ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្នំពេញបច្ចុប្បន្ន កំពុងក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្ម ដ៏សំខាន់សម្រាប់ អ្នកវិនិយោគបរទេស

110

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូ សហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក (TXCS) បានលើកឡើងថា៖ រាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ ក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ដែលមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹក។

ពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូ TXCS ខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងអាគារ City Hall កោះពេជ្រ កាលពីរាត្រីថ្ងៃអាទិត្យ ១៥កើតខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ និងមានការចូលរួមពីឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា, លោក លី សុងជាន ប្រធានគណៈប្រតិភូ សហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងសមាជិក គណៈប្រតិភូ TXCS ជាច្រើនរូប។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ច ជាមធ្យម ប្រមាណ៧ភាគរយជាប់ៗគ្នា ដែលនាំឲ្យចំណូលរបស់ប្រជាជន មានការកើន ឡើង និងមានជីវភាពកាន់តែធូធារ។ ដោយឡែករាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ក្លាយ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ដែលមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹក ។

លោកស្រី កិត្តិសង្គហបណ្ឌិត បានបន្ដទៀតថា៖ ជាក់ស្តែង យើងឃើញច្បាស់នឹងភ្នែកស្រាប់ មានរម្មណីយដ្ឋានសណ្ឋា គារ ភោជនីយដ្ឋាន ហាងលក់ទំនិញគ្រប់មុខ ផ្សារទំនើប សំណង់ធំៗ ជាពិសេសអគារខ្ពស់ៗ បុរីគេហដ្ឋានថ្មីៗ ជាច្រើនកំពុងតែត្រូវបានសាងសង់ និងរីកដុះដាលយ៉ាងឆាប់រហ័ស។ដោយរាជរដ្ឋាភិបាល មានគោលនយោបាយ ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកវិនិយោគបរទេសដោយគ្មានប្រកាន់ជាតិសាសន៍ និងកត្តាអំណោយផល ផ្សេងទៀត រួមទាំងការ លូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន។ ជាពិសេស ខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារពលករមានតម្លៃទាប និងច្បាប់វិនិយោគដែលអនុគ្រោះដល់ធុរកិច្ច ទើបកម្ពុជាកំពុងតែក្លាយជាគោលដៅថ្មីមួយគួរឲ្យចាប់អារម្មណ៍បំផុត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស។ នេះជាការគូសបញ្ជាក់ របស់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

លោកស្រី បានលើកឡើងទៀតថា៖ តាមរយៈទស្សនកិច្ចនាពេលនេះ សមាជិកនៃគណៈប្រតិភូ នឹងទទួលបានព័ត៌មានល្អៗ ឱកាសវិនិយោគថ្មីៗ និងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអាជីវករ កម្ពុជា ដើម្បីរកឃើញដៃគូធុរកិច្ច និងវិនិយោគ ក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម លើវិស័យដែលមានសក្កានុពលជាច្រើននៅកម្ពុជា ជាពិសេស វិស័យអចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ដថា៖ ម៉្យាងទៀត ខ្ញុំយល់ថាទស្សនកិច្ចនេះ ពិតជាទទួលបានផលប្រយោជន៍ច្រើន និងងាយស្រួល ដោយសារនៅម្ពុជាមានឧកញ៉ា និងអ្នកប្រកបរបរជំនួញជាច្រើននាក់ ដែលមានដើមកំណើត ជាខ្សែចិនទាជីវ ដែលអាចឲ្យប្រតិភូងាយស្រួលក្នុងការនិយាយ និងប្រាស្រ័យទាក់ទងគ្នា ៕

អត្ថបទដែលជាប់ទាក់ទង