ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរាជធានីភ្នំពេញ​ ច្រានចោលការចោទប្រកាន់ថា មន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ បានទារលុយពេលយកម្ហូបអាហារ មកឲ្យសាច់ញាតិ

60

 

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបដិសេធទាក់ទង ទៅនឹងការចុះផ្សាយព័ត៌មាន របស់គណនីហ្វេសបុកមួយឈ្មោះថា Heng Sothea និង ព័ត៌មាន សុខភាព កំសាន្ត ដែលថា មានមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញ្ញាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះស្រាវជ្រាវភ្លាមៗដល់ទីតាំង បន្ទាប់ពីធ្វើការសាកសួរលម្អិតបានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់យកលុយ ពីប្រជាពលរដ្ឋជាថ្នូរនឹងការចូល យកម្ហូបអាហារមកឲ្យបងប្អូន សាច់ញាតិដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ។

ជាក់ស្តែងដោយសារតែកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរ៉ឹងតាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ ហើយបុគ្គលដែលផុសព័ត៌មានមិនពិតនោះ ក្នុងគោលបំណងអាក្រក់ដើម្បី បង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅធ្វើចត្តាឡីស័ក និងព្យាបាល ២៤ម៉ោង/២៤ម៉ោង ។

បញ្ហាដែលធ្វើឲ្យបុគ្គលនេះខឹងហើយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះ យកម្ហូបអាហារ មកឲ្យសាច់ញាតិរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលកូវីដនៅស្តាត ខុសពេលម៉ោងដែលគ្រូពេទ្យ កំណត់ជាច្រើនលេីកច្រើនសារ និងមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
ដូច្នេះហើយទើបសមត្ថកិច្ចប្រចាំការ តាមច្រកចេញចូលមិនអនុញ្ញាតឲ្យចូល ហើយក៏មានការខឹងនឹងសមត្ថកិច្ច ដែលបានអនុវត្តតឹងរ៉ឹង បែរជាទៅចុះផ្សាយខុសពីការពិតចោទប្រកាន់ មកលេីសមត្ថកិច្ចទៅវិញ ។

ក្រោយពីការផុសព័ត៌មានមិនពិត បានរយ:ពេលប្រហែលជា ៣ម៉ោង ម្ចាស់គណនីរូបនេះ ហាក់បីដូចជាដឹងខ្លួន ក៏បានលុបព័ត៌មាននេះ ចោលបាត់ហើយ ។
ទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកម្ចាស់គណនីទាំងនេះ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង