ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន៣នាក់ ជួញដូរគ្រឿងញៀន

66

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ២ករណីផ្សេងៗគ្នា ។ ករណីនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ករណីទី១: នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:២០ នាទី ឃាត់ខ្លួនជនជាតិចិនចំនួន២ នាក់ នៅពេលកម្លាំងចម្រុះចុះត្រួតពិនិត្យ ឆែកអាវុធជាតិផ្ទុះ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់ លេខ៤ក្រុងព្រះសីហនុ​ ទី១-ឈ្មោះ YANG REN CHEN​ ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន)​​ និងទី២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ជាអ្នករួមដំណើរ​ កាន់លិខិតឆ្លងដែនលេខ G61047083​។ វត្ថុតាងដកហូតបាន មានម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ ( ១កញ្ចប់ធំ និង៤២កញ្ចប់តូច​ ) បំពង់សឺរ៉ាងមានពណ៌ក្រហមចំនួន ១៤ ទូរស័ព្ទចំនួន ១ គ្រឿង និង​ រថយន្ត ១គ្រឿង ម៉ាក LEXUS 330។

ករណីទី២: នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងជាង៣រសៀល ឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ CUI YAN FEI ភេទប្រុស អាយុ ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបរអាជីវករ ។ នគរបាលបានឃាត់ខ្លួនជនជាតិចិនរូបនេះ ពេលបានទៅយករថយន្ត នៅក្លឹបខារ៉ាអូខេ ស៊ីងតុងហ្វង (ទីតាំងដែលបានបង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៦សីហា២០១៨ ) ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ ដោយឆែកក្នុងរថយន្តនោះរកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៤ កញ្ចប់តូច កាហ្វេចំនួន២ កញ្ចប់ដែលសង្ស័យជាសារធាតុញៀន ជញ្ជីងថ្លឹងចំនួន១ ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង