ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀង ​ករណី​បុរស​ម្នាក់​បង្ក​ហិង្សា​ដោយ​ចេតនា​ ប៉ុនប៉ង​មនុស្សឃាត​ លើ​លោកយាយ​អាយុ​៧៨​ឆ្នាំ​ម្នាក់​ដល់​ក្រោមផ្ទះ​ នៅ​ឃុំ​កំពង់ត្រាច​

150

 

​ស្រុក​រមាស​ហែក​ ៖ ជនសង្ស័យឈ្មោះ ឈឹម សំអុន ​បង្ក​ហិង្សា​ដោយ​ចេតនា​ ប៉ុនប៉ង​មនុស្សឃាត​ លើ​លោកយាយ​អាយុ​៧៨​ឆ្នាំ​ម្នាក់​ដល់​ក្រោមផ្ទះ​ នៅ​ឃុំ​កំពង់ត្រាច ត្រូវបានសមត្ថកិច្ចអធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ បច្ចុប្បន្នបានធ្វើការ ឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងរួចហើយ។

​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​ ១៨​ ខែកក្កដា​ ឆ្នាំ​២០២១​ សារព័ត៌មានបានចេញផ្សាយអត្ថបទដែល​មាន​ចំណងជើង​ថា​​ ​កំពូល​មហា​អយុត្តិធម៌​ក្នុង​លោក​ ពលរដ្ឋ​ចោទ​ថា​ ករណី​បុរស​ម្នាក់​បង្ក​ហិង្សា​ដោយ​ចេតនា​ ប៉ុនប៉ង​មនុស្សឃាត​ លើ​លោកយាយ​អាយុ​៧៨​ឆ្នាំ​ម្នាក់​ដល់​ក្រោមផ្ទះ​ ខណៈ​ដែល​សមត្ថកិច្ច​ ទាំង​អធិការ​ និង​មេ​ប៉ុស្តិ៍​ មិន​ហ៊ាន​ដោះស្រាយ​ ថែម​ទាំង​កែ​សំណុំរឿង​ ក្រោម​ហេតុផល​ថា​ ជន​បង្ក​មាន​ខ្នង​ធំ​ណាស់​ កើតហេតុ​ស្ថិត​នៅ​ភូមិ​ឈើភ្លើង​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។

អធិការដ្ឋាននគរបាលស្រុករមាសហែក សូមធ្វើការបំភ្លឺជូនដូចខាងក្រោម ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុករមាសហែក បានទទួលពាក្យបណ្តឹងពីឈ្មោះ ពុត សាមិ ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានប្តឹងចោទ ប្រកាន់ទៅលើឈ្មោះ ឈឹម សំអុន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៩និង២០នាទី មានឈ្មោះ ឈឹម សំអុន បានយកដំបងឫស្សីចូលមកវាយខ្លួនបណ្តាលឲ្យ ខ្លួនដួលទៅលើដី រួចវាយនិងទាត់ខ្លួនបណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

បន្ទាប់ពីទទួលពាក្យបណ្តឹងខាងលើនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រាច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស៊ើប អង្កេត និងបានពិនិត្យឃើញថា ជនរងគ្រោះ និងជនសង្ស័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក រមាសហែក ដូចគ្នា។

រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីឈ្មោះ ឈឹម សំអុន ចេញពីមន្ទីរពេទ្យ សមត្ថកិច្ចយើង ក៏បានធ្វើការកោះអញ្ជើញឈ្មោះ ឈឹម សំអុន ឲ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញរឿងហេតុខាងលើភ្លាម ចំពោះមុខសមត្ថកិច្ច ឈ្មោះ ឈឹម សំអុន បានឆ្លើយសារភាព ថាខ្លួនពិតជាបានប្រព្រឹត្តពិតប្រាដកមែន។ ជនសង្ស័យឈ្មោះ ឈឹម សំអុន ត្រូវ បានសមត្ថកិច្ចយើងឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ បច្ចុប្បន្នបានធ្វើការ ឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង