ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ណែនាំទៅពលករខ្មែរ កំពុងធ្វើការនៅក្នុងប្រទេសថៃ កុំចេញពីកន្លែងស្នាក់នៅ ដើម្បីឆ្លងដែនត្រឡប់មកខ្មែរវិញ ព្រោះព្រំដែនបិទហើយ

38

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានចេញសេចក្តីណែនាំ ទៅពលករខ្មែរកំពុងធ្វើការ នៅក្នុងប្រទេសថៃ កុំចេញពីកន្លែងស្នាក់នៅ ដើម្បីឆ្លងដែនត្រឡប់មកខ្មែរវិញ ព្រោះព្រំដែនកម្ពុជាថៃ ត្រូវបានបិទរយៈពេល១៤ថ្ងៃ។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៩ ខែកក្កដា នេះថា ចាប់ពីម៉ោងនេះតទៅ សូមបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។ បើទោះបីជាបងប្អូនមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញ ក៏ត្រូវពន្យារពេល យ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

លោក ហេង សួរ បានបញ្ជាក់ថា ចំពោះមុខនេះ ប្រសិនបើពលករធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺនឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅ កន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបំរាមរបស់អាជ្ញាធរថៃ ដូច្នេះត្រូវប្រឈមនឹងការចាត់ វិធានការច្បាប់ផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរ ឆ្លងព្រំដែនកម្ពុជា-ថៃ ចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta)។ ការធ្វើដំណើរឆ្លងព្រំដែន អនុញ្ញាតតែការដឹកទំនិញ និងការធ្វើដំណើរចាំបាច់តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង