ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃ និងភ្ញៀវ សរុប១០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ

29

ភ្នំពេញ ៖ ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃ​ចំនួន​ ២នាក់ និងភ្ញៀវចំនួន​ ៨នាក់​ សរុបចំនួន​ ១០នាក់​ (ស្រីម្នាក់)​ ដែលបើកហាង​ និងចូលទៅផឹកសើល្មើសនឹងបម្រាមគោចរ​ នៅសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១នេះ​ ។

គួររំលឹកថា យ៉ាងហោចណាស់មនុស្ស១៤នាក់(ស្រី០៥នាក់) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ក្រោមការដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនក្រោមបទល្មើសបម្រាមគោចរ ខណៈដែលពួកគេនាំគ្នាប្រមូលផ្តុំផឹកស៊ីនៅក្នុងហាងយីហោ(ផ្ទះឈើម្ហូបខ្មែរថៃ) ដែលមានទីតាំងស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹង២ ខណ្ឌមានជ័យ​ នៅយប់០៩និង០០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ក្រោយពីការឃាត់ខ្លួនមនុស្សទាំង១៤នាក់នោះ មាន ៤នាក់ (ស្រី) ជាបុគ្គលិក ត្រូវបានធ្វើការអប់រំ ដោយឡែកម្ចាស់ហាង និងភ្ញៀវ សរុប ១០ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់។

សូមជម្រាបថា គណៈបញ្ជាការឯកភាពខណ្ឌពេមានជ័យខណ្ឌ បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋានយីហោឈ្មោះ ផ្ទះឈើរម្ហូបខ្មែរថៃ ដែលល្មើសវិធានការសុខាភិបាល លួចបើកខុសនឹងបម្រាម របស់រដ្ឋបាលរាជធានីភ្នំពេញ។ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង ១០និង២០ នាទីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកស៊ីជួបជុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះ ផ្ទះឈើរម្ហូបខ្មែរថៃ មិនគោរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងល្មើសបម្រាមរបស់សាលារាជធានីភ្នំពេញ បាននាំគ្នាជួបជុំ និងប្រមូលផ្តុំគ្នាផឹកស៊ីខុសពី គោលការណ៍របស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌមានជ័យ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រី បានជាច្រើននាក់៕

អត្ថបទដែលជាប់ទាក់ទង