ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយ អនុវត្តនៅអាណត្តិក្រោយ

78

ភ្នំពេញ ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមផ្សេងទៀត ជាទុនយកមកអនុវត្តនៅអាណត្តិក្រោយៗទៀត។

   ពិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី២៧សីហា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រី តំណាងគណបក្សទាំង១៩ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៤០០នាក់។

លោកលុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងពីមោទនៈភាពចំពោះលទ្ធផលល្អប្រសើរនៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតនិងថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សំរាប់ការបោះឆ្នោតកន្លងមកនេះ។

   លោកលុន ឆេងកៃ មានប្រសាសន៏ថា ដើម្បីវាយតំលៃពីភាពត្រឹមត្រូវនៃការបោះឆ្នោតមួយ គឺគេចាំបាច់ត្រូវធ្វើការវិនិច្ឆ័យ និងវាយតំលៃទៅលើភាពត្រឹមត្រូវនៃការអនុវត្តមុខងាររបស់អ្នករៀបចំការបោះឆ្នោតទាំងក្នុងក្របខណ្ឌបច្ចេកទេសទាំងក្នុងក្របខណ្ឌច្បាប់ គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត។សន្តិបាតថ្ងៃនេះ ក៏ជាការដកពិសោធន៏លើភាពចន្លោះប្រហោងខ្លះៗជៀសមិនផុតក្នុងការរៀបចំការបោះឆ្នោតដើម្បីជាមូលដ្ឋានសំរាប់ការរៀបចំការបោះឆ្នោតនៅពេលក្រោយៗទៀត និងក្នុងគោលដៅដើម្បីប្រមូលធាតុចូលតាមរយៈ ការដាក់ឲ្យពិភាក្សារួមគ្នាក្នុងសន្តិបាតនេះដើម្បីស្វែងរកចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងពេលកំពុងប្រតិបត្តិលើការងារបោះឆ្នោតនេះ។

   ថ្លែងបិទសន្និបាតក្នុងព្រឹកថ្ងៃដដែលនេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។លោកអភិបាលបានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំង១៩ក្នុងចំណោមគណបក្សទាំង២០ដែលបានចូលរួមប្រកួតប្រជែងក្នុងរាជធានីភ្នំពេញទាំងការឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោតហើយដែលមិនបានបង្កការលំបាកដល់អាជ្ញាធរ និងបានបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយទាំងអស់ក្នុងការគោរពច្បាប់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ 

  នាឧិកាសនោះដែរ លោកឃួង ស្រេង បានប្រគល់បណ្ណ័សសើរ និងលិខិតសរសើរជាច្រើនសន្លឹក ជូនតំណាងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ មន្ត្រីរដ្ឋបាលរាជធានីអាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ដែលបានជួយសំរួល និងសហការក្នុងការរៀបចំការបោះឆ្នោតឲ្យដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរ និងសំរាប់ធ្វើជាបទពិសោធន៏សំរាប់ការរៀបចំការបោះឆ្នោតនាពេលខាងមុខទៀត៕

 

អត្ថបទដែលជាប់ទាក់ទង