ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអាជីវករ ក្នុងផ្សារកំពង់ធំ ២២នាក់ទៀតកើតកូវីដ១៩, រដ្ឋបាលខេត្ត អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ទៅផ្តល់សំណាកនៅសាលាបឋមសិក្សាកំពង់ធំក្រុង

55

កំពង់ធំ៖ ក្រោយរកឃើញអាជីវករក្នុងផ្សារកំពង់ធំ មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២២នាក់បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវអ្នកពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩ ទាំង២២នាក់នេះ សូមទៅយកសំណាកនៅ សាលាបឋមសិក្សាកំពង់ធំក្រុង ដោយយកចិត្តទុកដាក់បំផុត សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ឲ្យបានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំក្នុងសហគមន៍។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា បន្ទាប់ពីបានរកឃើញអាជីវករក្នុងផ្សារកំពងធំ មានវិជ្ជមានជំងឺកូវីដ ០៥នាក់ និងបានបិទផ្សារកំពង់ធំជាបណ្តោះអាសន្ន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យក៏បានពិនិត្យសំណាកអាជីវករចំនួន ៤៤៨នាក់ និងបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២២នាក់ទៀតផងដែរ។

រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អ្នកដែលធ្លាប់មានការពាក់ព័ន្ធផ្ទាល់នឹងបុគ្គលវិជ្ជមានទាំង ២២នាក់ខាងលើ សូមរួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគ រកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង នៅភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។

ចំពោះបងប្អូនដែលធ្លាប់មានការពាក់ព័ន្ធដោយប្រយោល ហើយមានការសង្ស័យ សូមពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង។ ក្នុងករណីមានការប្រែប្រួលខុសប្រក្រតី ដូចជាឡើងកម្តៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់កត្រូវប្រញាប់ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌល សុខភាពដែលនៅជិតបំផុត៕

អត្ថបទដែលជាប់ទាក់ទង