ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន គាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុឆ្នាំ២០២៣

40

 

ភ្នំពេញ ៖ «ក្រសួងបរិស្ថាន គាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ខាងមុខនេះ » នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដែលឯកឧត្តម អនុញ្ញាតឲ្យ ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ នាទីស្តីការក្រសួង ។

ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការ កិច្ចចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ក៏បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកា ចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិអាកាសធាតុបៃតង(GCF)។

ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែម ទៅលើគម្រោង ODA ( Official Development Assistant) ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យផ្សេងៗ ជាមួយកម្ពុជា និងបានស្នើសុំឲ្យកម្ពុជា គាំទ្រផងដែរ ដល់ក្រុមហ៊ុនវិនិយោគកូរ៉េ ដែលមានបំណងមកដាំឬស្សី ក្នុងពេលឆាប់ៗនេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ ចំពោះការស្នើសុំដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និង កសិកម្ម ក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យកូរ៉េបន្តជំរុញបច្ចេកទេស លើវិស័យកសិកម្ម ដែលបន្សុីទៅនឹងការប្រែប្រួលអាកាសធាតុ ដូចពូជស្រូវ និង ពូជដំណាំជាដើម៕

     

អត្ថបទដែលជាប់ទាក់ទង