ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍

184


១) ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា រយៈពេល១ខែហើយ ​ដែលក្រុមហ៊ុន រិទ្ធិមុន្នី មិនចូលរួមសហការ ជាមួយសមត្ថកិច្ច និងមិនបានបង្ហាញអត្តសញ្ញាណរបស់អ្នកបើកបរ ដល់កម្លាំងជំនាញ ក្នុងករណីគ្រោះថ្នាក់ចរាចរ ទិសដៅបញ្ច្រាសគ្នា បណ្តាលភាគីម្ចាស់ទៀត ស្លាប់ម្នាក់ ។
មជ្ឈដ្ឋានពលរដ្ឋបាននិយាយថា នេះគឺជាការគេចវេះមិនទទួលខុសត្រូវ របស់ក្រុមហ៊ុន រិទ្ធិមុន្នី ចំពោះជនរងគ្រោះ គឺមិនត្រឹមតែករណីនេះទេ គឺមានច្រើនករណីផ្សេងទៀត។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨នេះ ចំពោះ ករណីនេះ គឺកម្លាំងជំនាញយើង មិនទាន់ដោះស្រាយរួចនូវឡើយទេ ដោយសារតែខាងក្រុមហ៊ុន រិទ្ធិមុន្នី មិនចូលរួមសហការជាមួយសមត្ថកិច្ចយើង ដោយមិនបានបង្ហាញ អត្តសញ្ញាណរបស់អ្នកបើបរ ដល់កម្លាំងជំនាញយើង ។ បញ្ជាក់ ៖ ករណីនេះកើតឡើង នៅយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០.០០នាទីយប់ នៅចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង រវាងរថយន្តមេការក្រុមហ៊ុនគាធី និងរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី បានបើកបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យខាង រថយន្តក្រុមហ៊ុនគាធី ស្លាប់បុរសម្នាក់ “។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០.០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក រវាងរថយន្តមេការក្រុមហ៊ុនគាធី និងរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី បានបើកបុកគ្នាក្នុងទិសដៅបញ្ច្រាស លើដងផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ១០៥-១០៦ ស្ថិតនៅចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។
រថយន្តក្រុមហ៊ុនគាធី ម៉ាក តូយ៉ូតា តាកូម៉ា ១បាំងកន្លះ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2Q-5670 ទិសដៅ កោះកុង-ភ្នំពេញ បើកបរដោយ ឈ្មោះ អយ ចាន់ថន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់) ចំពោះរថយន្ត រងការខូចខាតមួយចំនួនធំ ។​ ដោយឡែករថយន្តក្រុងក្រុមហ៊ុន រិទ្ធិមុន្នី ពណ៌ក្រហម ​ពាក់ស្លាកលេខ ភ្នំពេញ 3B.4084 បើកក្នុងទិសដៅ ភ្នំពេញ-កោះកុង សមត្ថកិច្ចជំនាញយើង យកព័ត៌មិនទាន់បាន ដោយសារក្រោយកើតហេតុ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បានរត់គេចខ្លួនអស់ ។​
ករណីខាងលើនេះ ជនរងគ្រោះខាងលើ បានស្លាប់ នៅនឹងកន្លែងកើតហេតុ ពេលនេះបានដឹកមកមណ្ឌលសុខភាពត្រពាំងរូង និងធ្វើការផ្តល់ជូនទៅតំណាងក្រុមក្រុមហ៊ុនគាធី ដើម្បីដឹកយកទៅជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណីសាសនា ៕

២)រឿង​ទំនាស់​ដីធ្លី ចោទ​ប្រកាន់​​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក លី សាម៉េត អគ្គ​នាយក​រង​ក្រុម​ហ៊ុន​អេងឌីប៉ូ ជា​មួយ​នឹង​លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្តាល កំពុង​ក្តីគកុក ហើយ​លោក លី សាម៉េត កាលពីរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ មិនបាន​បង្ហាញខ្លួននៅក្នុងតុលាការ តាមដីការកោះរបស់លោក​ខាំ សុផារី ព្រះ​រាជអាជ្ញារង​នៃ​អយ្យការអម​សាលា​ដំបូង រាជធានី​ភ្នំពេញ ។
លោក លី សាម៉េត ត្រូវ​បានគេមើលឃើញថា បាននាំកូនចៅបក្ខពួក និងអ្នកសារព័ត៌មាន​ប្រចាំខ្លួនជាច្រើនស្ថាប័ន ទៅស្បថនៅព្រះអង្គដងកើ កាលពីប៉ុន្មានថ្ងៃមុន ។ ការស្បថរហូតដាក់ឲ្យខ្លួនឯងរលាយរូបពីលើលោកនេះ ក្នុងរឿងទំនាស់ដីធ្លីដែលចោទលោកចៅហ្វាយខេត្តកណ្តាល ថាបានរំលោភបំពានយកដីរបស់លោកលី សាម៉េត ទៅហែកចែកគ្នា និងធ្វើរបាយការណ៍ភូតកុហកសម្តេចតេជោ ហ៊ុន សែន ។ ប៉ុន្តែធាតុពិត លោកលី សាម៉េត ខ្លួនឯង មិនហ៊ានបង្ហាញខ្លួននៅចំពោះមុខតុលាការ តាមការប្តឹងរបស់លោកអភិបាលខេត្តកណ្តាល។ លោកលី សាម៉េត ក៏មិនបាន​បញ្ជាក់ប្រាប់តុលាការដែរ ថាខ្លួនជាប់រវល់ឬសុំពន្យារពេលចូលខ្លួនក្នុងតុលាការនោះ គឺលោកលី សាម៉េត ហាក់បីដូចជាមើលស្រាលចំពោះតុលាការក្រុងភ្នំពេញ។
សូមបញ្ជាក់ថា លោក​ខាំ សុផារី ព្រះ​រាជអាជ្ញារង​នៃ​អយ្យការអម​សាលា​ដំបូង រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អញ្ជើញ​លោក លី សាម៉េត ស្នាក់​នៅ​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មក​កាន់​អយ្យការអម​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ២២ខែ​សីហា ២០១៨ វេលា​ម៉ោង ៣ នៅ​ជាន់​ទី២ បន្ទប់ ក ដើម្បី​​បំភ្លឺ ពី​ដំណើរ​រឿង បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង បទប្រមាថ តាម​បណ្តឹង ឈ្មោះ ម៉ៅ ភិរុណ ។
ក្នុង​ដីកា​កោះ​នោះ លោក​ព្រះ​រាជអាជ្ញា បាន​ស្នើ​ដល់​លោក​លី សាម៉េត ត្រូវ​អញ្ជើញ តាម​លិខិត​អញ្ជើញ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់​ទង​នឹង​រឿង​នេះ មកជា​មួយ​ផង ប្រសិន​បើ​មាន។
សូមបញ្ជាក់ថា លោក លី សាម៉េត សូមគោរពអញ្ជើញលោកអភិបាលខេត្ត ម៉ៅ ភិរុណ ទៅស្បថនៅមុខព្រះអង្គដងកើ ពាក់ព័ន្ធនឹងដីនៅឃុំកំពង់អុស ដើម្បីបង្ហាញភាពស្មោះត្រង់ ។ លោក លី សាម៉េត បានមកស្បថនៅមុខព្រះអង្គដងកើរួចហើយនៅម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដូចតាមការសន្យាដើម្បីបង្ហាញពីភាពស្មោះត្រង់ ដែលលោកអភិបាលខេត្ត ម៉ៅ ភិរុណ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ចោទក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ថា រំលោភយកដីប្រជាពលរដ្ឋ នៅឃុំកំពង់អុសនោះ គឺជារឿងមិនពិត ហើយក្នុងពេលស្បថនោះ លោក លី សាម៉េត បានអះអាងប្រាប់ទេវតានិងមេឃដីថាខ្លួន ជាអគ្គនាយក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ។ ហេតុដូច្នេះបានជា លោក លី សាម៉េត មកស្បថដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ និងលោក ម៉ៅ ភិរុណ បានឃើញនឹងពិចារណាចុះ។ ប៉ុន្តែដល់កំណត់របស់តុលាការ នាថ្ងៃទី២២ ខែសីហា លោកលី សាម៉េត មិនបង្ហាញខ្លួន។
ប៉ុន្តែទោះយ៉ាងណា លោក អភិបាលខេត្តកណ្តាល ហាក់មិនបានឆ្លើយឆ្លងរឿងស្បថជាមួយលោក លី សាម៉េត នោះទេ ដោយគ្រាន់តែ ផ្ញើសារទៅលោក លី សាម៉េតថា ឲ្យគោរពនិងធ្វើតាមដីការរបស់តុលាការទៅ ៕

៣) ក្រុមចោរ មានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង នៅវេលាថ្ងៃត្រងថ្ងៃទី២៣សីហានេះ ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានអះអាងថា ក្រុមចោរបានធ្វើសកម្មភាព ប្លន់យកលុយអស់ជាច្រើនផងដែរ ហើយគេចខ្លួនបាត់។
ករណី ប្លន់លុយនៅក្នុងធនាគារទាំងកណ្ដាលថ្ងៃ សមត្ថកិច្ចចុះប្រតិបត្តិការភ្លាមៗ ឡោមព័ទ្ធ និងចាប់បានម្នាក់ ក្នុងចំណោមជនល្មើស៥នាក់។
អ្នកចោមរោមមើលហេតុការណ៍ បាននិយាយថា ក្រុមចោរព្រហើនណាស់ ហ៊ានចូលប្លន់ក្នុងធនាគារ ខណៈពេលមានកម្លាំងសមត្ថកិច្ច ឈរយាមការពារមានទាំងកាំភ្លើងក្នុងដៃ តែក្រុមធ្វើសកម្មភាពបានសម្រេច ដោយគ្មានការផ្ទុះអាវុធ។
នេះករណីទី១ហើយដែលក្នុងរាជធានីភ្នំពេញ មានចោរមកប្លន់ធនាគារ ស្របពេលដែលមួយរយៈពេលចុងក្រោយនេះ មានក្រុមជនជាតិចិន បានចេញធ្វើសកម្មភាពប្លន់ និងឆក់ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន៕

៤)ក្នុងឱកាសអញ្ជើញជួបកម្មករ នៅក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ សម្តេចតេជោ នឹងអាចលើកលែងទោស ដល់អ្នកជាប់ពន្ធនាគារកន្លងមក ដែលការលើកលែងទោសនេះ អាចនឹងធ្វើ ឡើងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ និងបុណ្យរំលឹកខួប ២០ឆ្នាំនៃនយោបាយ ឈ្នះ-ឈ្នះ ក្នុងពេលខាងមុខនេះជាដើម។
សម្តេចតេជោបន្ថែមថា “ការលើកលែងទោសនេះ គឺជាគុណធម៌ និងសមាណចិត្តផ្ទាល់របស់សម្តេច គឺមិនមែនដោយសារការគាបសង្កត់ពីបរទេសណាឡើយ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រក្នុងការចាត់តាំងសម្តេចជានាយករដ្ឋមន្ត្រី គឺខុសពីការតែងតាំង។ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យអ្នករិះគន់បែងចែងឲ្យច្បាស់ពីខ្លឹមសារនៃការចាត់តាំង និងតែងតាំង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីគុណតម្លៃនៃការបង្កើត “ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលបានផ្តល់ឱកាសឲ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតកាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីរួមគ្នាពិគ្រោះយោបល់រកចំណុចល្អវិជ្ជមាន យកទៅអនុវត្តន៍ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងធ្វើឡើងនៅពេលបោះឆ្នោត តែក្រោយការបោះឆ្នោតត្រូវរួបរួមគ្នាក្នុងការកសាងជាតិ។ ព្រោះតែស្មារតីនៃការរួបរួមនេះហើយ ទើបសម្តេចសម្រេចផ្តួចផ្តើមគំនិតបង្កើតឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបី ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ បង្កើតមិនទាន់យ៉ាងណាក្តី ក៏ត្រូវអញ្ជើញតំណាងគណបក្ស នយោបាយទាំងអស់ឲ្យមកពិគ្រោះ និងផ្តល់យោបល់លើច្បាប់ថវិកាផងដែរ មុនដាក់ទៅគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ព្រោះតែធ្លាប់អនុវត្តន៍នូវនយោបាយឈ្នះឈ្នះនេះហើយ ទើបសម្តេចសម្រេចប្រមូលគ្រប់ធនធានមកពីបក្សនយោបាយទាំងអស់ នៅក្នុងអាណត្តិនេះមកធ្វើការបម្រើប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការសោកស្តាយចំពោះគណបក្សនយោបាយមួយចំនួន ដែលសម្តេចបានផ្តល់ឱកាសទៅហើយបែរជាមិនចូលរួមទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “សម្តេចចង់មានការលើកលែងទោសទ្រង់ទ្រាយធំ តែសូមកុំនិយាយថា ការលើកលែងទោសនេះ ព្រោះតែគំនាបបរទេស។ នៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ សម្តេចចង់មានការលើកលែងទោសទ្រង់ទ្រាយធំ ដែលក្នុងនោះសម្តេចគ្រោងនឹងលើកលែងទោសអតីតមន្រ្តីរបស់បក្សប្រឆាំង១២នាក់ផងដែរ។ ប្រសិនបើមានការលើកឡើងណាមួយថា ការដោះលែងរបស់សម្តេចធ្វើព្រោះគំនាបរបស់បរទេសនោះសម្តេចនឹងពិចារណាឡើងវិញ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានចេញបញ្ជាឲ្យក្រសួងសាធារណការ និងក្រសួងអភិវឌ្ឍន៍ត្រៀមស្តារឡើងវិញនូវផ្លូវដែលរងការខូចខាត។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅក្រសួងសុខាភិបាលត្រៀមបង្ការទប់ស្កាត់បញ្ហាជំងឺចំពោះប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៧.៥០៣នាក់ មកពីរោង ចក្រ សហគ្រាសចំនួន១២ ដែលពិធីសំណេះសំណាលនេះបានធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១២នេះ មានទីតាំងស្ថិត នៅស្រុកគៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១ ។ រោងចក្រ សហគ្រាសទាំងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១ ដែលវិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និង វិនិយោគដោយជនជាតិ វៀតណាមចំនួន១ ។
សម្តេចតេជោនាយករដ្ឋ មន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាក នៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះ គឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពគ្នារវាងកម្មករ និងម្ចាស់រោង ចក្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរពីគុណតម្លៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចតេជោ បានបង្កើតឡើង ក្នុងការធ្វើសមាហរណកម្មរវាងក្រុមអាវក្រហម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុង និងបន្តកសាងអភិវឌ្ឍប្រទេសឲ្យរីកម្រើនដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធ្វើពិធីបុណ្យធំដើម្បីរំលឹកដល់ខួប ២០ឆ្នាំនៃការបង្កើតនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី២៩ ទី៣០ និងទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ស្របពេលនៃរៀបចំឆ្លងឆ្នាំសកលនៅទីនោះតែម្តង។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចុះជួយដល់ បងប្អូនប្រជាពលរដ្ឋតាមបណ្តាលខេត្តមួយចំនួន ដែលទទួលរងគ្រោះដោយទឹកជំនន់ ក្នុងនោះក្រសួងកសិកម្ម ត្រូវត្រៀមពូជស្រូវសម្រាប់ជូនប្រជាពលរដ្ឋក្រោយទឹកចុះស្រកផងដែរ។ ចំណែកឯក្រសួង សុខាភិបាលវិញ ត្រូវតែបង្កើនការយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះទឹកជំនន់ និងពេលទឹកស្រកដោយត្រូវពង្រឹង និងបន្ថែមសកម្មភាពតាម មណ្ឌលសុខភាព និងមន្ត្រីពេទ្យបង្អែកនានា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏សូមអំពាវនាវដល់ ធនាគារ ជាតិនៃកម្ពុជា ត្រូវធ្វើការងារជាមួយធនាគារឯកជន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បី បន្ធូរបន្ថយការ ប្រាក់ ឬ លក្ខខណ្ឌងាយស្រួលក្នុងការទទួលបាននូវប្រាក់កម្ចីផ្សេងៗដើម្បីគាត់មានលទ្ធភាពយកទៅ សង្គ្រោះដំណាំរបស់គាត់ដែលទទួលរងការខូចខាត។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តី មោទនៈភាពចំពោះក្មួយៗ សិស្សានុសិស្សដែលទើបតែ ប្រឡងបាក់ឌុបហើយ ក្នុងពេលថ្មីៗនេះ។ សម្តេចតេជោ បានជូនពរឲ្យក្មួយៗបានប្រឡងជាប់គ្រប់ៗគ្នា និងទទួលបាននិទ្ទេស (A) ដើម្បីត្រៀម ខ្លួននឹងត្រូវជួបសម្តេចតេជោនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋ និងកម្មករទាំងអស់ដែលបានចូលរួម អនុវត្តលទ្ធិប្រជាធិបតេយ្យ ការរក្សាសន្តិភាព និងការអភិវឌ្ឍជាពិសេសបានទៅបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុច។
សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាច្រើនទៀត ជូនកូនក្មួយកម្មករ ជាពិសេសនៅអាណត្តិទី ៦នេះ។ ។ ការដំឡើងប្រាក់ខែ គឺនឹងដំឡើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខនេះ គឺនឹងអនុវត្តការបើកប្រាក់ឈ្នួលជា២ដង ក្នុង១ខែ ដើម្បីជួយសម្រួលអោយកម្មករមានប្រាក់ឈ្នួលប្រើប្រាស់កាន់តែងាយស្រួល។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជា មួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕

៥)នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងមន្រ្តីបច្ចេកទេសក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យ ជាក់ស្ដែងអំពីស្ថានភាព កម្ពស់ទឹកនៅតាមភូមិសាស្ត្រ សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។
មន្ត្រីជំនាញមន្ទីរសាធារណការ និងមន្ទីរធន់ធានទឹក រាជធានីភ្នំពេញបានឱ្យដឹងថា លោកអភិបាលរាជធានីពិនិត្យ ស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍បូមទឹកស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។រួចបន្តទៅស្ថានភាពកម្ពស់ទឹក នៅស្ថានីយ៍ចតុមុខ ខណ្ឌដូនពេញ និងខណ្ឌចំការមន និងស្ថានភាពកម្ពស់ទឹក នៅព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
នៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលរាជធានីភ្នំពេញ បានបានចុះដល់ភូមិព្រែកតាឡុងបីផ្ដល់ជូន នូវផ្លូវបេតុងមួយ ខ្សែប្រវែងជាង១.០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែលថា៖ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កំពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់នីវ៉ូ +9.7២ នៅសល់ 0.80ម ដល់កំពស់ប្រកាសអាសន្ន +10.50 ។
ពាក់ព័ន្ធបញ្ហាទឹកជំនន់ លោកសាំ ពិសិដ្ឋ បានឱ្យដឹងដែរថា
ក្នុងខណៈពេលនេះ យើងកំពុងប្រឈមទឹកជំនន់ចំនួន ៣ប្រភេទ គឺជំនន់ដោយទឹកភ្លៀង ជំនន់ដោយទឹកទន្លេ និងជំនន់ដោយទឹកស្ទឹងព្រែកត្នោត ។ តំបន់ខ្លះនៃភូមិសាស្ត្រ រាជធានីភ្នំពេញ មានស្ថានភាពដីទាបជាងនីវ៉ូទឹកទន្លេ ប៉ុន្តែរាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់ បានឡើយ និងមានសុវត្ថិភាព ដោយសារមាន ទំនប់ការពារទឹកជំនន់ ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែង ដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹក កើនជាងមុន ៣ដង៕

៦) លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដោយមានគោលការណ៍ ណែនាំពីលោក អភិបាលរាជធានីភ្នំពេញ រសៀលថ្ងៃទី២២ សីហានេះដឹកនាំ ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
នាឱកាសនោះលោកអភិបាលរង រាជធានីក្និងពេលចុះផ្ទាល់យើងសង្កេតឃើញថា ស្ថានភាពទឹកកំពុងស្រកចុះលឿន ដែលនឹងអាចឱ្យបងប្អូនធ្វើដំណើរឆ្លងកាត់ បាននាពេលឆាប់ៗខាងមុខ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរសង្កាត់ក៏ត្រូវនៅជាប់ ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរង់ចាំដោះស្រាយបញ្ហាចាំបាច់បន្ទាន់ៗ។
លោកបន្តទៀតថា ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវប្រុងប្រយ័ត្នកូនចៅ និងទ្រព្យសម្បត្តិផ្សេងៗ ដែលងាយនឹងខូចខាតដោយសារទឹក៕

៧) សម្តេចក្រឡាហោម បានថ្លែងអំណរ អគុណចំពោះភាគីថៃ ដែលបានយកចិត្តទុកដាក់ ជួយសម្រួលដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ឲ្យមានភាពល្អប្រសើរជាងមុន ខណៈដែលពលករខ្លះ នៅតែធ្វើការមិនទាន់ ស្របច្បាប់នៅឡើយ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចជំនួបជាមួយលោក Panyarak poolthup ឯកអគ្គរាជទូតថៃ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសថៃគឺជាមិត្តល្អ និងជាប្រទេសភូមិផង​ របងតែមួយជាមួយកម្ពុជា ហើយក៏បានជួយដល់ពលករកម្ពុជា ជាច្រើនឲ្យមានភាពល្អ ប្រសើជាងមុនផងដែរ។
ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការអបអរសាទរ ចំពោះអាជ្ញាធរនៃប្រទេសទាំងពីរ ដែលបានខិតខំទប់ស្កាត់ ពលរដ្ឋខ្មែរ ដែលបានចូលទៅទឹកដីថៃ ដោយខុសច្បាប់ផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Panyarak poolthupបានលើកឡើងថាប្រទេសថៃ គឺជាមិត្តដ៏ល្អ ជាមួយកម្ពុជាហើយថៃ នៅតែបន្តពង្រឹងកិច្ចសហប្រតបិត្តការ ជាមួយកម្ពុជាគ្រប់ ពេលវេលា ជាពិសេសគឺដើម្បីផលប្រយោជន៍ ចំពោះប្រជាជននៃប្រទេសទាំងពីរតែម្តង ៕

៨)លោក ម៉ាក ហ្វីល អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត បើទោះបីជាអង់គ្លេសបានបញ្ចេញប្រតិកម្មមួយចំនួនជុំ វិញស្ថានភាពនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដាកន្លងទៅ នេះក៏ដោយ។
ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នៅរសៀលថ្ងៃទី២២ សីហានេះ លោក ម៉ាក ហ្វីល បានគូសបញ្ជាក់ថា អង់គ្លេស បន្តមើលឆ្ពោះទៅអនាគតចំពោះទំនាក់ទំនងរវាងអង់គ្លេស និងកម្ពុជា នឹងខិតខំពង្រីកទំនាក់ ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ក្នុងនោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានកម្ពុជាផងដែរ។
ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានអរគុណចំពោះការគិតគូរបស់អង់គ្លេសក្នុង ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយសម្តេចសង្ឃឹមថា កម្ពុជា និងអង់គ្លេស នឹងខិតខំប្រឹងប្រែងក្នុងការធ្វើការងារជាមួយគ្នាបន្ថែមលើវិស័យផ្សេងៗជាច្រើន។
ក្នុងជំនួបនេះដែរ ភាគីអង់គ្លេសបានសន្យាក្នុងការផ្តល់បន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅអង់គ្លេស ដែលនេះគឺជាការរួមចំណែកក្នុងកសាងធនធានមនុស្សនៅកម្ពុជា នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ​បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស និងជឿជាក់ថា តាមរយៈដំណើរទស្សនៈកិច្ចរបស់លោក Mark Field ពិតជាពង្រឹងបន្ថែមទៀត ដល់ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេស។
បន្ថែមពីនេះ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសចក្រភពអង់គ្លេស ក៏បានលើកឡើង ពីការអញ្ជើញសម្ដេចក្រឡាហោម ស ខេង ទៅចូលរួមសន្និសីទ ស្ដីពីការប្រយុទ្ធប្រឆាំង​ការជួញដូរសត្វព្រៃខុសច្បាប់ នៅខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដែលសន្និសីទនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះមិន​មែនពាក់ព័ន្ធលើសត្វព្រៃនោះទេ ប៉ុន្ដែបណ្ដាញឧក្រិដ្ឋជន គឺធ្វើសកម្មជនផ្សេងៗ ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការលាងលុយកខ្វក់ជាដើម ដែលមានលក្ខណៈអង្គការចាត់តាំង៕

៩)លោកផែង វណ្ណៈ បាននិយាយក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២សីហានេះថា សម្ដេច​ក្រឡាហោម​ ស​ ខេង​ បញ្ជាអោយកោះហៅ​ ឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ មកសាកសួរករណីដោះលែងរថយន្តថៃបង្កគ្រោះថ្នាក់ចរាចរ​ នៅប៉ោយប៉ែត​ ?​
ផេកដដែលបានបន្តថា ប្រភព​ច្បាស់ការពីនាយនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃបានបង្ហើបអោយដឹងថា​ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះទៅសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ប្ដឹង​លោកឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ អំពីការរំលោភអំណាច​ក្នុងករណីគ្រោះថ្នាក់​ចរាចរនៅក្រងប៉ោយប៉ែតកាលពី​ពាក់កណ្ដាល​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ រួចមក​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចារបញ្ជាអោយ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាលជាតិ​ ចាត់វិធានការណ៍ស្រាវជ្រាវចំពោះករណីនេះ​ ។​
ប្រភព​បានអោយដឹងទៀតថា​ ពេលនេះ​សំណុំរឿង​ លោកឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ ដែលប្រើអំណាចបញ្ជាអោយដោះលែងរថយន្តដឹកទំនិញថៃ​ដោយមិនមានសំណងដល់ជនរងគ្រោះនោះ​បានមកដល់ការិយាល័យអនុវត្តន៍វិន័យ​របស់​នាយកដ្ឋានបុគ្គលិកហើយ​ ។​
ទង្វើរបស់លោកឧត្ដមសេនីយ៍​ អ៊ុំ​ សុផល​ បង្ករអោយមានការរឹះគន់យ៉ាងកក្រើក​ Facebook ព្រោះថា​ ពេលមានករណី​គ្រោះថ្នាក់ចរាចរ​ កើតឡើងលោកមិនដោះស្រាយតាមច្បាប់​ តាមជំនាញ​ បែជាបញ្ជាអោយដោះលែងរថយន្តពាក់ព័ន្ធអោយទៅបាត់​ ហើយសូម្បីតែប្លង់កើតហេតុក៏មិនបានគូសវាស់វែង​ និងកសាងសំណុំឯកសារអ្វីទាំងអស់​ ។​
លោកផែង វណ្ណៈ បានបន្តថា យើងរង់ចាំមើលតើលោកឧត្ដមសេនីយ៍​ ដ៏មានរឹទ្ធិអំណាចប្រចាំអាណាចក្រជាយដែនរូបនេះនឹងទទួលវិន័យបែបណា​ នៅពេលការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ​ បញ្ជប់ការស្រាវជ្រាវ​ ។​ សង្ឃឹមថា​ ជនរងគ្រោះ​ នឹងទទលបានយុត្តិធម៌ឆាប់ៗនេះ​ ៕

១០) តុលាការកំពូល នៅមុននេះបន្ដិចនាវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសសាលដីកាសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារដដែល ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តុលាការកំពូលបានបន្តជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២ របស់លោក កឹម សុខា អតីតប្រធាននៃគណបក្សសង្គ្រោះជាតិ។បើតាមអង្គសេចក្តី សវនាការនេះ គឺធ្វើឡើងដោយសារមេធាវីរបស់លោក កឹម សុខា មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការកំពូល កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ នឹងតម្រូវឲ្យបន្តឃុំខ្លួន លោក កឹម សុខា ក្នុងពន្ធនាគារបន្តទៀត ដើម្បីសាកសួរ និងការពារកុំឲ្យមានបទល្មើសថ្មីកើតឡើង។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះដែរ គឺសំអាងហេតុថា ករណីលោក កឹម សុខា ជាបទល្មើសឧក្រិដ្ឋ ដែលចាំបាច់ត្រូវឃុំខ្លួនដើម្បីស៊ើបសួរ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ។ពាក់ពន្ធ័លើសុំរឿងនេះ ប្រធានចៅក្រុមជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ ធ្លាប់បានប្រកាសក្នុងសម្រង់ន័យដើមដោយយោងលើមូលហេតុថា៖ លោក កឹម សុខា បានប្រព្រឹត្តបទល្មើស សន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧។ បទល្មើសនេះជាបទឧក្រិដ្ឋ ដូច្នេះការស៊ើបសួរត្រូវហ្មត់ចត់ត្រឹមត្រូវ។
គួររំឭកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទ ក្បត់ជាតិ និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ៕

១១)ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) បានចេញសេចក្តីប្រកាសស្វាគមន៍ចំពោះការដោះលែង សកម្មជនសិទ្ធិដីធ្លី លោកស្រី ទេព វន្នី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។
បើយោងតាមហ្វេសប៊ុកផ្លូវការ របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា​ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា “ការិយាល័យឧត្តមស្នងការទទួលបន្ទិកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR-Cambodia) សូមស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិដីធ្លី និងលំនៅដ្ឋាន អ្នកស្រី ទេព វន្នី កាលពីថ្ងៃចន្ទ និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ កាលពីម្សិលមិញ។ អ្នកស្រី វន្នី ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ ២០១៦ នៅពេលអ្នកស្រីបានធ្វើបាតុកម្ម ដោយសន្តិវិធី ដើម្បីសុំឲ្យមានការដោះលែង អ្នកការពារសិទ្ធិមនុស្សដទៃទៀត។ ទាំងឧត្តមស្នងការ និងអ្នករាយការណ៍ពិសេស បានអំពាវនាវជាសាធារណៈ ឲ្យមានការដោះលែងអ្នកស្រី។ អ្នកស្រីត្រូវបានលើកលែងទោស ដោយព្រះមហាក្សត្រ។ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ក្រោមបទចោទអំពីចារកម្ម និងទទួលបានការធានាឲ្យនៅក្រៅឃុំ កាលពីថ្ងៃអង្គារ៍”។
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ការវិវឌ្ឍថ្មីៗនេះ គឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ។ យើងសង្ឃឹមថា អ្នកដទៃទៀតដែលត្រូវបានជាប់ឃុំ ដោយសារតែពួកគេ អនុវត្តសិទិ្ធមនុស្សរបស់ពួកគេនោះ ក៏នឹងត្រូវដោះលែងផងដែរ រាប់ទាំង អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ផងដែរ ដែលការឃុំខ្លួនរបស់លោក ត្រូវបានក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្តីពីការឃុំខ្លួនដោយបំពាន នៅក្នុងសេចក្តីអធិប្បាយលេខ ៩/២០១៨ ដែលបានចេញផ្សាយនៅថ្ងៃទី ៥ ខែមិថុនា ចាត់ទុកថាជាការឃុំខ្លួនដោយបំពាន។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងសកម្មជនដីធ្លី សហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ ក្រោយជាប់ឃុំឃាំងនៅទីនោះអស់រយៈពេលប្រមាណ២ឆ្នាំ។
ជាមួយគ្នានេះ លោក អ៊ួន ឈិន និងលោក​ ​យាង សុធារិន​ ​ហៅ​យាង ​សុជាមេត្តា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨៕

១២)បុរសម្នាក់ជាឪពុក បានចាប់រំលោភកូនស្រីបង្កើតអាយុ៨ឆ្នាំ បានសម្រេចចំនួន៣លើក មិនស្កប់ចិត្តក៏ទៅលួងលោភក្មួយស្រី តែទើបបែកធ្លាយក្រោយអ្នកជិតខាង បង្កឲ្យភ្ញាក់ផ្អើលដល់នគរបាលចុះមកឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរចាត់ការទៅតាមផ្លូវច្បាប់។
នគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង០០នាទី នៅចំណុចផ្ទះឈ្មោះផុន សុធា ស្ថិតក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះមាន ២នាក់ ឈ្មោះម ល ណ ភេទស្រី អាយុ១៤ ឆ្នាំ ជាសិស្សថ្នាក់ទី២ (សាលាបឋមសិក្សាសំប៉ានក្រោម)។
ម្ដាយឈ្មោះម៉ឺម ម៉ាឡា អាយុ ៤៦ឆ្នាំ មុខរបរកម្មការិនី (ត្រូវជាម្ដាយចិញ្ចឹមឈ្មោះម៉ឺន លក្ខិណា) ឈ្មោះស ធ ស ន ភេទស្រី អាយុ ៨ឆ្នាំ ជាសិស្សថ្នាក់ទី២(សាលាបឋមសិក្សាសំប៉ានក្រោម)។ អ្នកទាំងពីរ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះផុន សុធា ភេទប្រុស អាយុ ២៩ឆ្នាំ ជាឪពុក មុខរបរកម្មករសំណង់ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាង បានថ្លែងថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះផុន សុធា បានរួមភេទជាមួយឈ្មោះ ម ល ណនិងឈ្មោះស ធ ស នជាច្រើនលើកមកហើយ ។ លុះនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០ និង០០នាទី ឈ្មោះម ល ណ បានមកមើលទូរទស្សន៍ជាមួយឈ្មោះស ធ ស ន នៅផ្ទះរបស់ឈ្មោះផុន សុធា ពេលនោះឈ្មោះផុន សុធា បានយកដៃច្របាច់ប្រដាប់ភេទឈ្មោះម ល ណ រួចហើយឈ្មោះល ណ មកដេកផ្ទះខ្លួនវិញ។ លុះព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ ទើបមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថា ឈ្មោះផុន សុធាមានសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះខាងលើ ។
ពេលទទួលបានព័ត៌មាននេះ ភ្លាមសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិល សហការជាមួយកម្លាំងអន្ដរាគមន៍នគរបាលស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះផុន សុធា សារភាពថា: ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើតឈ្មោះស ធ ស ន បានចំនួន ៣លើក នៅពេលរសៀលគឺលើកទី១ នៅឆ្នាំ២០១៧ គ្រាន់តែអោប លើកទី២ នៅថ្ងៃមិនចាំ ខែ២ ឆ្នាំ២០១៨ បានយកលឹង្គបុកប្រដាប់ភេទតិចៗ រួចយកដៃសាប់លឹង្គធ្វើឲ្យចេញទឹកកាមខាងក្រៅវិញនិងលើកទី៣ នៅថ្ងៃទី១០ សីហា ២០១៨ រួមភេទដូចលើកទី២ផងដែរ ។ ឈ្មោះផុន សុធា សារភាពបន្ថែមទៀតថា ចំពោះឈ្មោះ ម ល ណ គឺនៅខែ៥ ឆ្នាំ២០១៨ វេលាម៉ោង១៨ គ្រាន់តែអោបរួចយកដៃសាប់លឹង្គឲ្យចេញទឹកកាមតែ ១លើក នៅផ្ទះរបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕

១៣)នៅខេត្ត​ព្រះ​វិហារ​ មានតំបន់ទេសចរណ៍​ជាច្រើនកន្លែង រួមជាមួយសណ្ឋាគារ ម៉ូតែលនិងផ្ទះសំណាក់ជាច្រើនកន្លែងផងដែរ ដើម្បីបំរើភ្លៀវទេសចរណ៍មកដើរលេងកម្សាន្តនៅខេត្តដែលនៅជាយដែនមួយនេះ។
នៅខេត្តព្រះវិហារតំបន់ទេសចរណ៍ដែលល្បីល្បាញ និងមានភ្ញៀវជាតិ អន្តរជាតិទៅកំសាន្តច្រើនជាងគេ គឺមានដូចជាប្រាសាទព្រះវិហារ ទឹកជ្រោះព្រះនិមិត្ត ឬទឹកជ្រោះសុភក្ត្រមិត្តស្ថិតនៅឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតជាប់នឹងព្រំប្រទល់ប្រទេសឡាវ ជាដើម។
ដើម្បីឲ្យការគ្រប់គ្រងលើវិស័យទេសចរណ៍នេះបានល្អប្រសើរបង្កឲ្យមានភាពកក់ក្តៅ ដល់ភ្ញៀវជាតិ អន្តរជាតិដែលទៅកម្សាន្តនៅខេត្តនេះ រដ្ឋបាលខេត្តព្រះវិហារនាព្រឹកថ្ងៃទី២២សីហា២០១៨នេះបានបើកកិច្ច​ប្រជុំ​គណៈកម្មការ​គ្រប់​គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​ ខេត្ត​ព្រះ​វិហារ​ ក្រោម​អធិបតីភាព​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត រួមជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បើយោងតាម​ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​វិហារ​ បានឲ្យដឹងថា​ សេវាកម្ម​ទេសចរណ៍​នៅទូទាំង​ខេត្ត​ព្រះ​វិហារ​ ​មាន​ សណ្ឋាគារ​មាន​ ០៣កន្លែង​ មានបន្ទប់​ ១២០ ម៉ូតែលមាន​០១កន្លែង​មានបន្ទប់​៣០ ផ្ទះ​សំណាក់​៤២កន្លែង​ មាន​បន្ទប់​ ៥២២អាហារ​ដ្ឋាន​៤២កន្លែង​ មានកៅអី​ ១​.៧៦៦សេវា​កម្សាន្ត​២២កន្លែង​ មគ្គុទេ្ទសទេសចរណ៍​មានតែ​ ៣៥នាក់ទេ​ និងមានសេវាដឹកជញ្ជូនភ្ញៀវ​មានចំនួន​ ៤៥គ្រឿងដែរ៕

១៤) លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលបំភ្លឺនៅតុលាការ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រ។ ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងទៅ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ចេញដីកាកោះហៅ លោក សម រង្ស៊ី ឲ្យចូលបំភ្លឺជាច្រើនដងមកហើយ ប៉ុន្តែលោក សម រង្ស៊ី ពុំដែលចូលខ្លួនបំភ្លឺតាមដីការកោះហៅនោះទេ។
ដីការបស់ចៅក្រមស៊ើបសួរ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ យក ទៅបិទនៅទីស្នាក់ការកណ្តាលរបស់ អតីតគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្នុងដីកាចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ទៅក្រៅប្រទេស ត្រូវចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៨ តាមការកំណត់ ដើម្បីសាកសួរំពីដំណើររឿង ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងកន្លែងផ្សេងទៀត កាលពីថ្ងៃទី៦ ទី៧ និងទី១០ ខែមិថុនា ​ឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៧(ស្ទួន) នៃក្រមព្រហ្មទណ្ឌ។ សាមីខ្លួន ត្រូវយកឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើនេះ ទៅជាមួយផងប្រសិនបើមាន។
កាលពីខែមិថុនា លោកសម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។
ការប្រមាថរបស់ លោក សម រង្ស៊ី បែបនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។ បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា “ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធ នឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ”៕

១៥) ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ក៏ដូចជាសមាជិកមានសភាពមកពីគណបក្សនយោបាយនានា ដែលទើបនឹងបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាចតាម ហើយរាយការណ៍រាល់ភាពអសកម្មអាជ្ញាធរ អភិបាលខេត្ត រហូតដល់រដ្ឋមន្ដ្រីក្រសួងនានា ជូននាយករដ្ឋមន្ដ្រីដោយផ្ទាល់ ដើម្បីពិនិត្យ និងចាត់វិធានការទៅលើភាពអសកម្មទាំងនោះ។
សម្តេចតេជោ និងរាជរដ្ឋាភិបាលស្វាគមន៍គ្រប់ពេលចំពោះអ្វីដែលឧត្តមក្រុមប្រឹក្សា និងសមាជិកនេះ រកឃើញនូវភាពអសកម្ម ក៏ដូចជាការបំពានអំណាចពីសំណាក់ចៅហ្វាយខេត្ត អាជ្ញាធរជាបុគ្គល រហូតដល់ថ្នាក់ជាតិជារដ្ឋមន្ត្រីក្រសួង គឺគាត់អាចជួយបង្ហាញនូវភាពអសកម្មដោយឈរលើការពិតដោយមានភស្តុតាង ឬក៏មានតម្រុយដែលអាចឈានទៅរកការពិតហ្នឹងបាន។នេះលោក ឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិគ្រោះយោបល់នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ ។លោកថា៖សម្តេចតេជោ ស្វាគមន៍ចំពោះការងារហ្នឹង ដើម្បីយកមកដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងវិនិច្ឆ័យ។
បើតាមលោក ឈឹម ផលវរុណ ដើម្បីឲ្យសមាជិកឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់នេះ អាចចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានប្រកប ដោយភាពងាយស្រួលនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់តួនាទីដល់ពួកគេ ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលថែមទៀតផង។ក្រៅពីអាចតាមដានពិនិត្យ និងរាយការណ៍អំពីភាពអសកម្ម និងការប្រព្រឹត្តខុសច្បាប់នានាហើយនោះ ដើម្បីឲ្យឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់អាចចូលរួមចំណែក ជួយរាជរដ្ឋាភិបាលកាន់តែច្រើនថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការងារស្នូលធំៗមួយចំនួនទៀត ដូចជា ផ្ដល់គំនិតមតិយោបល់លើដំណើរការនៃការអនុវត្ត ឬរៀបចំនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល មុននឹងដាក់ចូលគណៈរដ្ឋមន្ដ្រី, មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើសេចក្ដីព្រាងច្បាប់ ស្នើទៅរាជរដ្ឋាភិបាល, ផ្ដល់អនុសាសន៍កែលម្អលើដំណើរការអភិវឌ្ឍ គោលនយោបាយ ការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលជាដើម។
លោក ឈឹម ផលវរុណ បានអះអាងដែរថា សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍គ្រប់ពេលចំពោះអ្វីដែលសមាជិក ឬឧត្តមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ក៏ដូចជាការរកឃើញភាពអសកម្ម ឬការបំពានអំណាចពីសំណាក់ អភិបាលខេត្ត អាជ្ញាធរ (ជាបុគ្គល) រហូតដល់ថ្នាក់ជាតិ មានរដ្ឋមន្ដ្រី។
គួរបញ្ជាក់ថា ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដោយមានការឯកភាពពីគណបក្សនយោបាយនានា នៅក្នុងជំនួបពិគ្រោះយោបល់គ្នានាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ នេះ មានសមាសភាពមកពីគណបក្សដែល បានចូលរួមបោះឆ្នោតអាណត្តិទី៦ ជាមួយការឯកភាពពីនាយករដ្ឋមន្រ្តី។ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)។
ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។ ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់នេះ មានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ត្រូវប្រជុំរៀងរាល់មួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន ហើយប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬ ជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕

១៦) ប្តីនិងប្រពន្ធ បានស្លាប់ៗភ្លាម ដោយប្តីចុចបំផ្ទុះគ្រាប់បែបTNT កាលវេលាម៉ោង២រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្កាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
លោក ឡេល វិបុល មេប៉ុស៌ចុងផ្លាស់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៉ីម ធីប អាយុ៣៧ឆ្នាំ រីឯប្រពន្ធឈ្មោះនឿន ឡែន អាយុ៣២ឆ្នាំ ទាំងពីរនាក់រស់នៅកន្លែងកើតហេតុ។ កន្លងមក ប្តីធ្លាប់សេពនូវសារធាតុញៀន ហើយតែងតែរករឿងក្នុងក្រុមគ្រួសារជាញឹកញាប់ រហូតមកដល់ថ្ងៃនេះ ខឹងនឹងប្រពន្ធបានយកគ្រាប់បែកTNT ឱបជាប់ខ្លួនមកឈជិតប្រពន្ធ រួចចុចបំផ្ទុះតែម្ដង៕

១៧)ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់អំពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨​ ត្រូវបានបញ្ចប់​ដោយជោគជ័យ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់អ្នកពាក់ព័ន្ធពីគ្រប់ស្ថាប័នទាំងអស់។
សេចក្តីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការ​ដឹក​ជញ្ជូន និង​រៀបចំ​ទុកដាក់​សន្លឹក​កិច្ចការ​​បេក្ខជន​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ព្រលប់​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត​នីមួយៗ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហើយ​បាន​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​តាម​សាលា​ខេត្ត​នីមួយៗ យ៉ាង​មាន​សុវត្ថិភាព រង់ចាំ​​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នៅ​​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨។
ដោយ​ឡែក​សន្លឹក​កិច្ចការ​នៅ​ខេត្ត​កំពង់​ស្ពឺ និង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្រោម​ការ​ចុះ​ត្រួតពិនិត្យ​​ផ្ទាល់ ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។ លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh។
ក្រសួងអប់រំបានបញ្ជាក់ថា ​ដំណើរ​ការ​ប្រឡង​រយៈ​ពេល​ពីរ​ថ្ងៃ​​មកនេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន​១៨៩៩​នាក់ ស្រី​៧៤៤​នាក់ ត្រូវជា​១,៦៥​ភាគរយ ​នៃ​ចំនួន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប។ មុខវិជ្ជា​ប្រឡង​មាន​ចំនួន​​៧​ ចែក​ចេញ​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។ ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​មុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ​ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា ដោយឡែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​មុខវិជ្ជា ផែនដី​ និង​បរិស្ថាន​វិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស​ គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា​ និង​អក្សរសាស្ត្រ​ខ្មែរ​។
ដំណើរការ​សំណេរ​​​​ទាំង​ពីរ​ថ្ងៃ ​មាន​ភាព​ល្អ​ប្រសើរ​ជាង​​ឆ្នាំ​កន្លង​ទៅ គណៈមេប្រយោគ​គ្រប់​លំដាប់​ថ្នាក់​ មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ​ក្នុង​ការ​បំពេញភារកិច្ច ទោះ​បី​​​នៅ​តាម​​​​បណ្ដា​ខេត្ត​មួយ​ចំនួន ​មាន​​​ភ្លៀង​ធ្លាក់​​ខ្លាំង​ក៏ដោយ ​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណេរ​របស់​បេក្ខជន​ឡើយ។ ទន្ទឹម​នេះ គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ផ្ដល់​កិច្ចសហការ​យ៉ាង​ល្អ រួម​មាន​​​អាជ្ញាធរ​ដែនដី អ្នក​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ កង​កម្លាំង​មាន​សមត្ថកិច្ច​ មន្ត្រី​សុខាភិបាល និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។​
បើតាមក្រសួងអប់រំ ​​បេក្ខជន​បាន​គោរព​បទ​បញ្ញត្តិ ​នៃ​ការ​ប្រឡង​យ៉ាង​ល្អ ស្ទើរ​តែ​ពុំ​មាន​នាំ​មក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាម​ឃាត់។ បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​មានចំនួន​៧​ករណី ​ក្នុង​នោះ​ករណី​ដក​ហូត​ទូរស័ព្ទ​មាន​​៥​ករណី​ និង​នាំ​សំណៅ​ឯកសារ​ចូល​មាន​២​ករណី។ គណៈមេប្រយោគ​​ប្រព្រឹត្ត​កំហុស​ឆ្គង​​​ដោយ​ទុក​ជាប់​ខ្លួន ​និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ​នៅ​ក្នុង​មណ្ឌល​សំណេរ​ចំនួន​៥​ករណី។ ដោយ​ឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន៦៤​ករណី ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការ​សង្គ្រោះ​​បឋម ក្នុង​នោះ​មាន​៥​ករណី​ ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន។
ការ​ដឹក​ជញ្ជូន និង​រៀបចំ​ទុកដាក់​សន្លឹក​កិច្ចការ ​​បេក្ខជន​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ព្រលប់​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវបាន​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត​នីមួយៗ និងដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​តាម​សាលា​ខេត្ត​នីមួយៗ យ៉ាង​មាន​សុវត្ថិភាព រង់ចាំ​​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ នៅ​​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨។
សូមជម្រាបថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​ ​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​១១៥.២៦៨នាក់ ស្រី​៥៨.១៥៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១៩៦​​​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​មាន​៩៧​មណ្ឌល ត្រូវ​ជា​៤.៦៥៥​​បន្ទប់​ ទូទាំង​ប្រទេស។
សកម្មភាព​នៃ​ការ​រៀបចំ​វេច​ខ្ចប់ ចុះហត្ថលេខា នៅ​លើ​កញ្ចប់​សន្លឹកកិច្ចការ​របស់​បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង។ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរការសំណេរនៅថ្ងៃទី២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ដោយ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ដោយមានការចូលរួមពីមន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំង​បានយក​ទៅផ្ញើ​នៅ​កន្លែង​ដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។
ចំណែកបរិយាកាស​ទូទៅ​នា​រសៀល​ថ្ងៃ​ទី​២ ​ក្រោយ​ពេល​បញ្ចប់​ដំណើរ​ការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង​ ៖ ២០ សីហា ២០១៨ ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិន​មាន​ហេតុ​ការ​ខុស​ប្រក្រតី​កើត​មាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ។
ចំណែក​បេក្ខជន​ដែល​បាន​ចេញ​ពី​ការ​ប្រឡង​មាន​ទឹក​មុខ​ស្រស់ស្រាយ សប្បាយ​រីករាយ ដែល​បញ្ជាក់​ថា​ដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ពិត​ជា​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន៕

១៨)​នៅ​ព្រឹក​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រីក្រោមឱវាទ​ដើម្បី​ពង្រឹង លើ​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ នាឱកាស​នោះ​លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​សំណូមពរ​ដល់​មន្ត្រី​គ្រប់​ការិយាល័យ​ទាំងអស់​ជុំវិញ​ខណ្ឌ​ត្រូវ​សហការគ្នា​ឲ្យ​បានល្អ មាន​សាមគ្គី​ផ្ទៃក្នុង គោរព​ឱ្យបាន​ពេល​វា​លា​បំពេញការងារ និង​មាន​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ ។
​ក្នុងនោះដែរ​លោក​អភិបាលខណ្ឌ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ក្នុង​ខណ្ឌ​យើង​ទាំងអស់​ពេលចេញ​ដំណើរ​ទៅផ្ទះ ឬ​មានតំណើរ​ជិត​ឆ្ងាយ​ក្នុង​មូលដ្ឋាន​ខណ្ឌ ត្រូវ​ជួយ​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​ផ្លូវ​ខូច និង​បញ្ហា​អនាម័យ បញ្ហា​សំរាម ដោយ​ម្នាក់ៗ​ឃើញ​ហើយ​ជួយ​រាយការណ៍​ជូន​មក​រដ្ឋបាល​ខណ្ឌ ៕

១៩)ករណីស្ត្រីម្នាក់ដែលជួលឃាតករឲ្យសម្លាប់ប្ដី ត្រូវបាន ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១សីហា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស ស្រ្តីម្នាក់នេះនិងឃាតករដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងអំពើឃាតកម្ម តាមមសត្រា២៨ និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទទី១ដែលត្រូវបានផ្ដន្ទាទោសឈ្មោះ សូ ផា ភេទប្រុស អាយុ ២៩ឆ្នាំ ជាកូនធម៌ជនរងគ្រោះ ។ ជនជាប់ចោទទី២ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ តែម្ដង ។
ចំណែកជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី ត្រូវបានក្រុមឃាតករួមគំនិតគ្នាសម្លាប់កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។
សូមបញ្ជាក់ថានៅក្នុងសវនាការ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ សូ ផា បានសារភាពថា ជនជាប់ចោទ ឈ្មោះ សៅ សំអឿន ជាប្រពន្ធជនរងគ្រោះ បានជួលខ្លួន ក្នុងតម្លៃ ១ពាន់ដុល្លារ ឲ្យសម្លាប់ប្តី និងយកយករថយន្តទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះ ឈ្មោះ កៅ ផា ជាប្តីយកឡាន តូរីស ដែលឈ្មោះ សៅ សំអឿន ជាប្រពន្ធយកលុយ កូនធ្វើការនៅប្រទេសកូរ៉េចំនួន ១២.០០០ដុល្លារ ទិញឲ្យរត់តាក់ស៊ី តែបែរជាជនរងគ្រោះយកទៅរកស៊ីចិញ្ចឹមស្រីស្នេហ៍ ហើយចុះចោលប្រពន្ធកូនទៅវិញ ។
ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រីថ្មីចុះចោលផ្ទះ ។
កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីពលរដ្ឋបាន ប្រទះឃើញសាកសព ជនរងគ្រោះ ចងផ្អោបនឹងដុំថ្ម នៅក្នុងប្រឡាយទឹកស្អុយនៅចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦ ៕

២០)លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញសេចក្តីដំណឹងដោយជម្រាបជូន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធាន ខេត្ត អំពីការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ អនុលោមតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។
លោក ជា សុផារ៉ា បានប្រាប់ដល់ប្រធានមន្ទីរ ជ្រាបថា តាមអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ រដ្ឋបាលសុរិយោដីអាចធ្វើការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬចេញវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ អាស្រ័យលើក្បាលដីនោះ បំពេញបាននូវលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ។ ប៉ុន្តែក្នុងការអនុវត្តកន្លងមក រដ្ឋបាលសុរិយោដីថ្នាក់រាជធានី ខេត្តបានធ្វើការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណភោគៈ) តែប៉ុណ្ណោះ ដោយមូលហេតុ ក្បាលដីស្នើសុំចុះបញ្ជីមិនទាន់បំពេញ បាននូវលក្ខខណ្ឌបច្ចេកទេស មិនទាន់បានកសាង​ប្លង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដូចជា ផ្លូវ ប្រឡាយ ព្រែក អូរ ស្ទឹង បឹង ។ល។
លោកទេសរដ្ឋមន្រ្តី បានធ្វើការណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដូចខាងក្រោម ៖១)មន្ទីរត្រូវបញ្ឈប់ការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អលចនវត្ថុ (ប័ណ្ណភោគៈ) សម្រាប់ការចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំ ហើយត្រូវចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អលចនវត្ថុ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដោយប្រើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុគំរូថ្មី ដែលបានដាក់ឲ្យប្រើប្រាស់តាមប្រកាសលេខ០៨៩ ដនស/ប្រក/អរប ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់។ ចំពោះរបៀបនៃការចុះបញ្ជី និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ០០៥ សណន/សដ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបំពេញ ការប្រើប្រាស់ និងការកាន់កាប់ឯកសារចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ អនុលោមតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២។ ២) ដើម្បីអនុវត្តការចុះបញ្ជី និងការចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុក្នុងចំណុចទី១ ខាងលើ មន្ទីរត្រូវធ្វើការណែនាំដល់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ឲ្យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រង់ទិន្នន័យ និងកសាងប្លង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដូចជា ផ្លូវ ប្រឡាយ ព្រែក អូរ ស្ទឹង បឹង ដោយកំណត់ទំហំដាក់លាក់តាមបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីយកមកពិនិត្យ ដាក់ប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងស្នើសុំការសម្រេចពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត៕

២១)រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ស្តីពីការដកហូត ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងការចូលទន្រ្ទានកាន់កាប់ដីព្រៃ ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោម ខេត្តកោះកុង។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃពាមក្រសោមនៃតំបន់ការពារធម្មជាតិ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ត្រូវ​បានការពារនិងអភិរក្សធនធានធម្មជាតិ ការពារគ្រោះធម្មជាតិ ជាពិសេសប្រភពទឹកធម្មជាតិ បម្រើឲ្យសេចក្តីត្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានខិតខំយកចិត្តទុកដាក់ ការពារតំបន់ធម្មជាតិនេះ សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងសម្រាប់មនុស្សជាតិគ្រប់ជំនាន់។
រដ្ឋបាលខេត្តកោះកុង ជូនដំណឹងដល់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងសាធារណជន ថា រដ្ឋបាលខេត្តដាក់ចេញនូវវិធានការ គឺ រាល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោម ដែលខុសច្បាប់ ឬពុំមាននៅក្នុងគល់បញ្ជីក្បាលដី ត្រូវប្រគល់ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីមោឃភាព ឬកម្ទេចចោលតាមនីតិវិធី។ ការកាន់កាប់ រុករានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃ ការសង់ផ្ទះ សង់តូប សង់រោង ដើម្បីយកដី ធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ជាអំពោះល្មើសច្បាប់ និងត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

២២)ដោយសារការប្រច័ណ្ឌ ប្តីបានទាញពូថៅ កាប់ប្រពន្ធចំនួន១០ពូថៅ ស្លាប់នៅនឹងកន្លែងនៅលើគ្រែ រួចទៅរត់ទៅចងកសម្លាប់ខ្លួនឯង នៅដើមឈើនៅក្បែរផ្ទះ។
អធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ថ្ងៃ​ទី១​៩ ខែសីហា ឆ្នាំ​២០១៨​ វេលាម៉ោង ៦និង ៤៥នាទីព្រឹក សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹងករណីឃាតកម្ម ប្ដីកាប់ប្រពន្ធ ត្រូវជាច្រើនពូថៅ បណ្ដាលស្លាប់នៅនឹងកន្លែង រួចទៅចងកសម្លាប់ខ្លួនឯង នៅនឹងដើមក្រូចឆ្មារ ក្បែរផ្ទះ នៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ ពុំ មុត ភេទប្រុសអាយុ ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើបានឈ្លោះប្រកែចទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះ សែម ផាត អាយុ ៤៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា រួចក៏យកពូថៅកាប់មកលើជនរងគ្រោះត្រូវជាច្រើនពូថៅ ត្រូវចំត្រង់ ត្រចៀកខាងឆ្វេង ១ពូថៅ ក្រោមចង្កា ផ្នែកខាងឆ្វេង ១ពូថៅ ផ្នែកខាង ស្ដាំ ១ពូថៅ ក្រោមទងត្រជៀកខាងស្ដាំ ១ ពូថៅ ជំហៀងខាងស្ដាំក្រោមគុម្ពត្រជៀក ១ពូថៅ បំពង់កខាងឆ្វេង ១ពូថៅ និងមានស្នាមរបួសជាច្រើនកន្លែងទៀត បណ្ដាយឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ ក្រោយពីកាប់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យខាងលើក៏យកខ្សែគោទៅចងកសម្លាប់ខ្លួនឯងនឹងដើមក្រូចក្បែរផ្ទះ។
ក្រោយពីលោក វ.ទ តាន់ គារិទ្ធ អធិការ ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញស្រុក សហការជាមួយនគរបាលជំនាញខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះមូលបណ្ដាលមកពីប្ដីប្រច័ណ្ឌប្រពន្ធ ហើយកម្លាំងជំនាញក៏ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសាររងគ្រោះ យកទៅធ្វើបុណ្យតាមព្រពៃណី៕

២៣)លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២០ខែសីហានេះ បានសរសេរថា កំផ្លែងលេងឲ្យមើល មិនមែនឲ្យធ្វើតាមនោះទេ។ មនុស្សមួយចំនួនតូច បានដើរបាចដែកគោល និងវីស ដើម្បីឲ្យយាន្តគេធ្លាយ មុតកង់-កង់ម៉ូតូ-កង់ឡាន ។
លោក អភិបាលខណ្ឌ បានថ្លែងថា បើចង់មានលុយច្រើន មិនត្រូវមានគំនិតអាក្រក់-ថោកទាបយ៉ាងនេះទេ ។
ហើយក៏សូមអរគុណ ដល់ប្រធានផ្សារ និងសន្តិសុខផ្សារជម្ពូវ័ន្ត ដែលបានបោសសម្អាត តាមផ្លូវជាតិលេខ៤ ប្រមូលបានវីស និងដែកគោលជាច្រើន ។
លោកបានថ្លែងថា ខ្ញុំរកឃើញករណីនេះ ដោយសន្តិសុខផ្សារ គាត់ដើរបោសសម្អាតតាមផ្លូវ ក្នុងមួយដងៗ មានដែកគោល និងវីសទាំងចានៗ បានដាក់ការសង្ស័យថា ជាការបាច ដើម្បីរកលុយ តាមការប៉ះកង់នេះឯង៕

២៤) អ្វីដែលគួរឱ្យចាប់អារម្មណ៌នោះគឺមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៉ិនប៉ិច ចំនួន៤នាក់ បានប្រកាសលាលែងពីតំណែងរបស់ខ្លួន ក្រោយបញ្ចប់តំណែងថ្នាក់ខ្ពស់ របស់គេមកធ្វើជាសមាជិកធម្មតាវិញ។ មន្ត្រីជាន់ខ្ពស់ ដែលបានសុំលាលែងពីតំណែងរួមមាន៖ លោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស៊្រី, លោក​ ញ៉េប ប៊ុនជិន និងលោក យឹម សាវី។
គួរបញ្ជាក់ថា៖ការប្រកាសលាលែងពីតំណែងនេះ បន្ទាប់ពីលោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស៊្រី និង លោក​ ញ៉េប ប៊ុនជិន ត្រូវបានបក្សផ្លាស់ប្តូរតួនាទីពីអនុប្រធានបក្ស មកជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកលោក យឹម សាវី ត្រូវបានប្តូរចេញពីតំណែង ជាអគ្គលេខាធិការបក្សមក ជាអនុប្រធានបក្សវិញក្ដី ក៏លោកនៅតែលាលែងដែរ ដោយគាត់គិតថាមិនយូរ អាចមានវាសនាមិនខុសអ្នកមុន។
ហេតុផលនៃការដែលសុំលាលែងនេះ ដោយសារពួកលោក ពុំអាចបំពេញតួនាទីខាងលើនេះ បានដោយប្រសិទ្ធភាព។
ថ្មីៗនេះគណបក្សហ៊្វុនស៊ិនប៉ិចបានផ្លាស់ប្តូរក្បាលម៉ាស៊ីនជាច្រើនរូប បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតែងព្រះរាជបុត្ររបស់ខ្លួន គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីបក្ស។ កាលពីថ្ងៃទី៨​ ខែសីហា ឆ្នាំ២០១៨ លោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ញ៉េប ប៊ុនជិន ត្រូវបញ្ចប់តំណែងជាអនុប្រធានបក្ស។ លុះក្រោយមកមន្រ្តីជាន់ខ្ពស់ទាំង៣រូប ក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ។ បន្ទាប់ពីការតែងតាំងនេះមិនបានប៉ុន្មានម៉ោងផង មន្ត្រីជាន់ខ្ពស់ទាំង៣រូប ក៏បានប្រកាសលាលែងពីតំណែងនេះផងដែរ។
អ្នករិះគន់ខ្លះគេយល់ថាក្រោយខ្សែខាងព្រះអង្គម្ចាស់ នរោត្ដម ម៉ារី រណ ប្ញទ្ធិ ឡើងកូដវិញបន្ទាប់អ្នកម្នាងអ៊ុក ផល្លា ទទួលមរណះភាពនោះ អស់លោកខាងលើដែលតែងតែអែបអបម្ចាស់ថ្មីនោះក៏មានវាសនាទៅតាមហ្នឹងដែរ។ ទី២មេបក្សថ្មីគេត្រូវការឈាមថ្មីដឹកនាំដែរហើយមិនខុសទេ ដកចាស់ខ្លះចេញនោះ។
ក្រៅពីមន្ត្រីជាន់ខ្ពស់ទាំង៣រូប នៅមានមន្ត្រីមួយចំនួនទៀត ក៏ត្រូវបានផ្លាស់ប្តូរតំណែងផងដែរ។ តាមរយៈការផ្លាស់ប្តូរត្រូវបានគេមើលឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច កំពុងមានការរង្គោះរង្គើផ្ទៃក្នុងរបស់ខ្លួនជាខ្លាំង គ្រាដែលសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ កំពុងសម្រាកព្យាបាលព្រះសុខភាពនៅក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង