ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំណែនាំជំរុញដល់មន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈប្រកាសដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត ជាផ្លូវការ នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ

94

 

កំពត ៖ នៅថ្ងៃសុក្រទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃអង្គភាពចំណុះសាលាខេត្ត និងរដ្ឋបាលក្រុងបូកគោដែលជាក្រុងទើបបង្កើតថ្មី ដើម្បីត្រៀមលក្ខណៈធ្វើពិធីប្រកាសដាក់ដំណើរការរដ្ឋបាលក្រុងបូកគោ ជាផ្លូវការ បានប្រព្រឹត្តទៅដោយភាពរលូនល្អ ។

ក្រុងបូកគោ គឺជារដ្ឋបាលក្រុងមួយត្រូវបានរាជរដ្ឋាភិបាល ទើបបានសម្រេចបង្កើតថ្មី ហើយត្រូវបានធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១ និងត្រូវបានប្រកាសលទ្ធផលសមាសភាពសមាជិកក្រុមប្រឹក្សាក្រុង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីពេលកន្លងទៅថ្មីៗនេះ ហើយនៅថ្ងៃទី១២ ខែសីហា ខាងមុខនេះនឹងឈានដល់ការរៀបចំពិធីប្រកាស ដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានជូនតម្រូវការ របស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ដោយផ្អែកលើសភាពជាក់ស្ដែង ដែលរដ្ឋបាលក្រុងបូកគោដែលជាក្រុងមួយ ទើបបានបង្កើតថ្មី ក្រោមចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន សំដៅធ្វើឲ្យសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ដល់អនុសាសន៍ជូន ដល់រដ្ឋបាលខេត្តឲ្យមានការយកចិត្តទុកដាក់ ពីបញ្ហាប្រឈមក្នុងចំណុចចាប់ផ្ដើម ដើម្បីឲ្យជំរុញដំណើរការដល់រដ្ឋបាលក្រុងបូកគោ ដែលពុំទាន់មានអគាររដ្ឋបាលនៅឡើយ ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុងបូកគោ បានប្រព្រឹត្តទៅក្នុងជំហានដំបូងនេះ បានបម្រើទាំងប្រយោជន៍សេវារដ្ឋបាល សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានល្អ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីរដ្ឋបាលក្រុងបូកគោដែលទើបបង្កើតថ្មីនេះ ត្រូវតែយកចិត្តទុកដាក់ សហការគ្នា ប្រើធនធានដែលមានស្រាប់ឲ្យអស់លទ្ធភាព និងជំនះនូវបញ្ហាប្រឈមខ្វះខាត ចំពោះមុខនៃចំណុចចាប់ផ្ដើមរដ្ឋបាលក្រុងដំបូងនេះឲ្យបានល្អ និងត្រូវឈានដល់ជំហានបន្តបន្ទាប់ទៀត រដ្ឋបាលក្រុង និងកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួន ឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីបម្រើប្រយោជន៍សេវារដ្ឋបាល និងសេវាសាធារណៈ ព្រមទាំងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។

សូមបញ្ជាក់ថា ទីតាំងអគាររដ្ឋបាលក្រុងបូកគោ គឺត្រៀមដាក់ឲ្យដំណើរការ ដើម្បីបម្រើការងារ នៅសណ្ឋាគារមួយកន្លែង ដែលផ្ដល់ដោយឯកជន ជាប់ផ្លូវជាតិលេខ៣ ទល់ចំណុចប្រសព្វផ្លូវឡើងឧទ្យានព្រះមុនីវង្សបូកគោ ស្ថិតនៅក្នុងសង្កាត់បឹងទូក៕

  

អត្ថបទដែលជាប់ទាក់ទង