ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ទីតាំងផ្សារលក់ដូរទាំងអស់ នៅក្នុងមូលដ្ឋានខេត្ត រយៈពេល១សប្តាហ៍

89

 

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ទីតាំងផ្សារលក់ដូរទាំងអស់នៅក្នុងមូលដ្ឋានខេត្ត រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាល់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ ប្រភេទថ្មី Delta នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

បើតាមសេចក្តីសម្រេចនៅរសៀលថ្ងៃទី១២ ខែសីហានេះ បានបញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុង ស្រុក ដែលពាក់ព័ន្ធខាងលើត្រូវអនុវត្តរួមមាន៖

*ហ៊ុំព័ទ្ធ និងផ្អាកការចេញ-ចូលទីតាំងទាំងនេះ។
*កំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន នៅទីកន្លែងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរគ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយទៅមួយចន្លោះពី ៥ម៉ែត្រ ទៅ៧ម៉ែត្រ។ ក្នុងករណីការរៀបចំគម្លាតនេះពុំបាន គឺត្រូវផ្អាកដូចការលក់ដូរប្រភេទឥវ៉ាន់ ទំនិញផ្សេងៗទៀតដែរ។
*ចំពោះទីតាំងលក់ដូរកន្លែងណាមួយដែលបានកំណត់ឱ្យលក់ដូរជាបណ្តោះអាសន្ន ដូចចំណុចទី២ នៅតែមិនមានលក្ខណៈសមស្រប រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធខាងលើ ត្រូវចុះបិទទីតាំងលក់ដូរនេះភ្លាមៗ ដោយមិនរងចាំការសម្រេចពីរដ្ឋបាលខេត្តទេ។
*កំណត់ឱ្យអ្នកលក់ និងអ្នកទិញ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល និងមានទឹកអាល់កុល ឬជែល សម្អាតដៃជាប់ជាប្រចាំ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ ប្រភេទថ្មី ដែលតា (Delta) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនោះ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នទីផ្សារចំនួន៥៩ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង សម្រាប់រយៈពេល៧ ថ្ងៃបន្ដទៀត គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធត្រូវ ហ៊ំព័ទ្ធ និងផ្អាកការចេញ-ចូល ទីតាំងផ្សារទាំងនេះដោយកំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន សម្រាប់ការលក់ដូរគ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយទៅមួយ ចាប់ពី៥ម៉ែត្រ ទៅ៧ម៉ែត្រ ។

ក្នុងករណីរៀបចំគម្លាតនេះពុំបានទេ គឺត្រូវផ្អាក ដូចការលក់ដូរប្រភេទឥវ៉ាន់ទំនិញផ្សេងៗទៀតដែរ ហើយកំណត់ឱ្យអ្នកលក់ និងអ្នកទិញ ត្រូវតែពាក់ម៉ាសរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងបុគ្គល ដោយមានទឹកអាល់កុលឬជែល លាងសម្អាតដៃជាប់ជាប្រចាំ ។

លើសពីនេះទៀតនោះ ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងសុខាភិបាលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង