម្បីឲ្យទទួលបាន មេដាយក្នុងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។ដូច្នេះទាំងនេះ គឺជាជំហានថ្មីមួយ ក្នុងការស្ទាបស្ទង់កម្រិត សមត្ថភាពពិតប្រាកដ
របស់កីឡាករកីឡាការិនី ហែលទឹកកម្ពុជា។ពីមុនយើងមានការខ្វះខាត មួយចំនួនជាមូលហេតុ ប៉ុន្តែពេលនេះយើង បានបំពេញបន្ថែម នូវការខិតខំទាំងឡាយ ដើម្បីលទ្ធផល មួយថ្មីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះឯង។
លោកអគ្គលេខាធិការសហព័ន្ធរូបនេះ ក៏បានអះអាងពីការ ស្វែងរកកីឡាករ កីឡាករិនីកូនខ្មែររស់នៅ ក្រៅប្រទេសបន្ថែមទៀតដើម្បី ចូលរួមក្នុងក្រុមជម្រើសជាតិ ហែលទឹកដែលបច្បុន្នជម្រើសជាតិ ហែលទឹកជាកូនខ្មែរ រស់នៅសហរដ្ឋអាមរិក៣នាក់ និងម្នាក់ទៀតហ្វឹកហាត់បាន២ឆ្នាំនៅ ប្រទេសថៃ។
បន្ថែមពីលើនេះ សហព័ន្ធក៏កំពុងរិះរកកូនខ្មែរ រស់នៅអូស្ត្រាលីបារាំងជាដើម ដើម្បីមកចូលរួម ក្នុងក្រុមជម្រើសជាតិហែលទឹកកម្ពុជា ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ គឺសហព័ន្ធនឹងពិនិត្យមើលគុណភាព បច្ចេកទេសរបស់កូនខ្មែរ នៅក្រៅប្រទេសនេះ ខ្ពស់ៗជាងកូនខ្មែរនៅក្នុង
ស្រុក ដោយមិនមែនថា ឲ្យតែកូនខ្មែរនៅបរទេស សុទ្ធតែយកទាំងអស់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង