ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ នយោបាយថ្មីរបស់គណបក្សប្រជាជនកម្ពុជា អាណត្តិទី៦ ឬអច្ឆរិយៈនៃហ៊ុន សែន?

318

ភ្នំពេញ៖លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរដ្ឋសភាទាំងអស់ ទាំង ១២៥ អាសនៈ។ គឺជាការឈ្នះឆ្នោតលើសលប់ ដែលគណបក្សប្រជាជនកម្ពុជា មិនដែលទទួលបានសោះ ក្នុងការបោះឆ្នោត តាំងពីអាណត្តិទី១ នៅឆ្នាំ១៩៩៣។
ក្រោយការបោះឆ្នោត គេឃើញស្ថានភាពនយោបាយ មានការផ្លាស់ប្ដូរ ១៨០ អង្សារ ដែលធ្វើឱ្យបរទេស មានការភ្ញាក់ផ្អើល ឈានទៅរកការប្រែប្រួលជំហរប្រឆាំងគណបក្សប្រជាជនកម្ពុជា មកជានៅស្ងៀម អាចមកគាំទ្រវិញនូវនយោបាយថ្មី ឬអច្ឆរិយៈថ្មីនៃហ៊ុនសែន។
ក្រោយប្រកាសលទ្ធផលបោះឆ្នោត សម្ដេចតេជោ បានប្រកាសបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយមានគណបក្សនយោបាយ ១៦ ចូលរួម និងគាំទ្រ។ ទី២ មានការដោះលែងអ្នកនយោបាយ អ្នកវិភាគព័ត៌មាន អ្នកសារព័ត៌មានឆ្វេងនិយម និងសកម្មជនដីធ្លី ចេញពីពន្ធនាគារជាបន្តបន្ទាប់។ល។
ការដោះលែងអ្នកទោសទាំងនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសរួចហើយថា មិនមែនមកពីការគាបសង្កត់ពីបរទេសអ្វីទេ។ ម្យ៉ាងទៀត ការដោះលែងអ្នកនយោបាយ ជាប់ទោស និងសកម្មជនដីធ្លី ជាដើម សុទ្ធតែធ្វើឡើង ដោយបុគ្គលអ្នកជាប់ពន្ធនាគារ ដូចជា អ្នកស្រីទេពវន្នី លោកសួនសេរីរដ្ឋា លោកអ៊ុំសំអាន ព្រមទាំងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ១១រូប ដឹកនាំដោយលោកមាជសុវណ្ណារ៉ា សុទ្ធតែបានសរសេរលិខិតជូនសម្តេចតេជោ ហ៊ុនសែន ដើម្បីស្នើសុំអន្តរាគមន៍ពីសម្តេច ទូលស្នើសុំព្រះមហាក្សត្រ លើកលែងទោស។
ដោយចិត្តសន្តោសប្រណី ហើយបុគ្គលអ្នកជាប់ពន្ធនាគារ បានសារភាពកំហុសផងនោះ ទើបសម្តេចតេជោហ៊ុនសែន បានធ្វើលិខិតជាបន្តបន្ទាប់ ថ្វាយព្រះករុណា ព្រះមហាក្សត្រ ដើម្បីស្នើសុំព្រះអង្គ លើកលែងទោសដល់អ្នកទាំងនោះ។
ការដោះលែងសកម្មជនដីធ្លី អតីតអ្នកកាសែត រួមទាំងអ្នកនយោបាយជាបន្តបន្ទាប់នេះ ក៏ត្រូវបានស្វាគមន៍ដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងទូតអាមេរិក ប្រចាំកម្ពុជា។ ពោលគឺទូតមហាអំណាចដ៏ធំទាំងពីរ បានស្វាគមន៍នូវចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រោយការបោះឆ្នោត។
ចំណុចសំខាន់មួយទៀត នៅក្រោយការបោះឆ្នោត អតីតគណបក្សប្រឆាំង ក៏មានចលនាចង់ប្ដូរមេបក្ស ពោលគឺប្តូរលោកសមរង្ស៊ី ហើយដាក់ឈាមថ្មី គឺកូនស្រីលោកកឹមសុខា ដឹកនាំជំនួសវិញ។
សរុបមក នៅអាណត្តិទី៦នេះ គឺជាអច្ឆរិយៈ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត និងទទួលបានទាំង ១២៥ អាសនៈ នៅរដ្ឋសភា។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តសណ្តោសប្រណីដល់អ្នកជាប់ពន្ធនាគារ មិនថា សកម្មជនដីធ្លី ឬក៏អ្នកនយោបាយទេ គឺសម្តេច ទូលស្នើព្រះមហាក្សត្រ លើកលែងទោស ដើម្បីឲ្យពួកគេ បានចេញពីពន្ធនាគារ ជួបជុំក្រុមគ្រួសារឡើងវិញជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង