ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្តអនុវត្តវិធានការរដ្ឋបាល និងអនុវត្តបម្រាមគោចរ នៅភូមិសាស្ត្ររាជធានីភ្នំពេញ រយ:ពេល២សប្តាហ៍ទៀត

65

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តវិធានការរដ្ឋបាល និងអនុវត្តបម្រាមគោចរ នៅភូមិសាស្ត្ររាជធានីភ្នំពេញ រយ:ពេល២សប្តាហ៍បន្តទៀត ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤(ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១»។

សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលត្រូវបានផ្អាកបណ្តោះអាសន្ន ១៤ថ្ងៃទៀតនោះ រួមមាន៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ។ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា។ អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ។ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

សូមជម្រាបថា អាជ្ញាធររាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង