ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្តបិទខ្ទប់ភូមិសាស្ត្រខេត្តជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)

56

 

ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បី ទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

សូមជម្រាបជូនថា វិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប នឹងត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣និង៥៩ នាទី ស្អែកនេះ ផ្អែកតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ៨២ សសរ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១កន្លងមក ។

សេចក្តីសម្រេចរបស់រាជរដ្ឋភិបាលកម្ពុជា បានបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពី វេលាម៉ោង ២៣និង៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ដែលបណ្តាល មកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា “តំបន់ក្រហម” និង/ឬ “តំបន់លឿងទុំ- និង/ឬ ”តំបន់លឿង” អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ នៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។

“តំបន់ក្រហម” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ “តំបន់លឿងទុំ” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

“តំបន់លឿង“ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុង សហគមន៍។ ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់អភិបាល នៃគណៈអភិបាលខេត្ត នៃខេត្តដែលត្រូវបានបិទខ្ទប់។

ចំពោះភូមិសាស្ត្រដែលមានការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ឬភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាល លឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta), អភិបាលនៃគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ត្រូវកំណត់ភូមិសាស្ត នោះជា “តំបន់ក្រហម” ឬ “តំបន់លឿងទុំ” អាស្រ័យទៅតាមកម្រិតនៃការឆ្លងរាលដាលនៃមេរោគប្រភេទដែលតា (Delta) នេះ។ ទន្ទឹមនេះ អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ត្រូវ ផ្តល់ការគាំទ្រជាបន្ទាន់ដល់ខេត្តដែលមានការពាក់ព័ន្ធ ដើម្បីចាត់វិធានការក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល សំដៅកាត់ផ្តាច់ឱ្យបានទាន់ ពេលវេលានូវការឆ្លងរាលដាល នៃមេរោគនេះទៅ កន្លែងផ្សេងទៀត។ បន្ថែមពីនេះ អនុគណៈកម្មការសេវាមន្ទីរពិសោធន៍ ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីយក សំណាកទៅវិភាគរកប្រភេទមេរោគ (Sequencing) នៅក្នុង “តំបន់ក្រហម” និង “តំបន់លឿងទុំ” ជាពិសេស ភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ប្រគល់ភារកិច្ចជូនគណៈអភិបាលខេត្ត នៃខេត្តដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានការ ហាមឃាត់ ឬវិធានការរឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្តដែលត្រូវបានបិទខ្ទប់, ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, សកម្មភាពការងារមុខរបរ ឬអាជីវកម្ម និងបម្រាមគោចរ ស្របតាមអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៣ សណន ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩។ បន្ថែមពីនេះ ក្នុងការដាក់ចេញនូវវិធានការហាមឃាត់ ឬវិធានការរឹតត្បិតទាំងនេះ គណៈ អភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ អាចប្រើប្រាស់នូវវិធានការលម្អិតដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុង សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្តបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស វិធានការទាក់ទងនឹង “តំបន់ក្រហម”, “តំបន់លឿងទុំ” និង “តំបន់លឿងៗ។

សកម្មភាពផ្នែកប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងតំបន់បិទខ្ទប់ ត្រូវបានអនុញ្ញាត ឱ្យដំណើរការជាធម្មតា ដោយរួមទាំងការធ្វើដំណើរពាក់ព័ន្ធនឹងវិស័យនេះ។

គណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ចប់ និងគណៈអភិបាលខេត្តនៃខេត្តដែលមានព្រំប្រទល់ ជាប់ខេត្តដែលត្រូវបានបិទខ្ទប់ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីត្រួតពិនិត្យការធ្វើដំណើរចេញ-ចូលឆ្លងកាត់ ព្រំប្រទល់ខេត្ត និងដាក់ចេញរួមគ្នានូវវិធានការ ចាំបាច់នានាដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តដែលមានព្រំប្រទល់ ជាប់គ្នា សំដៅគ្រប់គ្រងតំបន់ដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta) ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

ប្រគល់ភារកិច្ចជូនគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បី សម្របសម្រួលជាមួយបណ្តាខេត្តដែលត្រូវបានបិទខ្ទប់ និងខេត្តដែលមានការពាក់ព័ន្ធ ព្រមទាំងផ្តល់ការគាំទ ចាំបាច់នានា ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកប្រតិបត្តិការ សំដៅធានាឱ្យដំណើរការនៃការបិទខ្ទប់ប្រព្រឹត្តទៅ ដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

ដោយសារខេត្តដែលត្រូវបានបិទខ្ទប់ភាគច្រើន មានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃឡង់ដ៍ និង ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងខេត្តដែលត្រូវបានបិទខ្ទប់, ប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើទំនាក់ទំនងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្ន សម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាត របស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។ ទន្ទឹមនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការគ្នា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់ បណ្តាខេត្តកម្ពុជាដែលមានព្រំប្រទល់ ជាមួយព្រះរាជាណាចក្រថៃឡង់ដ៍ ព្រមទាំងសម្របសម្រួលជាមួយ នឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្ដល់ការគាំពារចាំបាច់នានា ដល់ពលករខ្មែររស់នៅព្រះរាជាណាចក្រថៃឡង់ដ៍ ក៏ដូចជាសម្របសម្រួលជាមួយពលករខ្មែរ រស់នៅព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានបំណងវិលត្រឡប់មក ព្រះរាជាណាចក្រកម្ពុជាវិញ ឱ្យពន្យារពេល នៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

បន្ថែមពីនេះ គណៈអភិបាលខេត្ត នៃខេត្តជាប់ព្រំប្រទល់ ជាមួយព្រះរាជាណាចក្រថៃឡង់ដ៍ ត្រូវបង្កើន កិច្ចសហការ និងការសម្របសម្រួល ជាមួយបណ្តាខេត្ត នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្ត នូវបណ្តាវិធានការខាងលើ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង