ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មិនត្រូវរឹបអូសទ្រព្យសម្បត្តិ របស់ប្រជាកសិកររងគ្រោះដោយទឹកជំនន់

311

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដី​ថ្លែងការណ៍រួមគ្នា ដោយអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារទាំងអស់ អនុគ្រោះអត្រាការប្រាក់ ពន្យារពេលក្នុងការសងប្រាក់ត្រឡប់ និងមិនត្រូវរឹបអូសទ្រព្យសម្បិត្តិ របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ឡើយ ពោលគឺត្រូវសម្រួលដល់ការប្រឈមផ្នែកហិរញ្ញវត្ថុ ដែលអាចកើតមានពីគ្រោះទឹកជំនន់។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឲ្យលើកទឹកចិត្ត ចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុសូម៖ ១៖ បន្ដផ្ដល់ឥណទានដោយប្រុងប្រយ័ត្ន និងមានយន្ដការដោះស្រាយទន់ភ្លន់ចំពោះអតិថិជន ដែលរងផលប៉ះពាល់​ពីគ្រោះទឹកជំនន់ជាក់ស្ដែង ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំ របស់វិស័យហិរញ្ញវត្ថុ។ ២៖ បន្ដពិនិត្យ និងវាយតម្លៃលទ្ធភាពសង របស់ប្រជាកសិករ ដែលបានរងផលប៉ះពាល់ពីគ្រោះថ្នាក់ទឹកជំនន់ សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ថយរយៈពេលសង បន្ថយអត្រាការប្រាក់ ឬមិនយកការប្រាក់ ក្នុងរយៈពេលណាមួយ និងមិនត្រូវរឹបអូសទ្រព្យសម្បត្តិ របស់ប្រជាកសិករ ព្រមទាំងផ្ដល់ដំណោះស្រាយសមស្របផ្សេងៗ។ ៣៖ បន្ដតាមដានស្ថានភាព និងផលប៉ះពាល់នៃគ្រោះទឹកជំនន់លើប្រជាកសិករ និងផ្ដល់ការគាំទ្រចាំបាច់ស្របតាមកាលទេសៈជាក់ស្ដែង៕

អត្ថបទដែលជាប់ទាក់ទង