ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្លាប់ ដោយសាររន្ទះបាញ់ ពេលទៅចំការនៅខាងក្រោយផ្ទះ

47

សៀមរាប ៖ មានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្រ្តាក់ និងរន្ទះបាញ់មនុស្សស្លាប់ម្នាក់ នៅចំណុចត្រពាំងដំបូកខ្ពស់ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ជនរងគ្រោះ ឈ្មោះ ពង្ស ស៊ីវុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី ជនរងគ្រោះបានទៅចំការនៅខាងក្រោយផ្ទះ ចម្ងាប្រហែល៥០០ម៉ែត្រពីផ្ទះ ចំណែកប្រពន្ធធ្វើការនៅឯផ្ទះ។ លុះដល់ម៉ោង១៥និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយផ្គររន្ទះ នៅពេលនោះប្រពន្ធចេះតែឆ្ងល់ ភ្លៀងហើយមិនឃើញប្ដីត្រឡប់មកផ្ទះវិញ លុះដល់ពេលភ្លៀងរាំង នៅរលឹមស្រិចៗ ប្រពន្ធក៏បានឲ្យកូនស្រីទៅមើលប្ដីនៅឯចំការ ពេលកូនទៅដល់បានតេមកប្រាប់ថា ប៉ាស្លាប់បាត់ទៅហើយ ប្រពន្ធក៏បានរកសាច់ញតិជិតខាង ឲ្យទៅជួយមើលនិងលើកសពប្ដីយកមកផ្ទះ លុះដល់ម៉ោង២១និង០០ នាទីទើបបានរាយការណ៍ជូនសមត្ថកិច្ច។

តាមការធានាអះអាងពីសាច់ញាតិ បានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារន្ទះបាញ់ ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹង ករណីផ្សេងឡើយ ហើយក៏មិនបានដាក់ពាក្យបណ្ដឹង ទៅណានៅថ្ងៃក្រោយឡើយ។

តាមការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ឃើញថា ផ្នែកក្បាល ភ្នែក មាត់ ច្រមុះ ត្រចៀកខាងឆ្វេង ពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ ដោយឡែក ថ្ពាល់ និង ត្រចៀកខាងស្ដាំមានស្នាមខ្លោចជាំលើស្បែក។

ការពិនិត្យនៅកន្លែងកើតហេតុជាក់ស្ដែង មានស្នាមរបកសំបកដើមចំបក់ តាំងពីចុងរហូតដល់គល់ជាច្រើនកន្លែង និង មួកជនរងគ្រោះដែលនៅនិងកន្លែងកើតហេតុ មានស្នាមឆេះខ្លោចធ្លុះជាច្រើនប្រឡោះ។

ក្រោយការពិនិត្យរបស់សមត្ថកិច្ចជំនាញ ពុំពិនិត្យឃើញមានស្លាកស្នាមអ្វី គួឲ្យកត់សម្គាល់ថា ពាក់ព័ន្ធនិងករណីបទល្មើសព្រហ្មទណ្ឌឡើយ។ ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង