ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរជាង១០០នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជាវិញ បន្ទាប់ពីបានជាប់តាមព្រំដែនលើទឹកដីថៃ ក្នុងអំឡុងបិទព្រំដែនពីរសប្តាហ៍កន្លងទៅ

28

 

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ព្រំដែនកម្ពុជា-ថៃ​ បានបេីកដំណេីរការឡេីងវិញ ​បន្ទាប់ពីបិទព្រំដែនរយៈពេល១៤ថ្ងៃ និងមានពលករខ្មែរជាប់គាំងតាមព្រំដែនថៃ ត្រូវបានកងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន​ និងក្រុមគ្រូពេទ្យកំពុងទទួលពួកគាត់​ និងរៀបចំធ្វេីតេស្តរហ័សរកមេរោគកូវីដ-១៩ មុនបញ្ជូនទៅធ្វេីចត្តាឡីស័ក​។

ពលករខ្មែរប្រមាណ ១៤៧នាក់ មានក្មេងតូចៗផងនោះ ត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជាវិញហើយនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីបានជាប់តាមព្រំដែនលើទឹកដីថៃ ក្នុងអំឡុងបិទព្រំដែនពីរសប្តាហ៍កន្លងទៅ។

ក្នុងពេលកម្ពុជាបិទព្រំដែនពីរសប្តាហ៍កន្លងទៅនេះ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃជាបន្តបន្ទាប់។ ដោយសារវិធានការបិទព្រំដែន ដូច្នេះពួកគេក៏បានបោះតង់ស្នាក់នៅបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែនលើទឹកដីថៃ។

សូមបញ្ជាក់ថា ដោយមានបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ កម្លាំងអន្តរាគមន៍របស់កងពល បានកំពុងសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែ ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

លោកមេបញ្ជាការ កងពលបានគូសបញ្ជាក់ថា ក្រៅពីជួយសម្រួលពួកគាត់ ចូលមកទឹកដីខ្មែរ ត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ គឺបន្តឈរជើងរឹតបណ្តឹងបំពេញប្រតិបត្តិការ ល្បាត ទប់ស្កាត់ ការលួចឆ្លងដែន ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំឲ្យមានឆ្លងរាលដាលចូលក្នុងសហគមន៍ នូវមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។

ជាពិសេសសូមឲ្យកងកម្លាំងជួរមុខទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករ ដោយសារពលករមួយចំនួនដែលវិលត្រឡប់ មកពីប្រទេសថៃ អាចនិងមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងវិលចូលប្រទេសវិញតាមខេត្តបន្ទាយមានជ័យ កុំឱ្យលួចឆ្លងដែននៅតាមច្រករបៀង ត្រូវឆ្លងតាមច្រកដែលអាជ្ញាធររៀបចំ ដើម្បីតេស្តសុខភាព និងធ្វើចត្តាឡីស័ក ចៀសវាងការនាំមេរោគទៅគ្រួសារ និងឆ្លងរាលដាលក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង