ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរកម្ពុជា កំពុងចាត់វិធានការ ចំពោះក្រុមហ៊ុននាំចូលគុយទាវកញ្ចប់បន្លំយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងលក់ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក

85

 

ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងចាត់វិធានការលើក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ ដែលបានយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» បន្លំដាក់លើផលិតផលគុយទាវរបស់ពួកគេ ហើយកំពុងដាក់លក់នៅសហរដ្ឋមអាមេរិក។ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋមេរិក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុង ស្នាក់នៅសហរដ្ឋអាមេរិក មេត្តាឈប់ជាវយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋមេរិក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ថ្មីៗនេះស្ថានទូតបានរកឃើញករណីចែកចាយ នៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់ មានការប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។

ស្ថានទូតកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំ អំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។

សេចក្តីប្រកាសព័ត៌មានដដែលបានសង្កាត់ធ្ងន់ថា «ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំ
ដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះ ដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះ ឱ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្ត ក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង»។

ទន្ទឹមនឹងនេះដែរ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុង ស្នាក់នៅសហរដ្ឋអាមេរិក មេត្តាឈប់ជាវយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងមេត្តាជូនដំណឹង មកស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផលណាដែល មានប្រើប្រាស់រូបសញ្ញាដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានាក្នុងសហរដ្ឋអាមេរិកដើម្បី ស្ថានទូតអាចរៀបចំនីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ផលិតផលក្លែងបន្លំនេះបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង