ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីប្រគល់កុដិ និងផ្ទះ កាកបាទក្រហមកម្ពុជា ជូនដល់ព្រះសង្ឃ និង តាយាយ ដែលមានព្រះជន្មពី៨៨ដល់១០៨ឆ្នាំនៅវត្តចាក់អង្រែលើ ខណ្ឌមានជ័យ

80

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគេន និងប្រគល់ កុដិថ្មី និង ផ្ទះថ្មី ចំនួន ០៣ខ្នងជាអំណោយរបស់កាកបាទក្រហមកម្ពុជាជូនព្រះភិក្ខុ កែវ ប៊ុន មានព្រះជន្ម ១០៨វស្សា ,លោកយាយ លី ង៉ូវ អាយុ៨៨ឆ្នាំ និងលោកតា ស្រី ព្រុំ អាយុ៨៤ឆ្នាំ ដែលធ្លាប់គង់-ស្នាក់នៅក្នុងកុដិ-ខ្ទមចាស់ទ្រុឌទ្រោម ស្ថិតនៅក្នុងវត្តចាក់អង្រែ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ជិន ប៊ុនធឿន នាយកសាខាកាកកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាតំណាង លោកឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូបទៀតបានចូលរួមផងដែរ ។
ថ្លែងក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះប្រគេន-ជូនចំពោះព្រះភិក្ខុ កែវ ប៊ុន និងលោកយាយលោកតា ទាំង ៣អង្គ/នាក់ និងសូមបួងសួងប្រគេន-ជូនព្រះភិក្ខុ លោកយាយ លោកតា មានសុខភាពល្អ ព្រះជន្មយឺនយូរ ដើម្បីជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែងតទៅ។

ក្នុងឱកាសនោះដែរព្រះភិក្ខុ កែវ ប៊ុន, លោកយាយ លី ង៉ូវ និងលោកតា ស្រី ព្រុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ទីកន្លែងរស់នៅយ៉ាងសមរម្យ ដោយមិននឹកស្មានថាមានថ្ងៃនេះទេ និងសូមប្រគេនពរ-ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងនៅជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាតរៀងទៅ។

កុដិ-ផ្ទះនីមួយៗចំណាយថវិកា ៥.៣៣៤ដុល្លារ (ប្រាំពាន់បីរយសាមសិបបួនដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសីភ្លីធំ មានបន្ទប់ទឹកមួយក្នុងកុដិ-ផ្ទះ រៀបឥដ្ឋចាក់ខឿនជុំវិញកុដិ-ផ្ទះ និងតភ្ជាប់បណ្តាញទឹក-ភ្លើង។

សូមបញ្ជាក់ថា៖ ទេយ្យវត្ថុ និងសម្ភារៈដែលបានប្រគេនព្រះភិក្ខុ កែវ ប៊ុន នូវ ៖
អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ទឹកផ្លែឈើ ២កេស, ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកដោះគោខាប់ ១កេស, អូវ៉ាន់ទីន ១កេស, ទឹកដោះគោប្រអប់ ២កេស, ស្ករស ១០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ ៣០កញ្ចប់, ឆ្នាំងបាយ-វែកបាយ ១ឈុត, ឆ្នាំងសម្ល-វែកសម្ល ១ឈុត, ខ្ទះ-វែកឆា ១ឈុត, ចង្ក្រានហ្គាស់ ១, កំសៀវទឹក ១, ចានដែកធំ ១, ថាសដែក ១, បំពង់ទឹកក្តៅ ១, ធុងទឹកកក ១, ធុងទឹក-ផ្តិលទឹក ១ឈុត, ជ្រុញ-កាំបិត ១ឈុត, ចានបាយ ១០, ចានសម្ល ៥, ស្លាបព្រា-សម ១០, និងថវិកា ៥០ម៉ឺនរៀល។
ដោយឡែក លោកយាយ និងលោកតា ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ទឹកផ្លែឈើ ២កេស, ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ ១០កេស, ម៉ាស់ ២ប្រអប់, អាល់កុល ៥លីត្រ, ស្ករស ១០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ ៣០កញ្ចប់, ឆ្នាំងបាយ-វែកបាយ ១ឈុត, ឆ្នាំងសម្ល-វែកសម្ល ១ឈុត, ខ្ទះ-វែកឆា ១ឈុត, ចង្ក្រានហ្គាស់ ១, កំសៀវទឹក ១, ចានដែកធំ ១, ថាសដែក ១, បំពង់ទឹកក្តៅ ១, ធុងទឹកកក ១, ធុងទឹក-ផ្តិលទឹក ១ឈុត, ជ្រុញ-កាំបិត ១ឈុត, ចានបាយ ១០, ចានសម្ល ៥, ស្លាបព្រា-សម ១០, និងថវិកា ៥០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង