ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចររថយន្តពីរគ្រឿងបុកគ្នា

213

ព្រះសីហនុ៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចររថយន្តពីរគ្រឿងបុកគ្នា ម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
គ្រោះថ្នាក់នេះកើតឡើង ក្នុងពេលដែលសម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិ ចនិងអ្នកម្នាង កំពុងយាងទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កឡើង ដោយរថយន្តឈ្នួលមួយគ្រឿង ម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបើកបុកចូលរថយន្ត របស់សម្តេចក្រុមព្រះតែម្តង។ រថយន្តសម្តេចក្រុមព្រះ ម៉ាក BMW ពណ៌ទឹកប្រាក់ ស្លាកលេខ រដ្ឋសភា ៥ ២.០៩០ ។ គ្រោះថ្នាក់នេះ សម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគីរថយន្តឈ្នួល ម៉ាក ហាយលែនឌើ រងរបួស៥នាក់។ អ្នកម្នាង អ៊ុក ផល្លា និងសម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ថ្ងៃទី២៥ មេសា ២០១៥ នេះ ស្ថិតនៅចំណុចភូមិខ្វិតធំ ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានក្បួនរថយន្តរបស់សម្តេចក្រុមព្រះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ត្រូវរថយន្តដឹកដីបុកយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យមនុស្សរងរបួសធ្ងន់-ស្រាល៣ ក្នុងនោះ សម្តេចក្រុមព្រះ និងអ្នកម្នាង បានរងរបួស៕

អត្ថបទដែលជាប់ទាក់ទង