ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដូវ ពងកូនឆ្នាំ២០២១ សត្វចង្កៀល ខ្យង បានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រហូតដល់រាប់ពាន់ក្បាល

52

ភ្នំពេញ៖ តាមការបង្ហាញឲ្យដឹងពី អង្គការជីវសត្វស្លាបអន្តរជាតិBird Life នៅរសៀលថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី០៥ ខែកក្កដា ឆ្នាំ ២០២១នេះថា ក្នុងរដូវកាលពងកូនឆ្នាំ២០២០-២០២១សត្វចង្កៀលខ្យងបានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន ២.១៨៦ នៅលើដើមរាំងចំនួន ២៧០ដើម។ ការធ្វើសម្បុកនេះជាកំណត់ត្រាថ្មីដែលពុំធ្លាប់មាន ក្នុងរយៈពេលប្រមាណជាង ១៥ឆ្នាំចុងក្រោយនេះ។
ក្រោមជំនួយពីអង្គការBird Life និងដោយការយកចិត្តទុកដាក់ថែរក្សា ការពារពីមន្ត្រីឧទ្យានុរក្សប្រចាំការ ក្រុមការងារទីវាលសម្បុកចង្កៀលខ្យង បានញាស់ជោគជ័យជាបន្តបន្ទាប់ ដែលសម្បុកចុងក្រោយគឺញាស់ក្នុងខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមសម្បុកពងកូនទាំងអស់ (ប្រមាណ ២.១៨៦) មានការញាស់ជោគជ័យប្រមាណ៨៥ភាគរយនិង១៥ភាគរយទៀត រងការខូចខាត តាមរយៈទឹកជំនន់លិចសម្បុកដែលលើដើមឈើទាបៗ ខ្យល់កន្ត្រាក់ធ្លាក់ខូច និង មានជនខិលខូចលួចប្រមូលពងសត្វ។ ចំណែកសម្បុកដែល ញាស់ជោគជ័យ ជាមធ្យមបានកូនចង្កៀល ខ្យងប្រហែល ៥.៥៨០ក្បាល ទទួលរងការខូចខាតអស់កូនប្រហែល ១០ភាគរយ(ស្លាប់ដោយសារជំងឺ និងកត្តាផ្សេងៗ)។ ចំណែក ប្រមាណ ៤០ភាគរយ បង្ខំចិត្តហើរចាកចេញពីសម្បុក និងទ្រនុំ ដោយកត្តារាំងស្ងួតខ្វះប្រភពទឹក និងចំណី។
បច្ចុប្បន្ន មានកូនចង្កៀលខ្យងប្រមាណ ៥០ភាគរយ (ជាមធ្យម ប្រហែល ២.៧៩០ ក្បាល) នៅបន្តស្នាក់នៅលើសម្បុក និងទ្រនុំ ដែលខ្លះទើបតែញាស់ហើយ មិនទាន់អាចហើរបានឆ្ងាយពីមេបា។ យើងបានសង្កើតឃើញផងដែរថា មេបាចាស់ៗបានប្រមូលកំណាត់ឈើ តូចៗបន្ថែម ដើម្បីជួសជុលសម្បុក និង ធ្វើសម្បុកថ្មីលើមែកឈើដែលខ្ពស់ៗជាងមុន។ ក្រុមការងាទីវាលបានសន្និដ្ឋានថា សកម្មភាពនេះជាសញ្ញាល្អ ដែលបញ្ជាក់ថា ចង្កៀលខ្យងនឹងមិនបន្លាស់ទីចេញអស់ពីទីតាំងពងកូនឡើយ ហើយរដូវកាលពងកូនឆ្នាំ២០២១-២០២២ អាចនឹងមានសម្បុកកើនឡើងបន្ថែមទៀត។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ សហការអនុវត្តន៍ដោយ ក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ ព្រមទាំងមានការគាំ ពារ ពីអង្គការជីវសត្វស្លាប អន្តរជាតិBirdL ife អង្គការជីវិតធម្មជាតិនៅកម្ពុជាNature Life និងអង្គការ WWT ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង