ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ អាជ្ញាធររាជធានី អនុវត្តបានជោគជ័យ ប្រមាណ៩៥ភាគរយហើយ

53

 

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការរៀបសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹកនិងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ នៅរាជធានីភ្នំពេញ  គិតដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងាររបស់ខ្លួន សម្រេចបានប្រមាណ៩៥ភាគរយហើយ ។ នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេ បានយ៉ាងរលូននិងទទួលបានជោគជ័យ ។

នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ឲ្យដឹងថា ៖រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមានផ្ទះបណ្ដែតទឹក បែត្រីនិងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រីនិងទូកនេសាទ ក្នុងចំនួននេះ មានបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោក មានចំនួន១២៤២ទីតាំង។

ចំពោះទីតាំងចល័តយើងបានរៀបចំ ឲ្យពួកគាត់ចិញ្ចឹមត្រី ជាបណ្តោះអាសន្នចំនួន២ ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮនិងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង ។ ទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំងដែលបាននិងកំពុង រុះរើមានចំនួន១៧ទីតាំង ។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យ ចំនួន៩៥ភាគរយ គិតមកដល់ពេលនេះ ។

លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ៖ ការអនុវត្តនូវវិធានការជុំវិញ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទឹក តាមដងទន្លេនៅរាជធានីភ្នំពេញនេះទទួលបានជោគជ័យ គឺដោយសារ យើងមានវិធានការចំពោះមុខល្អប្រសើរ សហការបានល្អជាមួយ ដៃគូពាក់ព័ន្ធនិងមានការគាំទ្រ ពីមហាជនយ៉ាងពេញទំហឹង។

លោកប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំសណ្ដាប់ធ្នាប់ លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរ និងទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ៖ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ ជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំអោយប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំអោយបន្តការប្រើប្រាស់ ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាល ក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ ក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹក មិនស្អាតផងដែរ ហើយការងារនេះ បើគិតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង