ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មួយថ្ងៃ ក្រុមការងារទិញផ្លែមៀន និងតាង៉ែន ពីកសិករ ប្រមាណ៧៥តោន

32

 

បាត់ដំបង ៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារប្រមូលទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករប្រមាណ៧៥តោន។

លោក ស៊ុន ម៉េងហៃ ជំនួយការផ្ទាល់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងប្រាប់បណ្តាញព័ត៌មានថា ក្រោយមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានដឹកនាំក្រុមការងារដោយបញ្ជូនរថយន្តពី ២០ទៅ៣០គ្រឿង រង់ចាំទទួលទិញផ្លែមៀន និងតាង៉ែននៅទីតាំងតារាងបាល់ទាល់ ជិតសាលាភូមិភាគ ទីរួមខេត្តបាត់ដំបង។ បើតាមការបញ្ជាក់ពីលោក ស៊ុន ម៉េងហៃ នាយឧត្តមសេនីយ៍ នឹងដឹកនាំក្រុមការងារ ចុះទៅដល់ចំការផ្ទាល់តែម្តង ដើម្បីប្រមូលទិញពីក្រុមកសិករ ដែលជួបបញ្ហាខ្វះខាតទីផ្សារជាក់ស្តែង។

លោក ស៊ុន ម៉េងហៃ បានបញ្ជាក់ថា ពេញមួយថ្ងៃនេះ ក្រុមការងារក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត យើងបានទិញផ្លែមៀន និងតាង៉ែនពីបងប្អូនកសិករប្រមាណ៧៥តោន រួចហើយផ្លែឈើទាំងនេះ ត្រូវបានចែកជូនដល់យោធានៅតាមភូមិ អាវុធហត្ថ នគរបាល មន្ទីរពាក់ព័ន្ធរបស់សាលាខេត្ត និងក្រុមគ្រូពេទ្យជាដើម។

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នឹងអញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យ ស្ថានភាពផ្ទាល់នៅតាមចំការតែម្តង។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើបងប្អូនប្រជាកសិករ ខណៈពួកគាត់មិនទាន់មានទីផ្សារសម្រាប់ លក់ផលិតផលរបស់ពួកគាត់ ហេតុដូច្នេះសម្តេចតេជោ បានបញ្ជាមកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតជាបន្ទាន់ សម្រាប់ការដោះស្រាយរឿងនេះ៕

អត្ថបទដែលជាប់ទាក់ទង