ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូនព័ត៌មាន ស្តីពីការបង្ការបញ្ហា សុខភាពបណ្តាល មកពីចំណីអាហារ និងចំណីអាហារកក ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ស្ថិតនៅក្នុងដំណាក់កាល ដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩

88

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ចេញ សេចក្តីជូនព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ស្ថិតនៅក្នុងដំណាក់កាលដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ. ប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (គ.ប.ទ) វ.ក-១៩)
ប្រធានក្រុមការងារផ្សព្វផ្សាយបណ្តាញសង្គមនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូម ធ្វើការណែនាំ និងជម្រាបជូនដល់សាធារណៈជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ ចំណីអាហារ ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីឱ្យបុគ្គលមានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ការពុលអាហារ និងការពុលស្រា ។ បញ្ហាសុខភាពបណ្តាល មកពីចំណីអាហារ បង្កឡើងតាមរយៈការប៉ះ ពាល់ ការទទួលទានចំណីអាហារ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ក្នុងនោះ ក៏អាចមានវីរុស កូវីដ-១៩ ផងដែរ។ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានការសិក្សាខ្លះបានបង្ហាញថា មានវីរុសកូវីដ-១៩ អាចនៅរស់ នៅលើអាហារកកៗដែរ បើទោះបីជាវីរុសកូវីដ-១៩ មិនអាចបង្កើតកូនចៅ ក្នុងចំណីអាហារបានក៏ដោយ ។ ក្នុងន័យនេះ ក្រសួង សុខាភិបាលសូមជម្រាបជូនថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ ឬពីអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធាន ការណ៍អនាម័យចំណីអាហារ ឱ្យបានជាប់ជានិច្ច ។

អង្គការសុខភាពពិភពលោក បានកំណត់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ ដែល ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការដកដង្ហើមចូលនូវតំណក់ទឹកតូចៗដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្តាស់ ឬខ្នាតមកប៉ះមាត់ ច្រមុះ ភ្នែក ក្នុងចំងាយតិចជាងមួយម៉ែត្រ ឬក្នុងស្ថានភាពខ្លះដោយប៉ះពាល់ជាមួយនឹងផ្ទៃ ឬវត្ថុ ដែលអ្នកមានវីរុសកូវីដ-១៩ ប៉ះពាល់ រួចយកដៃរបស់ខ្លួនមកប៉ះភ្នែក ច្រមុះ ឬមាត់ ដែលជាហេតុនាំឱ្យវីរុសកូវីដ-១៩ ចូលទៅក្នុង ខ្លួនបាន ហើយវីរុសកូវីដ-១៩ នេះ ត្រូវការជម្រកនៅលើមនុស្ស ឬសត្វ ដើម្បីបង្កើតកូនចៅ។ ម៉្យាងវិញទៀត តំណក់ទឹកតូចៗ ដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្ដាស់ ដែលមានទម្ងន់ធ្ងន់ពេក មិនអាចអណ្តែតក្នុងខ្យល់បាន ដែលតំណក់ទឹក នេះ នឹងធ្លាក់ទៅលើវត្ថុ និងផ្ទៃជុំវិញអ្នកដែលមានវីរុសកូវីដ-១៩ ហើយអ្នកផ្សេងទៅប៉ះវត្ថុ និងផ្ទៃដែលប្រលាក់នោះ ឬប៉ះពាល់ ជាមួយដៃរបស់អ្នកដែលមានវីរុសកូវីដ-១៩ បន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេ ដែលធ្វើឱ្យមានការចម្លង។ ជាឧទាហរណ៍ វាអាចកើតឡើងនៅពេលចាប់ដៃគ្នា ឬកាន់ដៃទ្វារ ហើយបន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែក ជាដើម។

ការស្រាវជ្រាវថ្មីៗ ធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដែលមានសំណើម និងសីតុណ្ហភាពដែលអាចគ្រប់គ្រងបាន បានវាយ តម្លៃពីការរស់រាននៃវីរុសកូវីដ-១៩ នៅលើផ្ទៃផ្សេងៗគ្នា ហើយបានរាយការណ៍ថា វីរុសកូវីដ-១៩ អាចរស់រានរហូតដល់ ៧២ម៉ោង នៅលើប្លាស្ទិក នៅលើដែកអ៊ីណុកស្ពាន់រហូតដល់ ៤ម៉ោង និងនៅលើក្រដាសកាតុងធ្វើកេសចំនួនប្រហែលជា ២៤ម៉ោង ។

ជាការចាំបាច់សម្រាប់ឧស្សាហកម្មម្ហូបអាហារ ក្នុងការពង្រឹងវិធានការអនាម័យផ្ទាល់ខ្លួន និងផ្ដល់ការបណ្ដុះបណ្ដាល លឹកឡើងវិញ ពីលើគោលការណ៍អនាម័យចំណីអាហារ ដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យនៃផ្ទៃចំណីអាហារ និងសម្ភារៈ វេចខ្ចប់អាហារដែលអាចឆ្លងមេរោគផ្សេងៗ ជាពិសេសវីរុសកូវីដ-១៩ ពីបុគ្គលិកដែលធ្វើម្ហូបអាហារ។ ការប្រើប្រាស់សម្ភារៈ ការពារផ្ទាល់ខ្លួនត្រឹមត្រូវ ដូចជាម៉ាស់ និងស្រោមដៃ អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរីករាលដាលនៃវីរុស និងជំងឺនានា។

នៅក្នុងឧស្សាហកម្មចំណីអាហារ។ លើសពីនេះទៀត អ្នកទទួលខុសត្រូវឧស្សាហកម្មចំណីអាហារ ត្រូវណែនាំបុគ្គលិកដែល បម្រើការក្នុងនោះ ត្រូវរក្សាគម្លាតសុវត្ថិភាពពីមួយម៉ែត្រកន្លះយ៉ាងតិចឱ្យបានជាប់ជានិច្ច និងវិធានការអនាម័យឱ្យបានយ៉ាង តឹងរ៉ឹង និងកាត់ចត់ ព្រមទាំងលើកកម្ពស់ការលាងសម្អាតដៃ និងការធ្វើអនាម័យដៃនេះ ឱ្យបានញឹកញាប់ និងមានប្រសិទ្ធភាព នៅដំណាក់កាលនីមួយៗ នៃការកែច្នៃផលិតកម្ម ឬផលិតម្ហូបអាហារ និងទីផ្សារ។ វិធានការណ៍ខាងក្រោមនេះ នឹងការពារបុគ្គលិក ពីការចម្លងរាលដាលវីរុសកូវីដ-១៩ ក្នុងចំណោមបុគ្គលិកធ្វើការជាមួយគ្នា រក្សាកម្លាំងពលកម្មដែលមានសុខភាពល្អ និងជួយការ រកឃើញ និងដាក់បុគ្គលដែលមានវីរុសកូដ-១៩ និងការទំនាក់ទំនងរបស់បុគ្គលនោះ បានភ្លាមៗពីកន្លែងធ្វើការ។

ជាការសំខាន់ណាស់ នៅក្នុងការរក្សាការអនុវត្តអនាម័យនៅទីតាំងនីមួយៗដូចជា អាហារស្រស់ ផលិតផលនំ ឬកន្លង ដែលផលិត ឬរៀបចំម្ហូបអាហារ ជាដើម។ អតិថិជនដែលជាអ្នកប្រើប្រាស់ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ជាមួយទឹកស្អាតឱ្យបាន ស្អាតត្រឹមត្រូវ មុនពេលទទួលទាន។ ទាំងអតិថិជន និងបុគ្គលិក ឬអ្នកលក់ដូរ គួរសង្កេតឱ្យបានម៉ឹងម៉ាត់នូវអនាម័យផ្ទាល់ខ្លួនឱ្យ បានល្អគ្រប់ពេល ជាពិសេសនៅជុំវិញកន្លែងដែលមានម្ហូបអាហារកក សាច់កក អាហារស្រស់ បន្លែផ្លែឈើ ជាដើម ត្រូវប្រញាប់ និងឧស្សាហ៍លាងសម្អាតដៃជានិច្ច ក្រោយប៉ះពាល់ ឬចាប់កាន់អាហារឆៅ អាហារស្រស់ទាំងអស់នោះ ។

ការរក្សាឱ្យបុគ្គលិកទាំងអស់នៅក្នុងសង្វាក់ផលិតកម្ម និងបណ្ដាញផ្គត់ផ្គង់អាហារ ឱ្យមានសុខភាពល្អ និងមានសុវត្ថិភាព គឺជាការចាំបាច់ ដើម្បីការរស់រានមានជីវិត និងចៀសផុតពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។ ការរក្សាចលនាចំណី អាហារនៅតាមខ្សែសង្វាក់ម្ហូបអាហារ គឺជាមុខងារចាំបាច់ដែលអ្នកពាក់ព័ន្ធទាំងអស់ នៅតាមបណ្តោយខ្សែសង្វាក់ម្ហូបអាហារ ត្រូវចូលរួមវិភាគទានទាំងអស់ ដើម្បីរក្សាទំនុកចិត្តពីអ្នកប្រើប្រាស់ចំពោះសុវត្ថិភាព និងភាពអាចរកបាននអាហារដែលមាន សុវត្ថិភាពល្អត្រឹមត្រូវ។ ឧស្សាហកម្មចំណីអាហារ ត្រូវមានលក្ខខណ្ឌមូលដ្ឋាន និងសកម្មភាពចាំបាច់ ដើម្បីរក្សាអនាម័យបរិស្ថាន កែច្នៃអាហារ ដោយធានាបាននូវការអនុវត្តន៍អនាម័យល្អ ការសម្អាត ការដាក់តំបន់កែច្នៃ ការត្រួតពិនិត្យអ្នកផ្គត់ផ្គង់ ការស្តុកទុក ការចែកចាយ និងការដឹកជញ្ជូនប្រកបដោយអនាម័យត្រឹមត្រូវ ព្រមទាំងអនាម័យបុគ្គលិក និងកាយសម្បទា ដើម្បីធ្វើការងារ ប្រកបដោយសុវត្ថិភាព ។

អង្គការសុខភាពពិភពលោកណែនាំថា បុគ្គលដែលមានអាការៈមិនស្រួលខ្លួន គួរតែនៅផ្ទះកុំទៅធ្វើការ។ បុគ្គលិកដែល ធ្វើការក្នុងវិស័យស្បៀងអាហារ ត្រូវដឹងអំពីរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ រួមមាន គ្រុនក្តៅយ៉ាងតិច៣៧.៥ អង្សាសេ ក្អក អស់ កម្លាំង បាត់បង់រសជាតិ ឬបាត់បង់ក្លិន សូមរាយការណ៍ប្រាប់ស្ថាប័នរបស់ខ្លួន ឬ ទាក់ទងទូរស័ព្ទ១១៥ ។ ប្រតិបត្តិករអាជីវកម្មម្ហូប អាហារ ចាំបាច់ត្រូវមានសេចក្ដីណែនាំជាលាយលក្ខណ៍អក្សរសម្រាប់បុគ្គលិក ក្នុងការរាយការណ៍អំពីរោគសញ្ញា និងគួរមាន គោលនយោបាយការងារក្នុងការអនុញ្ញាតឱ្យបុគ្គលិកឈប់បណ្ដោះអាសន្នក្នុងកំឡុងពេលមានជំងឺ។ បញ្ហាសំខាន់បំផុត គឺដើម្បីឱ្យ បុគ្គលិកមានសមត្ថភាពក្នុងការសម្គាល់រករោគសញ្ញា និងរាយការណ៍ឱ្យបានឆាប់ ដើម្បីអាចស្វែងរកការថែទាំ និងការធ្វើតេស្ត រហ័ស ឬតេស្តវេជ្ជសាស្ត្រសមស្រប និងកាត់បន្ថយហានិភ័យនៃការឆ្លងដល់មិត្តរួមការងារបានទាន់ពេលវេលា។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចូលរួមដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីការពារខ្លួនឯង ក្រុម គ្រួសារខ្លួន និងសង្គមជាតិ ដោយអនុវត្តនូវកូនសោរគន្លឹះ ៥យ៉ាង សំរាប់ធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អ ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ៖

១.ការរក្សាអនាម័យ៖

ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬដែល លាងដៃមុន និង ក្រោយ ចាប់កាន់ចំណីអាហារ ម្ហូបអាហារកក សាច់កក អាហារស្រស់ បន្លែផ្លែឈើ ជាដើម។

២.លាងសម្អាតជាមួយសាប៊ូ និងទឹកស្អាតឬជូតសម្អាតវត្ថុ និងផ្ទៃនានាដែលសង្ស័យថាមានប្រលាក់ ឱ្យបានស្អាតជានិច្ច។ ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា។

៣. ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត អាហារសមុទ្រ និងអាហារដែលយកចេញពីការ បង្កក ចៀសវាងការចម្លងវីរុស ឬមេរោគជាយថាហេតុ។

៤. មិនត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ

៥. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ។ ប្រើប្រាស់ទឹក និងវត្ថុធាតុដើមដែលមានសុវត្ថិភាព ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យគ្រប់រូប ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនជានិច្ច កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួន ឱ្យស្របតាមការ “ រៀនរស់នៅជាមួយវត្តមាន វីរុសកូវីដ ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុស កូវីដ-១៩ និងបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ និងសូមកុំទៅកាន់ទីតាំង ៣ ““ (កន្លែងមនុស្សជួប ជំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) ដែលជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បី ទទួលទានបាយរួមគ្នា ឬបង្កឱ្យមានការជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅផ្ទះ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងសូម មាតាបិតា អាណាព្យាបាល នាំកូនចៅដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ នៅពេលដែលដល់វេនរបស់ខ្លួន ទៅចូល រួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត ឱ្យបានគ្រប់ៗគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង