ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាស្តង់ដារជាតិ​ សម្រេចអនុម័ត ស្តង់ដារអន្តរជាតិ មកធ្វេីជាស្តង់ដារជាតិ ​បាន​ចំនួន​២០​ស្តង់​ដារ​ថែមទៀត​

61

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ខែសីហា​ ឆ្នាំ២០២១នៅទីស្តីការ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំលើក​ទី២៤របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស​​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ​ ។

កិច្ច​ប្រជុំនេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក ​ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខា​ធិការ​ដ្ឋានរបស់ក្រុមប្រឹក្សាស្ដង់ដារជាតិ ។

ឆ្លងកាត់កិច្ចពិភាក្សាយ៉ាងផុលផុសទាំងកំរិតបច្ចេក​ទេស​ ការរផ្តល់ធាតុចូល​និងកំណែអក្ខរាវិរុទ្ធ​ ដែល​បានបកប្រែពីភាសាបច្ចេកទេស​ក្នុងចំណោមគណៈកម្មការបច្ចេកទេសចំនួន៨​ ដែលមានការពាក់ព័ន្ធ​ អង្គប្រជុំ​ បានសម្រេចយកស្តង់ដារ​ ISO,IEC និងស្តង់ដារ​ UNECE Regulation ចំនួន​២០បន្ថែម​ទៀត​មកអនុវត្តជាស្តង់ដារជាតិ​ គឺ៖

ក-ផ្នែកស្តង់ដារ​សំណង់​ និងសម្ភារៈសំណង់ចំនួន៣ស្តង់ដារ​ រួមមាន៖១-បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធសម្រាប់បំពង់បង្ហូរទឹក​ និងបណ្តាញ​លូទឹកស្អុយ​សាងសង់​បង្កប់ក្រោមដី​ -២បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត​ និងសម្រាប់​បំពង់បង្ហូរទឹក​និងលូទឹកស្អុយ​ ប៉ូលីអេទីឡែន​(PE)-៣បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាតនិងសម្រាប់បំពង់បង្ហូរទឹក​និងលូទឹកស្អុPE។

ខ-ផ្នែកស្តង់ដារសារធាតុ​និងផលិតផល​គីមី​ចំនួន​២ស្តង់​ដារ​រួមមាន៖១-ការ៉ុងប៉ូលីប្រូពីឡែន​សម្រាប់​វេចខ្ចប់ម្ហូបអាហារ​ ២-ស្តង់ដារ​បរិយាកាស​សម្រាប់​ជាលក្ខខណ្ឌនិងការធ្វេីតេស្តផ្លាស្ទិក​។

គ-ផ្នែកស្តង់ដារ​ប្រព័ន្ធ​គ្រប់គ្រង​ ចំនួន២ស្តង់ដារ​ ១-កម្មវីធី​ត្រៀម​ទុក​ជា​មុន​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ទាក់ទង​នឹង​ការ​ដឹកជញ្ជូន​និង​ស្តុក​២-កម្មវីធី​ត្រៀម​ទុក​ជា​មុនស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ទាក់ទង​នឹង​ផលិតកម្ម​ចំណី​សត្វ​ និង​អាហារ​សត្វ​ ,ផលិតកម្ម​ចំណី​សត្វ​ និងអាហារសត្វចិញ្ចឹម​,និងផលិតកម្មចំណីសត្វ​ ។

ឃ-ផ្នែកស្តង់ដារ​ផលិតផល​អគ្គិសនី​និង​អេឡិចត្រូនិក​ ចំនួន៤ស្តង់ដារ​១-បរិក្ខា​អគ្គិសនី​ប្រើប្រាស់​ក្នុង​លំនៅដ្ឋាន​ និង​បរិក្ខារ​អគ្គិសនី​ស្រដៀងគ្នា​ ដែលអាចធ្វេីឲ្យ​ប៉ះពាល់​ស្បែក​ដោយសារ​សាយភាយ​កាំរស្មី​វិទ្យុសកម្ម​ ២-បរិក្ខា​អគ្គិសនី​ប្រើប្រាស់​ក្នុង​លំនៅដ្ឋាន​ និង​បរិក្ខារ​អគ្គិសនី​ស្រដៀងគ្នា​ សម្រាប់​សុវត្ថិភាព​ឆ្នាំង​អគ្គិសនី​ក្នុង​វិស័យ​ពាណិជ្ជកម្ម​៣-បរិក្ខា​អគ្គិសនី​ប្រើប្រាស់​ក្នុង​លំនៅដ្ឋាន​ និង​បរិក្ខារ​អគ្គិសនី​ស្រដៀងគ្នា​ សម្រាប់​សុវត្ថិភាព​បរិក្ខា​អគ្គិសនី​អាំង​សាច់​ និងនំបុ័ង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​៤-បរិក្ខា​អគ្គិសនី​ប្រើប្រាស់​ក្នុង​លំនៅដ្ឋាន​ និង​បរិក្ខារ​អគ្គិសនី​ស្រដៀងគ្នា​ ពាក់​ព័ន្ធ​សុវត្ថិភាព​ បរិក្ខា​អគ្គិសនី​កំដៅ​ម្ហូបអាហារ​និង​ឧបករណ៍​ដាក់ម្ហូបអាហារ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។​

ង- ផ្នែក​ផលិតផល​ស្តង់ដារ​កៅស៊ូ​ចំនួន​៣​ស្តង់ដារ​ សម្រាប់​យានយន្ត​ផ្លូវគោក១-​សំដៅ​ទៅលេីគម្របកៅស៊ូ​សម្រាប់​សុីឡាំង(កំប៉ែន​)ហ្រ្វាំង​អុីត្រូលិកប្រភេទតំបួ​រ​ប្រេីប្រាស់​ប្រេង​ហ្វ្រាំង​សំយោគ​២-​សំដៅ​ទៅលេី​ពែង​និង​រ៉ង​កៅស៊ូ​សម្រាប់​សុីឡាំង(កំប៉ែន​)នៃប្រព័ន្ធ​ហ្រ្វាំង​អុីត្រូលិកប្រេីប្រាស់​ប្រេង​ហ្វ្រាំង​សំយោគ​ ៣-ទាក់ទង​នឹង​រ៉ង​កៅស៊ូ​សម្រាប់​សុីឡាំង​នៃ​ហ្វ្រាំង​អុីត្រូលិកប្រភេទឌីស​ប្រេីប្រាស់​ប្រេង​ហ្វ្រាំង​សំយោគ​ ។

ច-ផ្នែក​ស្តង់ដារ​យានយន្ត​ចំនួន​២ស្តង់ដារ​ ១-បទប្បញ្ញត្តិ​រួម​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អនុលោម​ភាព​យានយន្ត​ដែល​ទាក់ទង​នឹង​តម្រូវការ​ជាក់លាក់​សម្រាប់​ឧបករណ៍​អូសទាញ​ដោយប្រេី​ថាមពល​អគ្គិសនី​ ២-បទប្បញ្ញត្តិ​រួម​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អនុលោម​ភាព​យានយន្ត​នៃប្រភេទ​ Lទាក់ទងនឹង​ឧបករណ៍​អូសទាញ​ដោយប្រេី​ថាមពល​អគ្គិសនី​ ។

ឆ-ផ្នែក​ផលិតផល​គ្រឿង​សម្អាង​ចំនួន​២ស្តង់ដារ​ ១-ការកំណត់​រកអតិសុខុមប្រាណក្នុង​គ្រឿង​សម្អាង​២-ការវាយតម្លៃ​អំពី​ការ​ការពារ​ប្រឆាំងនឹង​អតិសុខុមប្រាណ​នៃផលិតផល​គ្រឿង​សម្អាង​ ។

ជ-ផ្នែក​ស្តង់ដារ​ឌីជីថល​ចំនួន​២ស្តង់ដារ​ ១-បច្ចេកទេស​សន្តិសុខ​ផ្នែក​បន្ថែម​ISO/IEC27001 និង​ISO/IEC27002​ សម្រាប់​ការ​គ្រប់គ្រង​ឯកជនភាព​ តម្រូវការ​ និងគោលការណ៍ណែនាំ​២-បច្ចេកវិទ្យា​ព័ត៌មាន​ ,សន្តិសុខ​សាយប័រ​(Cyber),ទិដ្ឋភាព​ទូទៅ​ និងទស្សនទាន​ ។

មានប្រសាសន៍​បិទ​អង្គប្រជុំ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានថ្លែងការ​កោតសរសើរ​ចំពោះ​គណៈកម្មការ​បច្ចេកទេស​ទាំង​អស់​ដែល​បានខិតខំស្រាវជ្រាវបកប្រែស្តង់ដារអន្តរជាតិយកមកធ្វេីជាស្តង់ដាជាតិបានជាច្រេីន​ ​ជាពិសេសទោះស្ថិតក្នុងវិបត្តិកូវីដ១៩​ក៏ដោយ​ ដែលរហូតមកដល់ពេលនេះយេីងសរុបបានស្តង់ដារជាតិបានចំនួន៩៨៨​ហេីយ​ ។
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ បានសង្កត់ធ្ងន់ថា៖ការ​សម្រេចយកស្តង់ដារអន្តរជាតិ​មកធ្វើ​ជា​ស្តង់ដារ​ជាតិ​នេះ​ មិនមែន​យេីងចេះតែអនុម័តហេីយទុកចោលទេ​ តែគឺជាតម្រូវការពិតប្រាកដ​ ក្នុងការអនុវត្តដេីម្បីផលប្រយោជន៍សេដ្ឋកិច្ច​ ការធ្វើ​ពាណិជ្ជកម្ម​ កិច្ចការពារសុវត្ថិភាព​ និងការទាក់ទាញការវិនិយោគ​ដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ន​និងអនាគត ។

ជាក់ស្តែង​ដូចជា​ស្តង់ដារ​យានយន្ត​ប្រេីថាមពលអគ្គិសនី​ និងស្តង់ដារ​ឌីជីថល​ ជាដេីម​ គឺជាតម្រូវការចាំបាច់ចាប់ពីពេលនេះ​ រហូត​ទៅអនាគត​ ។ និងសូមស្វែងយល់ថា​ ទោះ​បី​យេីងមានច្រកទីផ្សារនាំចេញក្នុងគោលដៅច្រេីនប្រទេសយ៉ាងណាក៏ដោយ​ តែបេី​ផលិតផល​របស់យេីងគ្មានស្តង់ដារទេ​ ទំនិញរបស់​យេីងក៏មិនអាចលក់ដូរ​ឬ​ធ្វេីការ​នាំចេញ​ ក្នុងឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​បានដែរ ។

ដូច្នេះ​ ឯកឧត្ដម​កិត្តិសេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានស្នេីឲ្យ​គណៈកម្មការ​បច្ចេកទេស​ទាំង​អស់​ខិតខំ​ច្បិច​យកស្តង់ដារអន្តរជាតិ​សំខាន់ៗ​ និង​ចាំ​បាច់​ចំពោះ​មុខ​ និងអនាគត​មកធ្វេីជាស្តង់ដារ​ជាតិ​ឲ្យបានច្រើន​ថែមទៀត​ ដេីម្បីជាមូលដ្ឋានបម្រេីឲ្យផលប្រយោជន៍សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ ៕

  

អត្ថបទដែលជាប់ទាក់ទង