ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករម៉ូតូទឹក សាលី​ ឈ្នះមេដាយមាស សម្រាប់កម្ពុជា

353

ហ្សាការតា៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៥សីហានេះ បានប្រកាសថា ជយោមោទនភាពជាតិខ្មែរ កីឡាករម៉ូតូទឹក សាលី​ បានឈ្នះមេដាយមាស១គ្រឿងទៀត សម្រាប់កម្ពុជា លើវិញ្ញាសា Ski Modified ។

ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងទៀតជូនជាតិ លើវិញ្ញាសា Ski Modified ដែលទើបបញ្ចប់ការប្រកួត បន្ទាប់ពីកីឡាកររូបនេះ ដណ្ដើមបានមេដាយសំរឹទ្ធិ ១គ្រឿងលើវិញ្ញាសា Runabout 1100 Stock នាព្រឹកថ្ងៃទី២៥សីហានេះ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម ។

នេះគឺជាមេដាយមាសទី២ ហើយ ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងបេសកកម្មប្រកួតកីឡា Asian Games ឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីវ័យក្មេង ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១គ្រឿងកាលពីថ្ងៃទី២៤សីហា។

លោក វ៉ាត់ ចំរើន បានថ្លែងថា គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបានសម្តែងនូការសប្បាយរីករាយ ដែលយើងទទួលសមិទ្ធផលមេដាយចំនួន២គ្រឿងពីការកីឡាAsian Games នេះ។ លោកបន្តថា កីឡាកររបស់យើងមានការខិតខំប្រឹងប្រែង និងមានជំនាញល្អណាស់ ក្នុងការធ្វើឲ្យទទួលបាននូវជោគជ័យនូវថ្ងៃនេះ ហើយកីឡាម៉ូតូស្គីដែលទើបនឹងបង្កើតឡើង មិនទាន់បានមួយឆ្នាំផង យើងទទួលបានមេដាយមាស នេះជាមោទនភាពជាតិទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានមេដាយមាសជូនជាតិមាតុភូមិយើង ។ លោកបានបញ្ជាក់ថា មុននឹងមកចូលរួមប្រកួតនៅទៅនេះ គឺទទួលបានការលើកទឹកចិត្តដោយផ្ទាល់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលធ្វើឲ្យយើងទទួលបានល្អជាចុងក្រោយនេះ ហើយនេះជាការបំបែកឯតទគ្គកម្ម តាំងពីឆ្នាំ១៩៥៤ មកម្ល៉េះ។ លោកវ៉ាត់ ចំរើន បានបញ្ជាកថា សុបិនរបស់កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ក្លាយជាការពិតដែលប្រកួតតំណាងឲ្យជាតិ។

ប្រធានសហព័ន្ធកីឡាម៉ូតូស្គីកម្ពុជា បានបញ្ជាក់ថា យើងបានឈ្នះមេដាយមាស លើប្រទេសផ្សេងៗចំនួន១២ប្រទេស ហើយមេដាយមាស ដែលយើងទទួលបាននេះ ឆ្លងកាត់ការតស៊ូយ៉ាងស្វិតស្វាញបំផុតដោយកីឡាកររបស់យើងធ្វើបានយ៉ាងល្អ និងធ្វើតាមបទប្បញ្ញត្តិបច្ចេកទេស ហើយម្យ៉ាងទៀតកីឡាករផ្ទាល់តែម្តង បានប្តេជ្ញាចិត្ត​និងមានឆន្ទៈយ៉ាងខ្ពស់ ក្នុងតស៊ូព្យាយាមដណ្តើមយកមេដាយមាសនេះ៕



អត្ថបទដែលជាប់ទាក់ទង