ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះលែងទណ្ឌិត ចេញពីពន្ធធនាគារ ជាបុព្វសិទ្ធិរ​បស់សម្តេចតេជោ ក្នុងកិច្ចស្នើសុំព្រះរាជទានទោស ទៅព្រះមហាក្សត្រ

96


ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៨ តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានឆ្លើយតប និងសំណួររបស់អ្នកសារព័ត៌មាន និងប្រិយមិត្ត FBFs ដែលលោក ងឿងឆ្ងល់ ចំពោះការដោះលែងទណ្ឌិត ចេញពីពន្ធធនាគារ នៅក្នុងរូបភាពទ្រង់ទ្រាយធំនេះ ។

លោក អ្នកនាំពាក្យ បានបរិយាថា គឺអាស្រ័យលើមូលដ្ឋាន៖ ១) អំណាចរបស់នាយករដ្ឋមន្រ្តី តែមួយគត់ ដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញ គឺមានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មួយរូបគត់ ដែលមាន បុព្វសិទ្ធិ ក្នុងកិច្ចស្នើសុំព្រះរាជទានទោស ទៅព្រះមហាក្សត្រ។ ២) ផ្អែកទៅលើអំណាចរដ្ឋ និងការថ្លឹងថ្លែង នៃដំណើរការរដ្ឋ ដែលរាជរដ្ឋាភិបាលយល់ឃើញថា ស្ថានភាព សណ្ដាប់ធ្នាប់សាធារណៈ សន្តិភាព និងស្ថេរភាព នៅក្នុងការគ្រប់គ្រង ដែលជាការទទួលខុសត្រូវផ្តាច់មុខ របស់រាជរដ្ឋាភិបាល ស្ថិតនៅក្នុងការគ្រប់គ្រង និងរក្សាប្រក្រតីភាព របស់នីតិរដ្ឋ។ ៣) ផ្អែកទៅលើមូលដ្ឋានគុណធម៌ និងសីលធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានស្នើសុំទៅព្រះមហាក្សត្រ ដើម្បីព្រះរាជទានទោស។ ហើយជាទម្លាប់ទណ្ឌិត ត្រូវបានព្រះរាជទានទោស តាមសំណើររបស់នាយករដ្ឋមន្រ្តី ដែលចេញពីការផ្តល់យោបល់ របស់គណៈកម្មការវាយតម្លៃ ទៅលើគុណសម្បត្តិរបស់ទណ្ឌិតទាំងអស់នោះ ហើយតែងតែធ្វើឡើង នៅក្នុងពិធីបុណ្យប្រពៃណីជាតិ។

លោកផៃ ស៊ីផាន បានបន្ថែមថា កំណត់សម្គាល់ ប្រធានបក្សខ្លារខិនខ្មៅ (Black panther party ) ដែលប្រឆាំងនិងនីតិរដ្ឋ នៅសហរដ្ឋអាមេរិក មិនទទួលបានការលើកលែងទោស អស់រយៈពេលជាង៤០ឆ្នាំហើយ ហើយក៏គ្មានអង្គការសិទ្ធិមនុស្សណា ដែលយកចិត្តទុកដាក់ និងមេបក្សប្រឆាំងរូបនោះ ទោះសហរដ្ឋ មានសន្តិភាព ស្ថេរភាព និងនីតិរដ្ឋ រឹងមាំ យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តាមរយៈការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានលើកលែងទោស ដល់ទណ្ឌិត នយោបាយ សកម្មជនដីធ្លី ជិត២០នាក់ ឲ្យមានសិទ្ធិសេរីភាពវិញ៕

អត្ថបទដែលជាប់ទាក់ទង