ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិព័រណ៍ពាណិជ្ជកម្មថៃ ធ្វើនៅខេត្តសៀមរាប ខណៈទំនិញថៃ ដែលនាំចូលមកប្រទេសកម្ពុជា ទទួលបានគាំទ្រពីអតិថិជនកម្ពុជា និងភ្ញៀវទេសចរ

97


ភ្នំពេញ៖ ស្របពេលដែលទំនិញថៃ ដែលនាំចូលមកប្រទេសកម្ពុជា ទទួលបានគាំទ្រពីអតិថិជនកម្ពុជាយ៉ាងធំធេង ជាពិសេសតម្រូវការទីផ្សារទេសចរណ៍ ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានរៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2018 ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារផាមកុងទីនើរ ជិតអង្គរឃ្យូងយូ ខេត្តសៀមរាប ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ដេលនៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញ ទំនិញថៃ ជាច្រើនប្រភេទ ដែលជាទំនិញមានគុណភាពល្អ និងដើម្បីរកតំណាងចែកចាយនៅកម្ពុជា។

ក្នុងសន្និសីទកាសែត ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2018 ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក ជីរ៉ាវុឍ សុវណ្ណាអាត តំណាងអគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ បានថ្លែងថា គោលបំណងក្នុងការរៀបចំ ពិព័រណ៍នាលើកនេះគឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃ ឲ្យមានឱកាសទិញទំនិញពីម្ចាស់រោងចក្រ ដោយផ្ទាល់ក្នុងតម្លៃសមរម្យ។ ម្យ៉ាងទៀត ដើម្បីរិតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជន ទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកបានបន្ថែមថា ទំនិញដែលយកលក់ក្នុងពិព័រណ៍នេះ ភាគច្រើន គឺមិនទាន់មានលក់ នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាទំនិញថ្មី ដែលចេញពីរោងចក្រដោយផ្ទាល់ ។ លោកបន្តថា មានទំនិញតិចតួចប៉ុណ្ណោះ ដែលកំពុងលើទីផ្សារកម្ពុជា។
លោកបន្តថា ម្ចាស់ទំនិញទាំងអស់ក្នុងពិរព័រណ៍នេះ ចង់ស្វែងរកដែគូ និងតំណាងចែកចាយ នៅប្រទេសកម្ពុជា ហើយម៉្យាងទៀត ចង់ផ្សព្វផ្សាយដល់អតិថិជន ទិញទំនិញថ្មី ដែលមានគុណភាពល្អ ហើយជាពិសេសទំនិញថៃដែលនាំចូលមកប្រទេសកម្ពុជា ទទួលបានគាំទ្រពីអតិថិជនកម្ពុជាយ៉ាងធំធេង ហើយទំនិញដែលមិនមានគុណភាព នឹងមិនអនុញ្ញាតឲ្យលក់លើទីផ្សារកម្ពុជានោះទេ ដូច្នេះទំនិញថៃដែលនាំចេញមកកម្ពុជា ត្រូវមានគុណភាពដូចនាំចេញទៅបណ្តាប្រទេសផ្សេងៗទៀតផងដែរ។

នៅពេលដែលសួរថាហេតុអ្វីបានជាជ្រើសរើសយកខេត្តសៀមរាប សម្រាប់តាំងពិព័រណ៍នេះ ? លោកបានបញ្ជាក់ថា “ខេត្តសៀមរាប មានសក្តានុពលខេត្តផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរ ជាខេត្តមានសេដ្ឋកិច្ចខ្ពស់បន្ទាប់ពីទីក្រុងភ្នំពេញ ជាខេត្តទេសចរ និងមានភ្ញៀវទេសចរជាច្រើន មកពីជុំវិញពិភពលោកមកទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប ហើយភ្ញៀវទេសចរដែលមកខេត្តសៀមរាបនោះគឺភាគច្រើន បានស្គាល់មុខទំនិញថៃផងដែរ ហើយក្នុងរដូវកាលទេសចរណ៍ គឺខេត្តសៀមរាបមានសក្តានុពលទេសចរណ៍ខ្លាំង ហើយទំនិញថៃជាតម្រូវការខ្លាំងសម្រាប់ភ្ញៀវទេសចរ”។ លោកបានថ្លែងថា ទំនិញថៃដែលនាំចូលមកកម្ពុជា បានឈរជើងយ៉ាងយូររយៈពេលពី១០ទៅ២០ឆ្នាំនិងទទួលបានការគាំទ្រពីអតិថិជនកម្ពុជា។ ប្រទេសកម្ពុជានិងថៃ មានទំនាក់ទំនងល្អជាមួយគ្នា ដែលភាគច្រើនប្រជាជនកម្ពុជា បានស្គាល់ទំនិញថៃយ៉ាងច្បាស់ ហើយពាណិជ្ជករកម្ពុជាបានទៅជ្រើសរើសជំនិញថៃដោយផ្ទាល់ ដើម្បីយកមកលក់នៅកម្ពុជា ហើយទំនិញដែលមានគុណភាពនេះហើយបានធ្វើមានគាំទ្រកាន់តែច្រើន។

លោកបានបញ្ជាក់ថា ទៅតាមគោលដៅនិងទិសដៅរបស់ប្រទេសទាំងពីរ គឺរាជរដ្ឋាភិបាលកម្ពុជាថៃ បានកំណត់ថានៅក្នុងឆ្នាំ២០២០ ប្រទេសទាំងពីរនឹងជំរុញទំហំពាណិជ្ជកម្មរហូតដល់១៥.០០០លានដុល្លារ ខណៈពេល៧ខែដើមឆ្នាំ២០១៨ មានទំហំពាណិជ្ជកម្ម ទ្វេភាគីកម្ពុជាថៃ មានប្រមាណ៤.៦០០លានដុល្លារ ។

សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន៦៨ក្រុមហ៊ុន មានស្តង់សរុបចំនួន៨៧ ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា អាហារ និងភេសជ្ជៈ សម្លៀកបំពាក់ និងវាយនភណ្ឌ គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ សម្ភារធ្វើពីស្បែក និងស្បែកជើង សម្ភារតុបតែងផ្ទះ ទំនិញ OTOP របស់ប្រទេសថៃ និងទំនិញផ្សេងៗជាច្រើនទៀត។ ក្នុងអំឡុងពេលរៀបចំពិព័រណ៍នេះ មានការរៀបចំការប្រគំតន្រ្តីក៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង៧ យប់ ដល់ម៉ោង៩ យប់ជារៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង