ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC ត្រួតពិនិត្យវឌ្ឍនភាព ការងាររៀបចំពី សម្តែង-ទទួលទង់ស៊ីហ្គេម

326

CAMSOC ត្រួតពិនិត្យវឌ្ឍនភាព ការងាររៀបចំពី សម្តែង-ទទួលទង់ស៊ីហ្គេម

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ(CAMSOC) បានត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីសម្តែង និងទទួលទង់ ស៊ីហ្គេម ពីពិធីបិទរបស់ម្ចាស់ផ្ទះស៊ីហ្គេម ចុងឆ្នាំ២០២១ មកស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ដែលការត្រួតពិនិត្យវឌ្ឍនភាពការងារនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំនេះថា កម្ពុជាយើងបានត្រៀមនូវផែនការលម្អិតនៃការសម្តែង និងការទទួលទង់ស៊ីហ្គេម ឆ្ពោះមកកម្ពុជា ដោយក្នុងនោះយើងត្រៀមរៀបចំសម្តែងសិល្បៈ វប្បធម៌ កីឡា ដើម្បីឲ្យស័ក្តិសមជាប្រទេសដែលមានអរិយធម៌ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើវិស័យកីឡាផងដែរ។ ពិធីសម្តែងរបស់កម្ពុជាមានរយៈពេល១០នាទី ហើយកម្ពុជានឹងសម្តែងបង្ហាញពីវប្បធម៌ ទេសចរណ៍ ការរីកចម្រើនរបស់កម្ពុជា និងការរីកចម្រើននៃវិស័យកីឡាដូចជាហេដ្ឋារចនាសម្ព័ន្ធកីឡាជាដើម។ «នៅក្នុងនោះកម្ពុជាយើងនឹងក៏បង្ហាញពីការត្រៀមខ្លួនបានរួចរាល់ផងដែរ ដោយរង់ចាំតែទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ភ្ញៀវស៊ីហ្គេមប៉ុណ្ណោះ។ ដូច្នេះនៅក្នុងចំណុចសំខាន់ៗចំនួន៣នេះ គឺយើងបានបូកបញ្ជូលគ្នាឲ្យទៅជាទស្សនីយភាពមួយ ដែលមានទាំងការសម្តែងរបាំ ចម្រៀង ក្បាច់គុនល្បុក្កតោ។ ដូចគ្នានេះដែរ កិច្ចប្រជុំថ្ងៃនេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើក្រុមជំនាញរបស់យើង គឺខាងផ្នែកក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈបានប្រមែលប្រមូលបណ្ឌិត សាស្ត្រាចារ្យជំនាញៗ ដើម្បីធ្វើយ៉ាងណាឲ្យការសម្តែងមួយនេះទទួលបាននូវអត្ថន័យកាន់តែស៊ីជម្រៅ និងមានភាពទាក់ទាញបំផុត»។
ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា នៅក្នុងពិធីសម្តែងនេះ ថ្វីដ្បិតតែមានរយៈពេលខ្លីពិតមែន ប៉ុន្តែធ្វើយ៉ាងណាឲ្យរបៀបរបបនៃពិធីសម្តែងនេះទាក់ទាញឲ្យគេចង់មកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ហើយបើកាលណាគេចូលរួមគាំទ្រស៊ីហ្គេមរបស់យើង នោះស៊ីហ្គេមរបស់កម្ពុជាយើងនឹងទទួលបានជោគជ័យជាក់ជាមិនខាន។
ជាមួយគ្នានោះ ឯកឧត្តមក៏បានបញ្ជាក់ជំហរយ៉ាងរឹងមាំជាថ្មីផងដែរ គឺការទទួលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នៅតែធ្វើតាមលំដាប់លំដោយនៃកាលបរិច្ឆេត ដែលបានកំណត់រួចហើយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១មានបំណងចង់លើកពេលទៅឆ្នាំ២០២២ ឬពន្យាពេលរយៈពេលវែងរលងស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា ទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ យ៉ាងណាក្តី៕

អត្ថបទដែលជាប់ទាក់ទង