ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើលុបគម្រោង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

221

 

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានចេញលិខិតមួួជម្រាបទៅលោកគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត សំណើសុំលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងផែនទីហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

បើយោងតាមលិខិតចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនអភិបាលខេត្តកណ្តាលជ្រាបថា កន្លងមកក្រសួងធ្លាប់បានទទួលសំណើជាញឹកញាប់ របស់ប្រជាពលរដ្ឋសុំកែសម្រួល ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រឡាយ … ដែលគ្រោងបង្កើតថ្មី នៅក្នុងផែនទីហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងប្លង់គោលប្រើប្រាស់ដី ដោយកាត់ក្បាលដីកម្មសិទ្ធិឯកជន រួមទាំងលំនៅឋាន ហើយក្រសួងពិនិត្យឃើញថា គម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធសាធារណៈថ្មីនេះ មានលក្ខណៈមិនទាន់សមស្រប ពុំបានសិក្សាស៊ីជម្រៅអំពីស្ថានភាពភូមិសាស្ត្រជាក់ស្តែង។

ដូចនេះ ក្រសួងស្នើអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត លុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងរៀបចំជាថ្មីឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់៕

អត្ថបទដែលជាប់ទាក់ទង